ក្រសួងសុខាភិបាលជប៉ុន បានអនុម័តការប្រើប្រាស់ថ្នាំ Dexamethasone ដែលជាថ្នាំអរម៉ូនមានតម្លៃថោកសម្រាប់ការព្យាបាលជំងឺ COVID-19 ក្រោយពេលការធ្វើតេស្តនៅអង់គ្លេសបានបង្ហាញថា ថ្នាំនោះកាត់បន្ថយអត្រាស្លាប់របស់អ្នកជំងឺ COVID-19 នៅក្នុងមន្ទីរពេទ្យ។
ក្រសួងបានដាក់បញ្ជូលថ្នាំ Dexamethasone ជាជំរើសសម្រាប់ព្យាបាល COVID-19 ជាមួយនឹងថ្នាំ Remdesivir នៅក្នុងវិសោធនកម្មលើសៀវភៅរបស់ខ្លួន។
នៅក្នុងលទ្ធផលដែលប្រកាសកាលពីខែមុន ការសាកល្បងដោយអ្នកស្រាវជ្រាវនៅក្នុងចក្រភពអង់គ្លេសបានបង្ហាញថា ថ្នាំ Dexamethasone ជាថ្នាំលើកដំបូងក្នុងការជួយជីវិតអ្នកជំងឺ COVID-19 ដែលអ្នកវិទ្យាសាស្ត្រនិយាយថាជាការរកឃើញដ៏សំខាន់ក្នុងការឆ្លងរាតត្បាតវីរុសកូរ៉ូណា។
Dexamethasone ជាប្រភេទថ្នាំប្រឆាំងនឹងការរលាក ហើយជាទូទៅវាត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលអាការៈដូចជា រលាកសន្លាក់ ប្រតិកម្មអាឡែកហ្សី ជំងឺស្បែក និងភ្នែក និងចំពោះការមានបញ្ហាដកដង្ហើម។
ថ្នាំនោះវាជួយដល់ការឆ្លើយតបការពារជាធម្មជាតិរបស់ខ្លួនមនុស្ស និងជួយកាត់បន្ថយរោគសញ្ញាដូចជា ការហើម និងប្រតិកម្មអាឡែកហ្សីផ្សេងៗ។
ក្រុមហ៊ុនជប៉ុន Nichi-Iko Pharmaceutical ស្ថិតក្នុងចំណោមក្រុមហ៊ុន ដែលបានផលិតថ្នាំនោះ។
សូមរំលឹកថា កាលពីខែមុន អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ថ្នាំ Dexamethasone គួរតែប្រើសម្រាប់ករណី COVID-19 ធ្ងន់ធ្ងរប៉ុណ្ណោះ។
វេជ្ជបណ្ឌិតមួយចំនួនមានការប្រុងប្រយ័ត្ន ដោយលើកឡើងពីផលប៉ះពាល់ និងស្នើសុំមើលទិន្នន័យបន្ថែមក្រោយពេលមានការសាកល្បងនៅចក្រភពអង់គ្លេស។
ប្រធានកម្មវិធីគ្រោះអាសន្នរបស់ WHO លោកវេជ្ជបណ្ឌិត Mike Ryan បាននិយាយថា ថ្នាំនោះគួរតែត្រូវប្រើប្រាស់សម្រាប់ករណីធ្ងន់ធ្ងរប៉ុណ្ណោះ ដែលវាបានបង្ហាញថាមានការជួយបាន៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters