ភ្នំពេញ៖ យោងតាមរបាយការណ៍បានឲ្យដឹងថា មកទល់ពេលនេះក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានចេញប័ណ្ណកម្មសិទ្ធិលើដីរដ្ឋបានចំនួន ២.១១៨ ប័ណ្ណ ស្មើនឹង 87ម៉ឺនហិកតាដែលក្នុងនោះដី
សម្បទានសេដ្ឋកិច្ចមាន ២.០១១បណ្ណស្មើនឹង 74ម៉ឺនហិកតានិងដីរដ្ឋផ្សេងៗទៀតបាន107ប័ណ្ណស្មើនឹង13ម៉ឺនហិកតា។ ដោយឡែកនៅខេត្តមណ្ឌលគិរី ក្រសួងបានចេញប័ណ្ណកម្មសិទ្ធិលើដីរដ្ឋបានចំនួន167
ប័ណ្ណទំហំប្រមាណ15ម៉ឺនហិកតា។
មកទល់ខែកក្កដាឆ្នាំ២០២០ ការងារចុះបញ្ជីដីធ្លីនៅខេត្តមណ្ឌលគិរី ទទួលបានលទ្ធផលដូចជា46ភូមិ ត្រូវបានចុះបញ្ជីនិងចេញប័ណ្ណកម្មសិទ្ធិរួចរាល់លើផ្ទៃដីទំហំ191ពាន់18ហិកតាស្មើនឹង24218ប័ណ្ណ ក្នុងនោះការចុះបញ្ជីដីជូនប្រជាពលរដ្ឋលើផ្ទៃដីទំហំប្រមាណ39226ហិកតាស្មើនឹង23755ប័ណ្ណ ចុះបញ្ជីដីរដ្ឋទំហំប្រមាណ145ពាន់633ហិកតាស្មើនឹង167ប័ណ្ណ ដីសហគមន៍ជនជាតិដើមភាគតិច ចុះបញ្ជីបាន7សហគមន៍លើផ្ទៃដីទំហំ6156ហិកតាស្មើនឹង278ប័ណ្ណ និងមាន10ភូមិកំពុងដំណើរការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ ចំពោះដីសហគមន៍ជនជាតិដើមភាគតិច ចំនួន6សហគមន៍ដែលកំពុងដំណើរការ និងបានបញ្ចប់ការបិទផ្សាយជាសាធារណៈរួចរាល់។ ការដោះស្រាយវិវាទដីធ្លីគឺដោះស្រាយបាន22ករណី និងកំពុងបន្តដោះស្រាយចំនួន38ករណី។
ថ្លែងក្នុងកិច្ចប្រជុំស្តីពីអំពីការងារចុះបញ្ជីដីរដ្ឋ ចុះបញ្ជីដីឯកជនរបស់ប្រជាពលរដ្ឋ ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី ការកាត់ឆ្វៀលដី និងការរៀបចំផែនការប្រើប្រាស់ដី ខេត្តមណ្ឌលគិរី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២២ ខែកក្កដានេះ បានឲ្យដឹងថា ការរៀបចំកិច្ចប្រជុំអន្តរក្រសួងនាពេលនេះ គឺក្នុងគោលបំណងដើម្បីជជែកពិភាក្សាពីការងារចុះបញ្ជីដីរដ្ឋ ចុះបញ្ជីដីឯកជនរបស់ប្រជាពលរដ្ឋ ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី ការកាត់ឆ្វៀលដី និងការរៀបចំផែនការប្រើប្រាស់ដី ក្នុងខេត្តមណ្ឌលគិរី ។
តាមរយៈការជួបជុំគ្នាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនាពេលនេះដែរ ឯកឧត្តមបានថ្លែងអំណរគុណដល់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងសហការីដែលបានសហការ និងផ្តល់ការគាំទ្រទៅវិញទៅមកចំពោះទិសដៅ ស្ថានភាពនិងសកម្មភាព ក្នុងការទទួលខុសត្រូវបំពេញភារកិច្ចស្របតាមជំនាញរៀងៗខ្លួនបានយ៉ាងល្អប្រសើរ ។
ក្រសួងបានបង្កើតគណៈកម្មការគាំទ្រការចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច ដោះស្រាយវិវាទដីធ្លីនិងរៀបចំផែនការប្រើប្រាស់ដី នៅខេត្តមណ្ឌលគិរីដែលមានសមាសភាពសរុប313រូប ចែកចេញជា4អនុគណៈកម្មការ និងក្រុមការងារចុះបញ្ជីដីមាន12ក្រុមស្មើនឹង225រូប។
ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានសហការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងបរិស្ថាន អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងអាជ្ញាធរខេត្តមណ្ឌលគិរី ចាត់ចែងពន្លឿនការងារចុះបញ្ជីដីរដ្ឋ ការដោះស្រាយវិវាទដីធ្លីនិង ការរៀបចំផែនការប្រើប្រាស់ដី នៅខេត្តមណ្ឌលគិរី។ គណៈកម្មការនេះនឹងចុះបំពេញការងារ ចាប់ពីថ្ងៃទី28ខែកក្កដាឆ្នាំ2020 ដើម្បីជំរុញពន្លឿនការងារចុះបញ្ជីដីរដ្ឋ ចុះបញ្ជីដីឯកជនរបស់ប្រជាពលរដ្ឋ ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ដោះស្រាយវិវាទដីធ្លីនិងរៀបចំផែនការប្រើប្រាស់ដី នៅខេត្តមណ្ឌលគិរី ដែលនៅសេសសល់ក្នុងភូមិទាំង46ដែលបានចុះបញ្ជីរួច ភូមិចំនួន10ដែលកំពុងដំណើរការ ចុះបញ្ជីនិងដំណើរការចុះបញ្ជីក្នុងភូមិចំនួន36ផ្សេងទៀតផងដែរ៕
ដោយ៖CEN