ភ្នំពេញ ៖ បុរសម្នាក់បានរៀបរាប់ទាំងហួសចិត្តថា ខំអាណិតមិត្តភក្តិអត់លុយចាយ និងអត់កន្លែងដេក ខំចេញលុយបើកបន្ទប់ផ្ទះសំណាក់ឲ្យដេកជាមួយគ្នា ដឹងអីពេលដែលភ្ញាក់មកបាត់ទាំងម៉ូតូបាត់ទាំងលុយ។
ហេតុការណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ១១ និង៤០ នាទីយប់ ថ្ងៃពុធទី២២ ខែកក្កដា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវ ២០១២ ត្រង់ចំណុចរោងចក្រទឹកកក ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យ ស្នាក់នៅភូមិ ឃុំជាមួយ និងជនរងគ្រោះត្រូវជាមិត្តភក្តិ នៅខាងក្រោយសាលាជម្ពូវន្ត សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមការរៀបរាប់ដ៏កម្សត់របស់ជនរងគ្រោះ ត្រូវជាមិត្តបានបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យដែលត្រូវជាមិត្ត និងបានលេងល្បែងចាញ់អស់លុយ ហើយខ្លួនក៏បានចេញលុយឲ្យលេងទៀតដឹងថាមិត្តអត់លុយ ស្រាប់តែថ្ងៃមួយក្រោមមក ជនសង្ស័យមកប្រាប់ទៅមិត្តថាគ្នាអស់លុយចាយហើយ និងអត់កន្លែងដេកទៀត គ្រាន់តែឮសូអញ្ចឹងជនរងគ្រោះដែលជាមិត្ត បានទៅកក់បន្ទប់ផ្ទះសំណាក់ឲ្យដេក២ នាក់ ដឹងអីថាជាល្បិចរបស់ជនសង្ស័យសោះ ពេលដែលដេកលក់ ជនសង្ស័យបានលួចយកសោម៉ូតូនិងលុយ រួមមានទូរស័ព្ទ ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
ដោយដឹងថាមិត្តភក្តិបានលួចម៉ូតូ ម៉ាកហុងដា ទ្រីមសង់ ស៊េរី ២០២០ពណ៏ខ្មៅយកទៅលក់ខ្លួនក៏ព្យាយាមតាមរយៈពេលជិត ២ ខែ ក៏តាមឃាត់បានត្រង់ចំណុចកន្លែងលេងអ៊ីនធឺណិតមួយកន្លែង តាមបណ្តោយផ្លូវ ២០១២ រួចក៏ប្រគល់ជូនសមត្ថកិច្ចយកទៅប៉ុស្តិ៍។
ក្រោយពេលឃាត់ខ្លួនបាន សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចបានយកខ្នោះវាយហើយដឹកជនសង្ស័យទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូបែកក្អម ដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ដោយ៖ សា មេត