ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោក បានបើករថយន្តហាយឡែនឌ័រ មិនប្រយ័ត្នជ្រុលទៅបុករថយន្តឡង់គ្រីស័រ កំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។ ហេតុការណ៍នេះដែរ កើតឡើងនៅវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមសម្ដីសន្តិសុខដែលប្រចាំការ ក្នុងការដ្ឋានក្បែរកន្លែងកើតហេតុ បានបង្ហើបឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក ឡង់គ្រីស័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AM-0909 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាក តូយ៉ូតា ហាយឡែនឌ័រ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2U-0575 បានធ្វើដំណើរពីជើងមកត្បូងបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿន ហើយរេចង្កូតមកឆ្វេងដៃជ្រុលទៅបុករថយន្តឡង់គ្រីស័រ ចំមួយចំហៀងខាងឆ្វេង និងកង់ បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿង បែកនិងដាច់កង់ រងការខូចខាតយ៉ាងដំណំ ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ដោយករណីនេះសមត្ថកិច្ចបានឲ្យដឹងថា បណ្ដាលឲ្យមកពីភាគីរថយន្តហាយឡែនឌ័រ បើកបរទាំងស្រវឹងនិងមិនប្រយ័ត្ន ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានសម្របសម្រួលភាគីទាំង២ដែរ តែមិនត្រូវរ៉ូវគ្នា ទើបទាក់ទងជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយតាមផ្លូវច្បាប៕ ដោយ៖ សា មេត