អាមេរិចបានទុករយៈពេលជិត ៧២ម៉ោងដល់ចិន ដើម្បីបិទស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងទីក្រុង Houston រដ្ឋ Texas ចំពេលមានការចោទប្រកាន់ពីបទចារកម្ម ដែលធ្វើឲ្យទំនាក់ទំនងរវាងមហាអំណាចទាំងពីរធ្លាក់ចុះកាន់តែខ្លាំង។
ក្រសួងការបរទេសចិនបានហៅវិធានការនោះថា ជាការធ្វើឲ្យរឿងកាន់តែធំដែលមិនធ្លាប់មាន និងបានគំរាមធ្វើការសងសឹកវិញ។
អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying បាននិយាយថា ស្ថានទូតចិននៅអាមេរិច បានទទួលការគំរាមសម្លាប់ និងបំផ្ទុះគ្រាប់បែក ដោយសារតែការបង្ខូចកេរ្តិ៍ឈ្មោះ និងការស្អប់ ដែលគាំទ្រដោយទីក្រុងវ៉ាស៊ីនតោន។
អ្នកស្រីនិយាយនៅលើបណ្តាញសង្គម Twitter ដូច្នេះថា “អាមេរិចគួរតែដកសេចក្តីសម្រេចចិត្តដែលមិនត្រឹមត្រូវរបស់ខ្លួនចេញវិញ។ ចិនប្រាកដជានឹងមានប្រតិកម្មតបវិញ”។
ប្រភពព័ត៌មានមួយបាននិយាយថា ទីក្រុងប៉េកាំងកំពុងពិចារណាបិទស្ថានកុងស៊ុលរបស់អាមេរិចនៅក្នុងទីក្រុងវូហាន ដើម្បីជាការសងសឹកវិញ។
ក្រសួងការបរទេសអាមេរិចនិយាយថា ស្ថានកុងស៊ុលចិននៅក្នុងទីក្រុង Houston ត្រូវបានបិទ ដើម្បីការពារកម្មសិទ្ធិបញ្ញាអាមេរិច និងព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋអាមេរិច។
រដ្ឋមន្ត្រីការបរទេសអាមេរិច Mike Pompeo បានធ្វើការចោទប្រកាន់ចិនជាថ្មីទៀតពីការលួចកម្មសិទ្ធិបញ្ហារបស់អាមេរិច និងអឺរ៉ុប ដែលធ្វើឲ្យបាត់បង់ការងាររាប់សែន។
ទោះយ៉ាងណាលោកមិនបាននិយាយលម្អិតពីស្ថានកុងស៊ុលនៅក្នុងទីក្រុង Houston ឡើយ។ លោកបានលើកឡើងពីការចោទប្រកាន់របស់ក្រសួងយុត្តិធម៌អាមេរិចកាលពីថ្ងៃអង្គារទៅលើជនជាតិចិន ២នាក់ ដែលខ្លួនហៅថាជាយុទ្ធនាការចារកម្មតាមអ៊ឺនធឺណិតអស់រយៈពេលមួយទសវត្សរ៍ដែលមានគោលដៅលើ ក្រុមហ៊ុនផ្គត់ផ្គងផលិតដល់សល់យោធា អ្នកស្រាវជ្រាវ COVID-19 និងជនរងគ្រោះរាប់រយនាក់ទៀតទូទាំងពិភពលោក។
អ្នកការទូតចិនម្នាក់ ដែលថ្លែងមិនបញ្ចេញឈ្មោះបានធ្វើការបដិសេធការចោទប្រកាន់បទចារកម្មនោះ និងបាននិយាយថា បេសកកម្មរបស់ចិននៅទីក្រុង Houston មានសកម្មភាពដូចគ្នាទៅនឹងស្ថានកុងស៊ុលរបស់ចិនទាំងអស់ នៅអាមេរិច ដូចជាការចេញទិដ្ឋការ ផ្សព្វផ្សាយការទស្សនា និងការធ្វើជំនួញ។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិច និងចិនកំពុងស្ថិតក្នុងស្ថានភាពអាក្រក់ទៅៗក្នុងឆ្នាំនេះ ដោយសារតែបញ្ហាជាច្រើន ដូចជាបញ្ហាផ្ទុះវីរុសកូរ៉ូណា បច្ចេកវិទ្យារបស់ Huawei ការដាក់ច្បាប់របស់ចិនលើទីក្រុងហុងកុង និងការលុកលុយចង់ក្តោបក្តាប់ដែនទឹកនៅក្នុងសមុទ្រចិនជាដើម៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters