Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

WHO៖ កុំ​រំពឹងថា​មាន​វ៉ាក់សាំង COVID-19​បាន រហូតដល់​ដើមឆ្នាំ ២០២១

​អ្នកស្រាវជ្រាវ​កំពុងធ្វើការ​រីកចម្រើន​យ៉ាង​ល្អ ក្នុងការ​អភិវឌ្ឍន៍​វ៉ាក់សាំង​ប្រឆាំង COVID-19 ដោយមាន​ការសាកល្បង​នៅ​ដំណាក់កាល​ចុងក្រោយ ប៉ុន្តែ​វ៉ាក់សាំង​ដំបូង​មិនទាន់​អាចមាន​ឡើយ រហូតដល់​ដើមឆ្នាំ ២០២១​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកជំនាញ​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​

​លោក​វេជ្ជបណ្ឌិត Mike Ryan ប្រធាន​កម្មវិធី​សង្គ្រោះបន្ទាន់​របស់ WHO បាន​និយាយថា WHO កំពុង​ធ្វើ​កិច្ចការ​ដើម្បី​ធានា​ឲ្យ​មានការ​ចែកចាយ​វ៉ាក់សាំង​ដោយ​ស្មើភាព ប៉ុន្តែ​ក្នុងពេល​បច្ចុប្បន្ននេះ វា​ពិត​ជាមាន​សារសំខាន់​ណាស់​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​របស់​វីរុស​។​

​លោក​លើកឡើងថា “​ពួកយើង​កំពុង​រីកចម្រើន​យ៉ាង​ល្អ​” ដោយ​វ៉ាក់សាំង​ជាច្រើន​បាន​ឈានចូល​ដល់​ការសាកល្បង​ដំណាក់កាល​ទី ៣ ហើយ​រហូតមក​ដល់ពេលនេះ មិនទាន់មាន​វ៉ាក់សាំង​ណាមួយ​បរាជ័យ​ឡើយ ទាក់ទង​ទៅនឹង​សុវត្ថិភាព ឬក៏​សមត្ថភាព​ក្នុងការ​បង្កើត​ប្រព័ន្ធ​ការពារ​។​

“​តាមពិតទៅ វា​នឹង​ក្លាយជា​ផ្នែក​ដំបូងបង្អស់​នៃ​ឆ្នាំក្រោយ មុនពេល​យើង​ចាប់ផ្តើម​ឃើញ​មនុស្ស​ទទួលបាន​វ៉ាក់សាំង​”​។​

​សូម​រំលឹកថា វីរុស​កូ​រ៉ូ​ណា​ដែលមាន​ឈ្មោះ​ជា​ផ្លូវការ​ថា COVID-19 បាន​ផ្ទុះ​ចេញ​ដំបូង​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩​។ វីរុស​នេះ​បាន​រាតត្បាត​យ៉ាង​លឿន​ទៅ​ជុំវិញ​ពិភពលោក ក្នុង​រយៈពេល​ជិត ៨​ខែ​។​

​រហូតមកដល់​ពេលនេះ វីរុស​មរណៈ​នេះ​បាន​ឆក់យក​ជីវិត​មនុស្ស​ជាង ៦២០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ១៥​លាន​នាក់​ទូទាំង​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

×