ព្រំដែនកម្ពុជា -ថៃ : ពលរដ្ឋខ្មែរ២នាក់របួសធ្ងន់ដោយពលរដ្ឋថៃបាញ់ ដោយចោទថាចូលលួចមាន់ពេលយប់ ។
លោកវរសេនីយ៍ តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃអោយដឹងថ្ងៃទី១១ថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង០៦និង២២នាទី អង្គភាពមូលដ្ឋានអាវុធហត្ថទទួលបានព័ត៌មាន ពីនាយទាហានឈុតខ្មៅថៃដូចដែលនិយាយថា កាលពីយប់មិញ (ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ) មានប្រជាពលរដ្ឋខ្មែរចំនួន០២នាក់ ចូលទៅលួចមាន់ជល់របស់ប្រជាពលរដ្ឋថៃ នៅក្នុងប្រទេសថៃ ហើយត្រូវបានប្រជាពលរដ្ឋថៃបាញ់បណ្ដាលឲ្យរងរបួសធ្ងន់។
លោកវរសេនីយ៍ តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានបញ្ជាក់ថា ករណីនេះកើតឡើងនៅស្រុកខ្លងហាត ខេត្តស្រះកែវ ទល់មុខទឹកដីឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ពលរដ្ឋខ្មែរជនរងគ្រោះ ១/-ឈ្មោះ រឿម រឹម (ហៅងោល) ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអូរល្វាលើ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
២/-ឈ្មោះ ស្រី ភក្ដី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអូរល្វាក្រោម ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
បច្ចុប្បន្ន ជនរងគ្រោះទាំងពីរនាក់ត្រូវបានទាហានថៃដឹកជញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យខ្លងហាត ស្រុកអារញ្ញប្រាថេត ប្រទេសថៃ ។ សារព័ត៌មានពុំអាចរកបានការអះអាងរបស់ជនរងគ្រោះ ឬសាច់ញាតិពួកគេថាជនទាំង២ ពិតឬយ៉ាងណា ដែលថាចូលលួចមាន់នោះ ? ដោយ : បន្ទាយ