ពោធិ៍សាត់៖ ស្ត្រីជនជាតិវៀតណាមវ័យ៥៤ឆ្នាំម្នាក់ ជាប់ចោទបទឆបោកអាជីវករលក់មាស នៅក្នុងផ្សារសាមគ្គីក្រគរ ដោយស្ត្រីដៃឆើតរូបនេះ បានយកមាសក្រឡៃ មកដូរនឹងខ្សែករបស់អាជីវករលក់មាស ទម្ងន់១តម្លឹងមាសសុទ្ធ ហើយព្យាយាមគេខ្លួន តែអាជីវករលក់មាសចាប់ខ្លួនបាន។ ករណីនេះ នគរបាលស្រុកក្រគរ បានកសាងសំណុំរឿងបញ្ជូន មកកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី។
សមត្ថកិច្ចនគរបាលស្រុកក្រគរបានចុះអន្តរាគមន៍ដើម្បីបង្ក្រាបករណីឆបោកមាសរបស់អាជីវករ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅវេលាម៉ោង ៩ និង៣៥នាទី នៅចំណុចផ្សារសាមគ្គីក្រគរ ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បន្ទាប់ពីសមត្ថកិច្ចនគរបាលទទួលបានពាក្យបណ្ដឹងរបស់ឈ្មោះ ឡេង គឹមហេង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិផ្សារឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅវេលាម៉ោង ៩ និង៣០នាទី។
តាមការរៀបរាប់របស់ជនរងគ្រោះខាងលើបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់កំពុងអង្គុយលក់មាស និងដូរលុយ នៅក្នុងតូបផ្សារសាមគ្គីក្រគរ លុះដល់ម៉ោង៩និង៣០នាទី មានជនសង្ស័យឈ្មោះ ង្វៀង ធីទៀង បានយកមាសក្រឡៃ មកដូរនឹងខ្សែករបស់គាត់ទម្ងន់១តម្លឹងមាសសុទ្ធ ហើយឱ្យខ្លួនយកបន្ទោងខ្សែកចំនួន២ជី ហើយគាត់បានសួរទៅជនសង្ស័យវិញថាយកបន្ទោងរូបអីគេ ជនសង្ស័យមិនឆ្លើយទេ ពេលនោះគាត់ក៏យកខ្សែកដែលគាត់ដូរដាក់ក្នុងប្រអប់មាស ហើយកាន់ទៅមានទម្ងន់ស្រាល ឃើញពណ៌មិនប្រក្រតី ខណៈនោះគាត់ក៏ស្ទុះចាប់កអាវស្ត្រីម្នាក់នេះ រួចហើយរាយការណ៍ជូនសមត្ថកិច្ចនគរបាលស្រុកក្រគរ ឲ្យជួយអន្តរាគមន៍ទាន់ពេលវេលា និងនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុក។
លោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ង្វៀង ធីទៀង ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រកដ។ ជនសង្ស័យបានមកពីខេត្តសៀមរាប ស្នាក់នៅផ្ទះបណ្ដែតទឹកនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកអធិការបានបន្តថា បច្ចុប្បន្នជនសង្ស័យត្រូវបាន ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅវេលាម៉ោង ១៤និង២៩នាទី និងកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖កូឡាប