ប្រទេសចិន នៅថ្ងៃសុក្រនេះបាននិយាយថា ខ្លួនបានដកហូតអាជ្ញាប័ណ្ណពីស្ថានកុងស៊ុលអាមេរិចនៅក្នុងទីក្រុង Chengdu។ ការបញ្ជាឲ្យបិទកុងស៊ុលអាមេរិចនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលទីក្រុងវ៉ាស៊ីនតោនបញ្ជាឲ្យបិទស្ថានកុងស៊ុលរបស់ចិននៅក្នុងទីក្រុង Houston។
ក្រសួងការបរទេសចិននិយាយក្នុងសេចក្តីប្រកាសថា “វិធានការសងសឹកគឺជាការឆ្លើយតបស្របច្បាប់ និងចាំបាច់ ចំពោះវិធានការដែលមិនសមហេតុផលរបស់សហរដ្ឋអាមេរិច”។
“ក្រសួងការបរទេសចិនបានជូនដំណឹងដល់ស្ថានទូតអាមេរិចនៅក្នុងប្រទេសចិន ពីសេចក្តីសម្រេចរបស់ខ្លួនក្នុងការដកហូតការព្រមព្រៀងក្នុងការបង្កើត និងប្រតិបត្តិការរបស់អគ្គកុងស៊ុលអាមេរិចនៅក្នុងទីក្រុង Chengdu”។
សេចក្តីប្រកាសបញ្ជាក់ទៀតថា “ក្រសួងក៏បានធ្វើឲ្យតម្រូវជាក់លាក់មួយលើការបញ្ឈប់ប្រតិបត្តិការ និងព្រឹត្តិការណ៍ទាំងអស់របស់អង្គកុងស៊ុលអាមេរិច”។
“ស្ថានភាពបច្ចុប្បន្ននៅក្នុងទំនាក់ទំនងរវាងចិន និងអាមេរិច ជាអ្វីដែលចិនមិនចង់ឃើញឡើយ ហើយសហរដ្ឋអាមេរិចជាអ្នកទទួលខុសត្រូវលើបញ្ហាទាំងអស់”។
ចិនក៏បានជំរុញសារជាថ្មីម្តងទៀតឲ្យអាមេរិចត្រឡប់មករកផ្លូវត្រូវវិញ និងបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ទំនាក់ទំនងទ្វេភាគីឲ្យវិលទៅរកភាពប្រក្រតីវិញ។
សូមរំលឹកថា កាលពីដើមសប្តាហ៍នេះ សហរដ្ឋអាមេរិចបានទុកពេលឲ្យចិនរយៈពេល ៧២ម៉ោងដើម្បីបិទស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងទីក្រុង Houston ចំពេលមានការចោទប្រកាន់ពីបទចារកម្ម និងលួចកម្មសិទ្ធិបញ្ហា។
ក្រសួងការបរទេសអាមេរិចនិយាយថា បេសកកម្មរបស់ចិននៅក្នុងទីក្រុង Houston ត្រូវបានបិទ ដើម្បីការពារកម្មសិទ្ធិបញ្ហា និងព័ត៌មានឯកជនរបស់ប្រជាជនអាមេរិច៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia