ភ្នំពេញ៖ ជនសង្ស័យ៣នាក់ បានសារភាពថា ពួកគេបានធ្វើសកម្មភាពលួចប្រាក់តាមប្រព័ន្ធវីងប្រាកដមែន ដោយប្រើវិធីលួចយកលេខកូដសម្ងាត់ពីអតិថិជន តាមរយៈ បណ្តាញសង្គមដោយក្លែងបន្លំគណនីហ្វេសប៊ុក អ្នកលក់អនទ្បាញ។
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីឆបោក និងលួចប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាវីងចំនួន៣នាក់ ដែលតែងតែធ្វើសកម្មភាពលួចដកប្រាក់របស់ជនរងគ្រោះបានជាច្រើន។
ជនសង្ស័យទី១-ឈ្មោះ ប៊ុត បញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មេខ្លោង), ទី២-ឈ្មោះ យន្ត ពិភព ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ (អ្នកដកលុយ), ទី៣-ឈ្មោះ យស់ ពិទូ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២០០៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (អ្នកដកលុយ)។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពឆបោក និងលួចប្រាក់តាមប្រព័ន្ធវីងប្រាកដមែន ដោយប្រើវិធីលួចយកលេខកូដសម្ងាត់ពីអតិថិជន តាមរយៈ បណ្តាញសង្គមដោយក្លែងបន្លំគណនីហ្វេសប៊ុក អ្នកលក់អនទ្បាញ ហើយបានទូរស័ព្ទទៅអតិថិជននោះ ដើម្បីបានទទួលលេខកូដសម្ងាត់វីង និងវិធីមួយទៀតគឺចូលបន្លំខ្លួនធ្វើជាអតិថិជន នៅតាមភ្នាក់ងារវេរលុយ លួចថតលេខកូដសម្ងាត់អតិថិជនផ្សេងទៀតដែលកំពុងតែវេលុយ ៕ដោយ៖កូឡាប