ភ្នំពេញ ÷យុវជនម្នាក់បើករថយន្តដឹកខ្សាច់មួយគ្រឿងល្បឿនលឿនវ៉ាជែងជ្រុលទៅបុករថយន្តទំនើបមួយគ្រឿងក្នុងបញ្ច្រាសទិសគ្នាពេញទំហឹងបណ្ដាលឲ្យរថយន្តដឹកខ្សាច់ក្រឡាប់ផ្ងារជើងម្ខាងសំណាងល្អមិនមានអ្នករបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃសុក្រទី២៤ ខែកក្កដា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ចំណុចច្រកចូលផ្សារក្រមួនក្នុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ។
បើយោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជនម្នាក់បើករថយន្តដឹកខ្សាច់ពាក់ផ្លាកលេខចង្កូតស្ដាំ PP 0536 ធ្វើដំណើរក្នងទិសដៅពីជើងទៅត្បូងបោះពួយយ៉ាងលឿនវ៉ាជែងចូលចំណីផ្លូវរថយន្តម៉ាក KIA ពណ៌ពាក់ផ្លាកលេខភ្នំពេញ 2AX 6873 បើកដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងបណ្ដាលឲ្យដឹកខ្សាច់ក្រឡាប់ផ្ងារជើងច្រង៉ាង ចំណែករថយន្ត ម៉ាក KIA រងការខូចខាតមួយកំណត់ស្ទើរទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុដោយមិនបះពាល់សម្បត្តិរដ្ឋ ដូច្នេះសមត្ថកិច្ចឲ្យ ភាគីទាំងពីរសម្របសម្រួលគ្នា តែដោយសម្រួលមិនត្រូវ សមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖សា មេត