បុរសជនជាតិសិង្ហបុរីម្នាក់ បានសារភាពកំហុងនៅអាមេរិចថា បានធ្វើជាភ្នាក់ងាររបស់ចិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅព្រឹកថ្ងៃសោរ៍នេះ។
លោក Jun Wei Yeo ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់តួនាទីទីប្រឹក្សានយោបាយរបស់លោក នៅក្នុងសហរដ្ឋអាមេរិច ដើម្បីប្រមូលព័ត៌មានឲ្យចារកម្មចិន។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអាមេរិច។
បុរសខាងលើ ដែលត្រូវបានគេឈ្គាល់តាមរយៈឈ្មោះមួយទៀតថា Dicson Yeo បានសារភាពពីទោសកំហុសកាលពីថ្ងៃសុក្រម្សិលមិញ នៅក្នុងតុលាការសហព័ន្ធថាបានធ្វើជាភ្នាក់ងារខុសច្បាប់ របស់រដ្ឋាភិបាលចិនចាប់ពីឆ្នាំ ២០១៥ ដល់ ២០១៩។ នេះបើតាមក្រសួងយុត្តិធម៌អាមេរិចបញ្ជាក់នៅក្នុងសេចក្តីប្រកាស។
មុនដំបូង គាត់ត្រូវបានចោទប្រកាន់ថា ប្រើប្រាស់តួនាទីប្រឹក្សានយោបាយនៅក្នុងប្រទេស ដើម្បីប្រមូលព័ត៌មានមានតម្លៃ និងព័ត៌មានអសាធារណៈឲ្យទីភ្នាក់ងារចារកម្មចិន។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិច និងចិនកំពុងស្ថិតក្នុងស្ថានភាពអាក្រក់ទៅៗក្នុងឆ្នាំនេះ ដោយសារតែបញ្ហាជាច្រើន ដូចជាបញ្ហាផ្ទុះវីរុសកូរ៉ូណា បច្ចេកវិទ្យារបស់ Huawei ការដាក់ច្បាប់របស់ចិនលើទីក្រុងហុងកុង និងការលុកលុយចង់ក្តោបក្តាប់ដែនទឹកនៅក្នុងសមុទ្រចិនជាដើម៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC