ប្រទេសវៀតណាមចាប់ផ្តើមបង្កើនការប្រុងប្រយ័ត្នឡើងវិញចំពោះវីរុសកូរ៉ូណា នៅថ្ងៃសៅរ៍នេះ ក្រោយពេលមន្ត្រីសុខាភិបាលម្នាក់នៅក្នុងទីក្រុង Danang បានរកឃើញវីរុសឆ្លងក្នុងមូលដ្ឋានជាលើកដំបូង នៅក្នុងរយៈពេល ៣ខែចុងក្រោយនេះ។
ដោយសារតែមានវិធានការដាក់មនុស្សឲ្យនៅដោយឡែកដ៏តឹងរ៉ឹង និងកម្មវិធីធ្វើតេស្តដ៏ទូលំទូលាយ ប្រទេសវៀតណាមបានទប់ស្កាត់ការរីករាលដាលយ៉ាងមានប្រសិទ្ធភាព ដោយរក្សាការឆ្លងមកកម្រិតទាប ដោយមានអ្នកឆ្លងសរុបត្រឹមតែ ៤១៥នាក់ ហើយប្រទេសនេះមិនមានការឆ្លងក្នុងមូលដ្ឋានរយៈពេល ១០០ថ្ងៃចុងក្រោយ។
មិនមានអ្នកជំងឺណាម្នាក់ឡើយស្លាប់ដោយសារវីរុសកូរ៉ូណា។
ប៉ុន្តែកាលពីថ្ងៃសុក្រម្សិលមិញនេះ ក្រសួងសុខាភិបាលវៀតណាម បាននិយាយក្នុងសេចក្តីប្រកាសថា បុរសវ័យ ៥៧ឆ្នាំម្នាក់មកពីទីក្រុង Danang មានផ្ទុកវីរុសកូរ៉ូណា ហើយអាជ្ញាធរបានចាត់វិធានការដាក់មនុស្សចំនួន ៥០នាក់ឲ្យនៅដាច់ដោយឡែក ដែលអ្នកទាំងនោះមានទំនាក់ទំនងជាមួយនឹងអ្នកជំងឺ។
ក្រសួងនិយាយថា មនុស្ស ១០៣ ដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ ត្រូវបានគេយកទៅធ្វើតេស្ត ហើយលទ្ធផលអវិជ្ជមានទាំងអស់។
រដ្ឋាភិបាលនិយាយថា ការរកឃើញអ្នកឆ្លងថ្មីម្នាក់នៅថ្ងៃសោរ៍ បណ្តាលឲ្យអ្នកឆ្លងសរុបក្នុងប្រទេសកើនដល់ ៤១៦នាក់។
សូមបញ្ជាក់វា វីរុសកូរ៉ូណា ដែលមានឈ្មោះផ្លូវការថា COVID-19 បានផ្ទុះចេញដំបូងពីទីក្រុងវូហាន ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩ និងបានរីករាលដាលយ៉ាងលឿនទៅកាន់ជុំវិញពិភពលោក។
បើតាមតួលេខចុងក្រោយ វីរុសនេះបានផ្តាច់ជីវិតមនុស្សជាង ៦៤០.០០០នាក់ និងឆ្លងទៅកាន់មនុស្សជិត ១៦លាននាក់ទូទាំងពិភពលោក៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters