ភ្នំពេញ៖ សមត្ថកិច្ចក្រសួងមហាផ្ទៃ បាននាំខ្លួនអ្នកស្រី ស៊ុំ សូរីដា ចាងហ្វាងកាសែតស្លាបប៉ាកាអព្យាក្រឹត និងអ្នកស្រី ជ័យ ចាន់ដាវី ចាងហ្វាងគេហទំព័រសេរីភាពខ្មែរ កាលពីវេលាម៉ោង៥រសៀល ថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ ដោយគ្រាន់តែអះអាងថា យកទៅប៉ុស្តិ៍រដ្ឋបាលឃុំព្រែកលួង ដែលស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ពាក់ព័ន្ធនឹងករណីខាងលើនេះ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង។ ការចាប់ខ្លួនស្ត្រីចាងហ្វាងកាសែតទាំងពីររូបនេះ ដោយសារពួកគេសរសេរព័ត៌មានអំពីផលិតផលមួយ ដែលលាបទៅខូចជាំមុខ ហើយអ្នកស្រី ស៊ុំ សូរីដា ចាងហ្វាងកាសែតស្លាបប៉ាកាអព្យាក្រឹត បានសរសេរនៅផេកហ្វេសប៊ុក ស្លាបប៉ាកាអព្យាក្រឹត ហើយក្រោយមក គេក៏បានគំរាមគាត់រហូត តាមរយៈទូរស័ព្ទ ហើយក៏ត្រូវគេចាប់ខ្លួនតែម្តង។
ការចាប់ខ្លួនចាងហ្វាយកាសែតពីររូបនោះ យោងតាមដីកាបញ្ជាឲ្យចូលខ្លួន ដែលចេញដោយលោកប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០២០។ លោកប្លង់ សុផល បានបញ្ជាឲ្យឈ្មោះស៊ុំ សូលីដា ភេទស្រី ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃនៅផ្ទះលេខ១៧៣E០ ភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ឲ្យចូលបង្ហាញខ្លួននៅនាយករដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងដែលឈ្មោះ កូប មុំ ភេទស្រី ជនជាតិខ្មែរ ប្តឹងពីបទ បរិហាកេរ្តិ៍ជាសាធារណៈ គំរាមកំហែងហែកកេរ្តិ៍ និងញុះញង់ឲ្យមានការរើសអើង។
បើតាមសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នៅពេលបន្ទាប់មក ក្រុមការងារសមាគម បានទៅដល់លំនៅដ្ឋានអ្នកស្រីចាហ្វាងទាំងពីររូប បែរជាបានទទួលដំណឹងថា សមត្ថកិច្ចស្លៀកពាក់ស៊ីវិលនោះ បញ្ជូនខ្លួនអ្នកស្រីតាមរថយន្ត១គ្រឿងទៅបាត់ហើយ ដោយមិនដឹងទៅខាងណាទេ។
លោកទេស វិបុល សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះហេតុការណ៍ខាងលើនេះ ហើយលោកបានប្រកាសថា នឹងរកឱ្យឃើញនូវមូលហេតុពិតដែលឈានដល់ការនាំខ្លួនសហការីដ៏សកម្មរបស់សមាគមលោកទាំងពីររូបនេះ។
លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នៅរសៀលថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២០នេះ បានចូលខ្លួនទៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃ ក្រសួងមហាផ្ទៃ ដើម្បីផ្តិតមេដៃធានា ស្ត្រីចាងហ្វាងសារព័ត៌មានពីររូប ដែលជាសមាជិករបស់ខ្លួន ដើម្បីឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីត្រូវឃាត់ខ្លួនជិត២៤ម៉ោង។
បន្ទាប់ពីស្ត្រីចាងហ្វាងកាសែតពីររូប ត្រូវបាននគបាលដោះលែងឲ្យមានសេរីភាពវិញ ថ្ងៃនេះ លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ចេញសេចក្តីថ្លែងការណ៍ និងអរគុណ លោកជំទាវ ហ៊ុន ស៊ីណាត ។ លោកទេស វិបុល បានលើកឡើងថា ការដោះលែងនេះកើតពីការសម្របសម្រួលរបស់ថ្នាក់ដឹកនាំសមាគម និងដើមបណ្តឹង ដោយមានការយោគយល់ និងសម្របសម្រួលពីលោកជំទាវ ហ៊ុនស៊ីណាត ប្អូនស្រីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ លោកថា នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សម្រេចដោះលែងឲ្យមានសេរីភាពវិញ ចាងហ្វាងសារព័ត៌មានពីររូប គឺលោកស្រី ស៊ុំ សូលីដា ចាងហ្វាងកាសែតស្លាបប៉ាការអព្យាក្រឹត្យ និងលោកស្រី ជ័យ ចាន់ដារី ចាងហ្វាងគេហទំព័រសេរីភាពខ្មែរ បន្ទាប់ពីត្រូវបាននាំខ្លួនយកទៅសួរនាំអស់១យប់ កាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ព្រោះតែការភាន់ច្រឡំ មិនយោគយល់គ្នា និងគ្មានឱកាសជួបដោះស្រាយគ្នា។
លោកប្រធានសមាគម ក៏បានស្នើសុំឲ្យអ្នកសារព័ត៌មានទាំងអស់សូមចូលរួមគោរពច្បាប់ស្តីពីរបបសារព័ត៌មានជាគោល និងច្បាប់ជាធរមានទាំងអស់ ហើយត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ក៏បានធានាអប់រំឈ្មោះ ស៊ុំ សូលីដា និងឈ្មោះជ័យ ចាន់ដាវី ឲ្យឈប់ប្រព្រឹត្តអំពើណាខុសពីផ្លូវច្បាប់ និងឲ្យការផ្សាយប៉ះពាល់ជាមួយក្រុមហ៊ុន DW ទៀតទេ៕
ដោយ៖បញ្ញាស័ក្តិ