កំពង់ធំ ៖ យោងតាមរបាយការណ៍របស់នគរបាល នៃស្នងការខេត្តកំពង់ធំ បានឲ្យសារព័ត៌មានដឹងថា មានករណីឃាត់ខ្លួននគរបាលម្នាក់ថ្នាក់ឧត្តមសេនីយ៍ឯក ដកហូតដុល្លារខ្មោចចំនួន ៥៨៩ សន្លឹក។
បុរសម្នាក់ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ធ្វើការឃាត់ខ្លួន តាមបញ្ជារបស់លោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ កាលពីវេលាម៉ោង ៧ និង០០នាទី ថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ជនសង្ស័យរូបនេះមានឈ្មោះ ហេង កែនណាឌី ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ២១អឺសេរ៉ូ ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា ៖ ជនសង្ស័យរូបនេះ បានតាំងខ្លួនឯងជានគរបាល ធ្វើការនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្នែកមន្ទីរប្រឆាំងគ្រឿងញៀន ដោយបានស្លៀកពាក់ឯកសណ្ឋានគរបាលជាតិ ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក។
ក្នុងនោះវត្ថុតាងរួមមាន៖ ១/ ឯកសណ្ឋាននគរបាលការងារលេខ៤ មួយកំផ្លេ មានស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក ភ្ជាប់ជាមួយអាវស្រាប់។ ២/ក្រដាស់ប្រាក់ដុល្លារអាមេរិក(លុយសែន) ប្រភេទក្រដាស១០០$ ចំនួន៥៨៩សន្លឹក។ ៣/ទូរស័ព្ទដៃចំនួន២គ្រឿង ព្រមទាំងសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនទៀត។
សមត្ថកិច្ចបានបញ្ជាក់ឲ្យសារព័ត៌មានដឹងថា៖ បុរសរូបនោះ បានតាំងខ្លួនធ្វើជាមន្ត្រីនគរបាលជាតិ បម្រើការងារផ្នែកប្រឆាំងគ្រឿងញៀន ដោយបានស្លៀកពាក់ឯកសណ្ឋានជានគរបាលជាតិ ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ។
សមត្ថកិច្ចដដែលបានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា ជនសង្ស័យជាមនុស្សទើបចេញពីពន្ធនាគារព្រៃស ហើយអាចជាមនុស្សបែកឆ្វេង ក្លែងពាក់ឯកសណ្ឋានបែបនេះ ។ ជនសង្ស័យកំពុងត្រូវបានអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ធ្វើការសាកសួរ ដើម្បីនាំខ្លួនទៅកាន់ស្នងការដ្ឋាននបាលខេត្ត នឹងកសាងសំណុំរឿងតាមនីតិវិធី ៕ ដោយ៖កូឡាប