ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានស្នើឲ្យអង្គការទាំងអង្គការលើកលែងទោសអន្តរជាតិ និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ត្រួតពិនិត្យឡើងវិញនូវសុក្រឹត្យភាព និងវិជ្ជាជីវៈរបស់ខ្លួន ក្នុងការចេញសេចក្តីថ្លែងការណ៍ ដែលគ្មានមូលដ្ឋាននិងខុសពីការពិតនេះ ដោយបានលើកឡើងថា រដ្ឋាភិបាលបានសន្យាដោះលែង អ្នកជាប់ឃុំ១០.០០០នាក់ តាមការទាមទារបស់អង្គការទាំងពីរនេះទេ នាពេលកន្លងមក។
លោកជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២០ បានថ្លែងសារលើផេកហ្វេសប៊ុកផ្លូវការថា សូមអង្គការទាំងពីរនេះ ត្រួតពិនិត្យឡើងវិញនូវសុក្រឹត្យភាព និងវិជ្ជាជីវៈរបស់ខ្លួន ក្នុងការចេញសេចក្តីថ្លែងការណ៍ ដែលគ្មានមូលដ្ឋាននិងខុសពីការពិតនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបន្ថែមទៀតថា ដោយហេតុថា៖ ១. រដ្ឋាភិបាលមិនដែលបានសន្យាដោះលែង អ្នកជាប់ឃុំ១០.០០០នាក់ តាមការទាមទារបស់អង្គការទាំងពីរនេះទេ នាពេលកន្លងមក ២. ការយោងទៅលើប្រសាសន៍សម្តេចក្រឡាហោម គឺជាការដកស្រង់ដោយខុសពីការពិត និងខ្លឹមសារដើមទាំងស្រុង ដែលអាចបង្កប់នូវចេតនាទុច្ចរិត និងនាំឱ្យសាធារណជនមានការភ័ន្តច្រឡំ ៣. យុទ្ធនាការរបស់ក្រសួងយុត្តិធម៌ មិនមែនជាយុទ្ធនាការដោះលែងអ្នកទោស តាមការទាមទារ និងចង់បានរបស់អង្គការទាំងពីរនេះ ដោយគ្មានមូលដ្ឋានច្បាប់ និងការគិតគូអំពីសន្តិសុខ និងសុវត្ថិភាពសង្គមនោះទេ ៤. យុទ្ធនាការរបស់ក្រសួងយុត្តិធម៌ ជាយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមតុលាការ ដោយផ្អែកលើមូលដ្ឋាន និងនីតិវិធីច្បាប់ដែលមានជាធរមាន និងប្រកាន់ភ្ជាប់នូវអភិក្រមលឿន ឆាប់រហ័ស យុត្តិធម៌ ត្រឹមត្រូវ និងមិនពុករលួយ ហើយមានគោលដៅ យុទ្ធសាស្ត្រ ផែនការ និងកម្មវិធីអនុវត្តយ៉ាងច្បាស់លាស់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ អង្គការ AMNESTY INTERNATIONAL និងអង្គការលីកាដូ បានចេញសេចក្តីថ្លែងការណ៍រួម សូមអាជ្ញាធរកម្ពុជា រក្សាការសន្យាដោះលែងអ្នកជាប់ឃុំ ១០.០០០នាក់។
អង្គការលើកលែងទោសអន្តរជាតិ និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ សង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជារក្សាការសន្យាថា នឹងដោះលែងអ្នកជាប់ឃុំចំនួន១០.០០០នាក់ ក្នុងនោះមានអ្នកដែលប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងវីរុសកូវីដ១៩ និងអ្នកជាប់ឃុំដទៃទៀតដែលបានប្រព្រឹត្តបទល្មើសស្រាល ក៏ដូចជាស្ត្រីជាប់ឃុំដែលមានកូនតូចនៅជាមួយ ព្រមទាំងអ្នកជាប់ឃុំជាអនីតិជនផងដែរ។
អង្គការទាំងពីរនោះ បានលើកឡើងទៀតថា កាលពីខែឧសភា រដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ បានប្រកាសអំពី ការកែទម្រង់ជាច្រើននៃប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា។ កំណែទម្រងដែលបានសន្យាទាំងនេះ ធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាកកស្ទះសំណុំរឿងជាច្រើន ដែលមិនទាន់បានជំនុំជម្រះនៅតាមតុលាការនានា និងដោះស្រាយបញ្ហាចង្អៀតណែនខ្លាំងនៅក្នុងពន្ធនាគារ តាមរយៈការពង្រីកមធ្យោបាយផ្សេងទៀត ក្រៅពីការឃុំឃាំងដូចជា ការដោះលែងឲ្យនៅក្រៅឃុំ និងការព្យួរទោសជាដើម បន្ថែមពីលើការដោះលែងមុនពេលកំណត់ និងដោយមានលក្ខខណ្ឌ សម្រាប់អ្នកជាប់ឃុំបច្ចុប្បន្ននេះ។
ប្រភពដដែលបានបន្ថែមទៀតថា នៅក្នុងការប្រកាសដាច់ដោយឡែកមួយកាលពីខែឧសភា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានសន្យាថា អ្នកជាប់ឃុំរហូតដល់ ១០.០០០នាក់ នឹងត្រូវដោះលែងនៅទូទាំងប្រទេស ដោយលើកឡើងពីហានិភ័យនៃការឆ្លងរីករាលដាលវីរុសកូវីដ១៩ និងការព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្សនៅក្នុងពន្ធនាគារប្រទេសកម្ពុជា៕ ដោយ៖កូឡាប