ភ្នំពេញ៖ ស្ត្រីឆ្នើមៗចំនួន ២១ រូប នៅក្នុងវិស័យព្រះពុទ្ធសាសនា និង កិច្ចការមនុស្សធម៌ ត្រូវបានតែងតាំងជាទីប្រឹក្សា របស់សម្តេចព្រះមហាសង្ឃរាជ្យ គណៈធម្មយុត្តិកនិកាយ ដែលតួនាទីនេះក្នុងប្រវត្តិសាស្ត្រ មិនដែលធ្លាប់មានចំពោះស្ត្រីឡើយ គឺធ្លាប់មានតែបុរសប៉ុណ្ណោះ ហើយក៏មិនដែលមានច្រើនបែបនេះដែរ។
នេះគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយ សម្រាប់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ដោយកន្លងមក មិនធ្លាប់មានឡើយ ដែលស្ត្រីត្រូវបានតែងតាំងជាទីប្រឹក្សារបស់សម្តេចព្រះសង្ឃរាជ្យ ពោលគឺកន្លងមក តំណែងទាំងនេះ ធ្លាប់បានប្រគល់ជូនបុរសតែប៉ុណ្ណោះ។ នេះគឺជាការលើកឡើងរបស់លោកជំទាវ នេត្រ ភមរី រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ថ្លែងនៅក្នុងពិធីប្រកាសតែងតាំងឧត្តមទីប្រឹក្សាផ្ទាល់ និងទីប្រឹក្សាដល់ស្ត្រី របស់ព្រះមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះសង្ឃរាជ្យគណៈធម្មយុត្តិកនិកាយ នៃ ព្រះរាជាណាចក្រ កម្ពុជា ដោយមានការទទួលស្គាល់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដល់ស្ត្រីចំនួន ២១ រូប នាព្រឹកថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២០ នេះ នៅឯសណ្ឋាគារ សូហ្វីតែភ្នំពេញ ភូគីត្រា។
ស្ត្រីឆ្នើម៣រូប បានព្រះរាជសង្ឃប្រកាសតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មាន លោកជំទាវឧកញ៉ា កិត្តិបណ្ឌិត សៀង ចាន់ហេង មានងារជានាវិសាខាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ លោកជំទាវ ហ៊ុន ស៊ីណាត នឹមចន្ទតារា មានងារជានាថធម្មិនីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន មានងារជា ហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍។ ចំណែកស្ត្រីឆ្នើម១៨រូបទៀត តែងតាំងជាទីប្រឹក្សាផ្ទាល់ សម្តេចព្រះសង្ឃរាជ បួរ គ្រី។
ស្ត្រីទាំង ២១រូបនេះ ត្រូវបានទទួលស្គាល់ថា ជាអ្នកឆ្នើម និងសកម្មក្នុងកិច្ចការព្រះពុទ្ធសាសនា ដូចជាកសាងសមិទ្ធផលនានាក្នុងវត្តអារាម នៅទីសក្ការបូជា រួមទាំងសាលាពុទ្ធិកសិក្សា ឧបត្ថម្ភដល់ការស្រាវជ្រាវចងក្រង និង បោះពុម្ពសៀវភៅ គម្ពីរដីកាផ្សេងៗ និង ក្នុងកិច្ចការមនុស្សធម៌ផងដែរ ។
សម្តេចព្រះមហាសង្ឃរាជ្យ បួរ គ្រី មានព្រះបន្ទូលថា ស្ត្រីមានតួនាទីសំខាន់ណាស់មិនអាចខ្វះបានឡើយ នៅក្នុងព្រះពុទ្ធសាសនា តាំងពីពេលដែលព្រះពុទ្ធមិនទាន់បានត្រាស់ដឹង ពេលទើបតែបានត្រាស់ដឹង និង ក្រោយពេលត្រាស់ដឹង រហូតដល់ព្រះពុទ្ធយាងចូលព្រះនិព្វាន ហើយនៅក្នុងសង្គមខ្មែរវិញ ស្ត្រី ក៏មានតួនាទីសំខាន់លេចធ្លោមិនចាញ់បុរសឡើយ ទាំងក្នុងផ្នែកប្រតិបត្តិ ទំនុកបម្រុង ថែរក្សាការពារ និង លើកតម្កើងព្រះពុទ្ធសាសនា ។
ជាការកត់សម្គាល់ព្រះពុទ្ធសាសនា ត្រូវបានទទួលស្គាល់ថា ជាសាសនាតែមួយគត់ ដែលឱ្យតម្លៃមនុស្សស្មើគ្នា ហើយក៏ជាប្រភពមុនដំបូងគេបំផុត នៃ សិទ្ធិមនុស្សជាសកលបច្ចុប្បន្ននេះ ហេតុនេះហើយទើបក្នុងប្រវត្តិសាស្ត្រព្រះពុទ្ធសាសនាក្តី ប្រវត្តិសាស្ត្រ នៃ ប្រទេស ដែលកាន់ព្រះពុទ្ធសាសនាក្តី គេឃើញស្ត្រីតែងតែងមានតួនាទីសំខាន់ ។ ដោយឡែកនៅក្នុងប្រវត្តិសាស្ត្រ កម្ពុជា ស្ត្រីមានតួនាទីសំខាន់ទាំងក្នុងព្រះពុទ្ធសាសនា និង ទាំងក្នុងសង្គមផងនោះ មានដូចជាព្រះនាងឥន្ទ្រទេវី នាសម័យមហានគរជាដើម ៕ ដោយ ៖ CEN