ខេត្តកំពង់ឆ្នាំង ៖ មនុស្សស្លាប់ ២នាក់ និងរងរបួសធ្ងន់៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងគោយន្តកន្ត្រៃ នៅថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០២០ វេលាម៉ោង ៣និង៥០នាទី ចំណុចភូមិចាស់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៧ -៣៨ លើផ្លូវលេខ៥៣ ក្រាលកៅស៊ូ ស្ថិតក្នុងភូមិសាស្ត្រភូមិបឹងស្ទេង ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
តាមរបាយការណ៍បានឲ្យដឹងថា រថយន្តម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0905 (ប្រភេទរថយន្តប៉ែនដឹកដី) ។ បើកបរដោយ ឈ្មោះ វង់ វាសនា ភេទ ប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បើកចេញពីទិសខាងលិច ទៅទិសខាងកើត ក៏បានបុកជាមួយគោយន្ត ម៉ាក KUBOTA ពណ៌ក្រហម ដែលមាន សណ្តោងរ៉ឺម៉ក បើកបរដោយឈ្មោះ ទាត់ សីហា អាយុ ២៩ ឆ្នាំ រស់នៅស្រែព្រិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ដោយមានអ្នករួមដំណើរ ៦ នាក់ បើកបរចេញពីទិសខាងកើត ទៅទិសខាងលិច ក្នុងដំណើរច្រាស់ទិសគ្នា ពេលបើកមកដល់ ចំណុចខាងលើក៏បានជ្រុលចង្កូតទៅបុកគោយន្តកន្ត្រៃយ៍ ចំពីមុខ បណ្តាលឲ្យអ្នករួមដំណើរលើគោយន្តស្លាប់២នាក់ គឺ១/ឈ្មោះ យី ណុក ភេទស្រី អាយុ ២០ ឆ្នាំ រស់នៅ ភូមិស្រែព្រិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស (ប្រពន្ធរបស់អ្នកបើកបរ) ។ ២/ឈ្មោះអឿន ម៉ាច ភេទស្រី អាយុ ៣៣ ឆ្នាំ រស់នៅភូមិ ឃុំ ស្រុក ជាមួយគ្នា និងរងរបួសចំនួន ៥នាក់ (ធ្ងន់ស្រី៤នាក់ អ្នកបើកគោយន្ត និងអ្នករួមដំណើរ) ត្រូវបានបងប្អូនដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្ត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលស្រុក បានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តឈ្មោះ វង់ វាសនា ដើម្បីសាកសួរបំភ្លឺពី ដំណើររឿងហេតុ និងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕ដោយ៖បញ្ញាស័ក្តិ