Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្ដេច​ក្រឡាហោម ស ខេង សង្កត់ធ្ងន់ថា “​បើសិនជា​បណ្តុះបណ្តាល​ម​ន្ត្រី​នគរបាលជាតិ គ្មាន​គុណភាព ឬ​មិន​ត្រូវបាន​ប្រើប្រាស់ និង​មិនឱ្យ​តម្លៃ នោះ​ធ្វើឱ្យ​រដ្ឋ ចំណាយ​ថវិកា​ឥតប្រយោជន៍​”

​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង បាន​សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល បាន​ចំណាយ​ថវិកា​យ៉ាងច្រើន សម្រាប់​គាំទ្រ​ដល់​បណ្ឌិត្យសភា ក្នុងការ​បណ្ដុះបណ្ដាល​ម​ន្ត្រី​នគរបាលជាតិ ប៉ុន្តែ​បែរជា​គ្មាន​គុណភាព ឬ​មិន​ត្រូវបាន​ប្រើប្រាស់ និង​មិនឱ្យ​តម្លៃ នោះ​ធ្វើឱ្យ​រដ្ឋ​ចំណាយ​ថវិកា​ឥតប្រយោជន៍​។

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​បែបនេះ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៧ ខែកក្កដា ឆ្នាំ​២០២០​នេះ​ក្នុង​ពិធី​បិទ​សន្និបាទ​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំ (២០១៥ ២០១៩) និង​លើក​ទិសដៅ​ការងារ​យុទ្ធសាស្ត្រ​សម្រាប់​រយៈពេល​៥​ឆ្នាំ​បន្ត​របស់​បណ្ឌិត្យសភា​ន​គ​របាល​កម្ពុជា នៅ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា ស្ថិតនៅ​ឃុំ​ដីឥដ្ឋ ស្រុក​គៀនស្វាយ ខេត្តកណ្ដាល​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​កោតសរសើរ​ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូ និង​មន្ត្រី​នៃ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា​ដែល​បានរួម​គ្នា​ដឹកនាំ និង​បំពេញភារកិច្ច​ទទួលបាន​សមិទ្ធផល​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​៥​ឆ្នាំ ដូច​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ប្រធាន​បណ្ឌិត្យសភា​បាន​ថ្លែង​នៅក្នុង​របាយការណ៍​នោះ​។​

​សម្ដេច​ក្រឡាហោម បាន​បានចាត់ទុក​វឌ្ឍនភាព​នៃ​ការងារ​ហេដ្ឋារចនាសម្ព័ន្ធ ការងារ​អភិវឌ្ឍ​ធនធានមនុស្ស ការបង្កើត​នូវ​ឯកសារ​គាំទ្រ​ការងារ​ដឹកនាំ​គ្រប់គ្រង និង​ការបង្ហាត់បង្រៀន ព្រមទាំង​សមិទ្ធផល​នៃ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​របស់​បណ្ឌិត្យ​សភា​ន គឺជា​សក្ខីភាព​បង្ហាញ​អំពី​វឌ្ឍនភាព​លើ​គ្រប់ផ្នែក​របស់​បណ្ឌិត្យសភា ក្នុងការ​អនុវត្ត​កម្មវិធី​កំណែទម្រង់ និង​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ ដើម្បី​ប្រែក្លាយ​ស្ថាប័ន​បណ្ដុះបណ្ដាល​មួយ​នេះ ឱ្យមាន​លក្ខណសម្បត្តិ​សម​ស្របតាម​ស្ដង់ដា​គុណភាព​ជាតិ និង​អន្តរជាតិ​។​

​សម្ដេច​បាន​សម្ដែង​ការគាំទ្រ​គោលដៅ​ជា​យុទ្ធសាស្ត្រ​សំខាន់ៗ​ទាំង​៣ ទាក់ទង​នឹង​ការពង្រឹង​សមត្ថភាព​ស្ថាប័ន ការលើកកម្ពស់​គុណភាព​អប់រំ និង​ការពង្រឹង​សមត្ថភាព​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នគរបាល ដោយ​ម្ដេច​បាន​ចាត់ទុកថា​គោលដៅ​យុទ្ធសាស្ត្រ​នេះ ឆ្លុះបញ្ចាំង​នូវ​ភារកិច្ច​ស្នូល​របស់​បណ្ឌិត្យសភា ក្នុងការ​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​កងកម្លាំង ប្រដាប់អាវុធ​របស់​រា​ជ​រដ្ឋាភិបាល និង​ផែនការអភិវឌ្ឍន៍​ធនធានមនុស្ស​របស់​ក្រសួងមហាផ្ទៃ​។

​សម្ដេច​ឧបនាយករដ្ឋមន្ត្រី​បាន​បន្តថា ក្នុង​នីតិកាល​ទី​៦​នៃ​រដ្ឋសភា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បាន​បន្ត​ប្ដេជ្ញាចិត្ត​ខ្ពស់ ក្នុង​ការធានា​ឱ្យបាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ សេដ្ឋកិច្ច សង្គម សន្តិសុខ និង សុវត្ថិភាព​ភូមិ ឃុំ សង្កាត់ ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ និង​ផ្ដល់ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​បានរស់នៅ​ប្រកបដោយ​សុខក្សេមក្សាន្ត និង​មាន​ជីវភាព​ល្អប្រសើរ ព្រមទាំង ប្ដេជ្ញា​ការពារ​ឯករាជ្យ​និង​បូរណភាព​ទឹកដី មិនឱ្យ​កងកម្លាំង​ណាមួយ​មក​រំលោភបំពាន​បានឡើយ​។​

​ផ្អែកលើ​មូលដ្ឋាន​នេះ សម្ដេច​បាន​បន្តថា ក្រសួងមហាផ្ទៃ​បានដាក់​ចេញ​នូវ​ផែនការអភិវឌ្ឍន៍​សម​ត្ថ​ភាព​កងកម្លាំង​នគរបាលជាតិ ដែលជា​កម្លាំង​សហការ និង​ជា​កម្លាំង​ស្នូល តាមរយៈ​ការធ្វើ​ទំនើបកម្ម​ក្នុង​រូបភាព​២​យ៉ាង គឺ​ទី​១ ការពង្រឹង​សមត្ថភាព​អង្គភាព​បណ្តុះបណ្តាល ទាំង​ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈ និង​ហិរញ្ញវត្ថុ ដើម្បី​លើកកម្ពស់​សមត្ថភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ ឱ្យ​ស្របតាម​តម្រូវ​ចាំបាច់ និង​ទី​២ គឺ​ការបំពាក់​សម្ភារៈ​ឧបករណ៍​ទំនើបៗ និង​មធ្យោបាយ​គ្រប់គ្រាន់ សម្រាប់​គាំទ្រ​ដល់​កិច្ចប្រតិបត្តិការ និង​ការបំពេញភារកិច្ច​ប្រចាំថ្ងៃ​របស់​កងកម្លាំង​នគរបាលជាតិ​។​

​សម្ដេច​ក្រឡាហោម​បាន​បន្ត​មានប្រសាសន៍​ក្នុងន័យ​ដើម​ថា «​ដូច​យើងទាំងអស់គ្នា​បានដឹងហើយថា ការបណ្ដុះបណ្ដាល​កងក​ម្លាំ​ង​នគរបាល តម្រូវឱ្យមាន​ការហ្វឹកហាត់​ស្វិតស្វាញ និង​សកម្ម ប៉ុន្តែ​លទ្ធផល​ជោគជ័យ​នៃ​ការសិក្សា​បានផ្ដល់​អត្ថប្រយោជន៍​យ៉ាងច្រើន ដល់​សង្គមជាតិ ដូច​សុភាសិត​មួយ​បាន​លើកឡើងថា ការអប់រំ​បណ្ដុះបណ្ដាល​មាន​ប្ញ​សគល់​ល្វីង​ជូរចត់ ប៉ុន្តែ​មាន​ផ្លែ​ផ្អែម ដែលមាន​អត្ថន័យ​ប្រហាក់ប្រហែល​ទៅនឹង​សុភាសិត​របស់​បណ្ឌិត្យសភា ដែល​បាន​លើកឡើងថា បើ​អ្នក​បង្ហូរញើស​ច្រើន​នៅទីនេះ អ្នកនឹង​បង្ហូរឈាម​តិច​នៅតាម​ដងផ្លូវ​»​។

​ពាក់ព័ន្ធ​នឹង​ការបណ្ដុះបណ្ដាល​មន្ត្រីនគរបាល សម្ដេច​បាន​សង្កត់ធ្ងន់​ថា «​រដ្ឋ​បាន​ចំណាយ​ថវិកា​យ៉ាងច្រើន​សម្រាប់​គាំទ្រ​ដល់​បណ្ឌិត្យសភា ផ្ទុយទៅវិញ បើសិនជា​ធនធានមនុស្ស​ដែល​យើង​បាន​បណ្ដុះបណ្ដាល​រួច តែ​បែរជា​គ្មាន​គុណភាព ឬ​មិន​ត្រូវបាន​ប្រើប្រាស់ និង​មិនឱ្យ​តម្លៃ នោះ​ធ្វើឱ្យ​រដ្ឋ​ចំណាយ​ថវិកា​ឥតប្រយោជន៍​។ ទាក់ទង​នឹង​បញ្ហា​នេះ ខ្ញុំ​នៅតែ​សង្កេតឃើញ ថ្នាក់ដឹកនាំ​អង្គភាព​មួយចំនួន​តូច នៅតែ​ប្រកាន់​យកគំនិត​ទុទិដ្ឋិនិយម​និង​អភិរក្សនិយម ដោយ​យល់ថា មន្ត្រី​ដែល​អសកម្ម​ត្រូវ​ចាត់​បញ្ជូនមក​រៀន ហើយ​ខ្វះ​ការយកចិត្តទុកដាក់​ចំពោះ​អ្នក​ដែល​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​»។

សម្ដេច​ក្រឡាហោម ស ខេង បាន​ឲ្យ​ដឹងថា ចំពោះ​ការជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំងអស់ ត្រូវ​ជ្រើសរើស​បេក្ខជន​ដែលមាន​សមត្ថភាព ហើយ​រស់នៅក្នុង​មូលដ្ឋាន​នោះ​ផ្ទាល់ ពីព្រោះ​ដោយហេតុថា​ពួកគាត់​ទាំងនោះ​ស្គាល់​មូលដ្ឋាន​ខ្លួនឯង​យ៉ាងច្បាស់ និង​ងាយស្រួល ធ្វើការ​ងារ​ជូន​ប្រជាពលរដ្ឋ និង​គ្រប់គ្រង​មូលដ្ឋាន​មាន​ប្រសិទ្ធភាព​ផងដែរ​។
​សម្ដេច​ក្រឡាហោម​បន្ដថា សព្វថ្ងៃនេះ​មន្ដ្រីនគរបាល​នៅតាម មូលដ្ឋាន​ងាយស្រួល​រក​ណាស់ ពីព្រោះ​ក្មួយៗ​មានចំណេះដឹង​ច្រើនណាស់​។ សម្ដេច​ក្រឡាហោម​ក៏បាន​រំលឹក​ដែរ​ថា កាល​សម័យមុន​ប៉ូលិស​មួយចំនួន​មិនចេះ​អក្សរ​ឡើយ ហើយ​នៅ​សម័យ​នោះ រើស​ប៉ូលិស​ឲ្យ​តែ​បាន គ្មាន​គិតពី​ចំណេះ​ឡើយ​។​

​ជាងនេះទៅទៀត សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍​លើកឡើង​បន្ថែម​នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ និង​មន្ត្រីនគរបាល​ទាំងអស់​ដែរ​ថា ដើម្បី​ឲ្យ​ការងារ​មាន​ប្រសិទ្ធភាព និង​ទទួលបាន​លទ្ធផល​ល្អ​គឺ​តម្រូវអោយ​មន្ត្រីនគរបាល​របស់​យើង​ត្រូវមាន​ទាំង​បទពិសោធ និង​ចំណេះដឹង ដែល​ចំនុច​ទាំងពីរ​នេះ​ត្រូវ​ដើរ​ទន្ទឹមគ្នា ហើយ​មិន​ត្រូវមាន​អំនួត​ចំពោះ​បុគ្គល​ខ្លួនឯង ទាំង​ដែល​ខ្លួន​គ្មាន​សមត្ថភាព​បំពេញការងារ​បាន​នោះឡើយ​។ ប្រសាសន៍​សម្តេច «​អ្នកខ្លះ​រៀន​ចប់​ហើយ មកសុំ​ស័​ក្កិ ហើយ​សុំ​ល្មមៗ​មិន​អី​ទេ អ្នកខ្លះ​សុំ​ហួសពេក មួយឆ្នាំ​ឡើង​ពីរដង​ក៏មាន តែ​ឲ្យ​ទៅធ្វើ​ការ ធ្វើ​អត់​កើត​»

​សម្ដេច​បាន​មានប្រសាសន៍​ណែនាំ​ចំណុច​សំខាន់ៗ​មួយចំនួន ដើម្បី​ជំរុញ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ​បន្ត របស់​បណ្ឌិត្យសភា​ឱ្យទទួល​បាន ជោគជ័យ និង​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត ក្នុងនោះ​អគ្គនាយកដ្ឋាន​ភស្តុភារ​និង​ហិរញ្ញវត្ថុ ត្រូវ​ពិនិត្យឡើងវិញ​លើ​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ​២០២១​របស់​បណ្ឌិត្យសភា​ដែល​បាន​កាត់ចេញ និង​ត្រូវខិតខំ​សម្របសម្រួល​ជាមួយ​តំណាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​រក្សា​កញ្ចប់​ថវិកា​តាម​សំណើ​របស់​បណ្ឌិត្យសភា​ន​គ​របាល​កម្ពុជា សម្រាប់​គាំទ្រ​ដល់​វគ្គ​សិក្សា​នានា​ដែល​ត្រូវ​បណ្តុះបណ្តាល​។
​សម្ដេច​បាន​ណែនាំ​អង្គភាព​ពាក់​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ផ្ដល់​តម្លៃ​និង​ការលើកទឹកចិត្ត​ដល់​មន្ត្រី​ដែលមាន​សមត្ថភាព និង​គុណវុឌ្ឍិ​គ្រប់គ្រាន់ ដែល​បញ្ចប់​ការសិក្សា​នៅ​បណ្ឌិត្យសភា ឬ​នៅក្រៅ​ប្រទេស ហើយ​បណ្ឌិត្យសភា​ត្រូវ​បន្ដ​កសាង​វប្បធម៌​គុណភាព ក្នុងការ​បណ្ដុះបណ្ដាល​ក​ង​កម្លាំង​នគរបាល ឱ្យមាន​សមត្ថភាព​និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ពិតប្រាកដ ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​សង្គម​ជាតិ និង​ត្រូវ​ជំរុញ​ការងារ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នគរបាល និង​ត្រូវ​ប្រមូល​ព័ត៌មាន ទាក់ទង​ទៅនឹង​ការប្រើប្រាស់​ធនធានមនុស្ស​ដែល​បាន​បណ្ដុះបណ្ដាល​រួច នៅតាម​អង្គភាព​ប្រើប្រាស់​កងកម្លាំង​នានា​។
​ទាក់ទង​ទៅនឹង​សារៈមន្ទីរ​នគរបាលជាតិ ដែល​គ្រោង​សង់​ថ្មី​ក្នុង​បរិវេណ​បណ្ឌិត្យសភា សម្ដេច​បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​ត្រូវ​ជួបប្រជុំ​ពិភាក្សាគ្នា​អំពី​ការផ្ទេរ​ការគ្រប់គ្រង និង​ការសាងសង់​សារៈមន្ទីរ​នគរបាលជាតិ​នេះ​។

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សាស្ត្រាចារ្យ សេង ផល្លី ប្រធាន​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា បានធ្វើ​របាយការណ៍​ស្វាគមន៍​ជូន​សម្ដេច ព្រមទាំង​គណៈអធិបតី សន្និបាត​រយៈពេល​១​ថ្ងៃ​កន្លងមក បាន​ពិនិត្យ​ពិភាក្សា លទ្ធផល​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​៥​ឆ្នាំ ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៩ បណ្ឌិត្យសភា​នគរបាល​សម្រេចបាន​៨០,០៩​ភាគរយ ក្នុងនោះដែរ​ការងារ​ប​ណ្ដះ​បណ្ដាល​សម្រេច​បានសម្រេច​បាន​២០៩​វគ្គ ស្មើនឹង​២០៩៩៦​នាក់ ត្រូវជា​៨៦​ភាគរយ​ខណៈ​ការងារ​មួយចំនួនទៀត​ក៏មាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​ផងដែរ​។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សាស្ត្រាចារ្យ បាន​បន្ថែមថា សមិទ្ធផល​ដែល​សម្រេចបាន​ទាំងអស់ គឺជា​សក្ខីភាព​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ទិដ្ឋភាព​៤ គឺ​ការសម្រេច​ជោគជ័យ​តាម​កម្មវិធី​កំណែទម្រង់ និង​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំ​, ឆ្លុះបញ្ចាំង​ឱ្យឃើញថា​បណ្ឌិត្យសភា បាន និង​កំពុង​អនុវត្ត​ផែនការអភិវឌ្ឍន៍​ធនធានមនុស្ស​ផ្នែក​កម្លាំង​នគរបាលជាតិ និង​ពន្ធនាគារ​ប្រកបដោយ​ចីរភាព​, អនុវត្ត​យ៉ាងសកម្ម​នូវ​គោលនយោបាយ​កំណែទម្រង់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​កា​រព​ង្រឹ​កច្ច​សហប្រតិបត្តិការ​អន្តរជាតិ​៕​ដោយ​៖​កូ​ឡាប​

 

×