ភ្នំពេញ៖ វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ប្រព័ន្ធឧបករណ៍វិទ្យុ នាំផ្លូវអាកាសនៅក្នុងដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រារព្ធពិធីចុះហត្ថលេខាលើប្រកាសអន្តរក្រសួង រវាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៏ និង ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នាទីស្តីការ ក្រសួងព័ត៌មាន ។
ក្រោយចុះហត្ថលេខា ស្ដីពី «វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស នៅក្នុងដែនអាកាសនៃកម្ពុជា» នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងចំនួន៣ បានប្តេជ្ញា នឹងរៀបចំគោលការណ៍ស្តងដារ ដើម្បីធ្វើយ៉ាងណាមិនឱ្យការឆ្លងចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស កើតឡើងជាពិសេសនៅក្នុងតំបន់ហោះហើរ ក្នុងដែនអាកាសរបស់ប្រទេសកម្ពុជា។
ប្រកាសរួមស្តីពី «វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ប្រព័ន្ធ ឧបករណ៍វិទ្យុនាំផ្លូវ អាកាសនៅក្នុងដែនអាកាស នៃព្រះរាជាណាចក្រកម្ពុជា» មានគោលបំណងត្រួតពិនិត្យទប់ស្កាត់និងលុបបំបាត់ការប្រើប្រាស់ហ្វេកង់ស៍វិទ្យុ ដែលបង្កការឆ្លងរំខានចូលហ្វេកង់ស៍ប្រព័ន្ធឧបករណ៍វិទ្យុផ្លូវអាកាស របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
ប្រកាសនេះក៏មានគោលដៅ ទប់ស្កាត់និងលុបបំបាត់រាល់ការប្រើប្រាស់ហ្វេកង់ស៍ វិទ្យុ និងគ្រឿងសម្ភារ ឧបករណ៍ បរិក្ខារវិទ្យាគមនាគមន៍ខុសច្បាប់ ខុសបទដ្ឋានបច្ចេកទេស ដែល បង្កឱ្យកើតមានការឆ្លងរំខានចូលហ្រេ្វកង់ស៍ប្រព័ន្ធឧបករណ៍វិទ្យុ នាំផ្លូវអាកាសនៅ ក្នុងដែន អាកាសនៃព្រះរាជាណាចក្រកម្ពុជា។ -ធានាសុវត្ថិភាពការប្រើប្រាស់ហ្វេកង់ស៍វិទ្យុ សម្រាប់ ប្រព័ន្ធឧបករណ៍វិទ្យុនាំផ្លូវអាកាស ប្រកបដោយប្រសិទ្ធភាព- បង្កើនកិច្ចសហការ រវាង ក្រសួង ស្ថាប័នពាក់ព័ន្ធ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីផ្លាស់ប្តូរ ព័ត៌មាននិងធ្វើការ សិក្សាស្រាវ ជ្រាវ ចាត់វិធានការទប់ស្កាត់និងលុបបំបាត់ការឆ្លងចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៏ វិទ្យុនាំផ្លូវ អាកាសបានទាន់ពេលវេលា។
នៅក្នុងប្រការ ៤ នៃសេចក្តីប្រកាសរួមនេះ គឺ តម្រូវឱ្យក្រសួងព័ត៌មាន ក្រសួងប្រៃ សណីយ៍ និងទូរគមនាគមន៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលត្រូវចាត់តាំង អង្គភាព ជំនាញជាសេនាធិការធ្វើកិច្ចសហការ ស្រាវជ្រាវស្វែងរកប្រភពនៃការឆ្លងរំខានចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍វិទ្យុនាំផ្លូវអាកាស ដើម្បីចាត់វិធានការបានទាន់ពេលវេលានិងមាន ប្រសិទ្ធភាព ។
ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មានប្រសាសន៍ថា កាលពីមុននៅកម្ពុជាមានយន្តហោះក៏តិច ហើយវិទ្យុ ក៏តិច តែឥឡូវមានចំនួនច្រើន ស្ថានីយ៍វិទ្យុជាងរាប់រយ ហើយវិទ្យុខ្លះបានធ្វើការ សន្សំសំចៃលុយ បានទិញឧបករណ៏ដែលមិនមានស្តង់ដា ការតម្លើងខ្វះបច្ចេកទេស ត្រឹមត្រូវដែលធ្វើឱ្យការផ្សាយ ឆ្លងទៅប្រពន្ធ័ឧបករណ៏វិទ្យុបញ្ជាយន្តហោះ ដែលជាការ បង្កគ្រោះថ្នាក់ធ្ងន់ណាស់ដល់សុវត្ថិភាពនៃការហោះហើរ របស់យន្តហោះ។ នៅក្នុងរដូវភ្លៀង ក៏មានការប៉ះពាល់ទៅនិង ហ្វ្រេកង់ វិទ្យុទាក់ទង អាយកូម របស់ក្រុមអ្នកចាក់ភ្នាល់ទឹកភ្លៀងផងដែរ ដែលជាការព្រួយបារម្ភ។ ដូច្នេះហើយទើបមានការ បង្កើតជាក្រុមការងារអន្តរក្រសួង ដែល មានស្ថាប័នទាំង ៣ រួមគ្នា ដើម្បីមានវិធានការ ច្បាស់លាស់ ក្នុងការទប់ស្កាត់ឱ្យបានទាំង ស្រុងពីការឆ្លងរំខាន ដើម្បីជាការរក្សាសុវត្ថិភាពជូនដល់ភ្លៀវដែលធ្វើដំណើរតាម យន្តហោះ។
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ មានប្រសាសន៍បញ្ជាក់ថា កិច្ចការងារខាងលើនេះ គឺយើងបានធ្វើ ជាច្រើនឆ្នាំមកហើយ តែនៅមានផលលំបាកជាច្រើន ហើយបច្ចុប្បន្ន នៅកម្ពុជា មានក្រុមហ៊ុន អាកាសចរណ៏ចំនួន ៤០ ក្រុមហ៊ុន និងមានការកើនឡើងនូវវិទ្យុផ្សាយសំលេងចំនួនច្រើន រលកធាតុអាកាសនៃការផ្សាយ ស្ថិតនៅចន្លោះក្បែរៗគ្នា ច្រើន ដែលនាំឱ្យមានការឆ្លងមក ប្រព័ន្ធបញ្ជាយន្តហោះ ដែលពេលនោះមិនអាចធ្វើទំនាក់ទំនងគ្នាបាន គឺជាហានិភ័យខ្ពស់សម្រាប់អ្នកបើកបរយន្តហោះ ក្នុងការចុះចត ។ បើសិនជាមានបញ្ហានេះកើតឡើងមែនភាពអាមាស់ធំបំផុតធ្លាក់មកលើប្រទសកម្ពុជាតែម្តង។
ដូច្នេះនាឱកាសនេះ ទើបស្ថាប័នទាំងបីបានរួមសហការគ្នាធ្វើកិច្ចការបច្ចេកទេសឱ្យដល់កម្រិតណាមួយ ដែលអាចទទួលយកបានទាំងអស់គ្នា ដើម្បីបម្រើដល់សេវាកម្មលើអាកាស ឱ្យទទួលបានសុវត្ថិភាព ដោយមិនចង់ឃើញថា បញ្ហាគ្រោះថ្នាក់ដែលពាក់ពន្ធ័លើវិស័យ អាកាសចរណ៍ បង្កឡើងទាក់ទងវិស័យវិទ្យុផ្សាយសំលេង នៅផ្ទៃដីទៅលើអាកាសយាន្ត ដែល កំពុងប្រតិបត្តិការនៅលើដែនអាកាសនោះទេ ។
ឯកឧត្តម រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ចាប់ពីឱកាសនេះទៅ ស្ថាប័នទាំង ៣ នឹង រួមគ្នាជាមួយ ស្ថាប័នពាក់ព័ន្ធដើម្បីធ្វើកិច្ចការងារនេះឱ្យទទួលបានជោគជ័យ ក្នុងការបម្រើដល់វិស័យ អាកាសចរណ៍ឱ្យទទួលបានសន្តិសុខ សុវត្ថិភាព និងភាពជាពាណិជ្ជកម្ម សម្រាប់បម្រើដល់ផលប្រយោជន៍ ដល់រាជរដ្ឋាភិបាល។
ឯកឧត្តម ជា វ៉ាន់ដេត មានប្រសាសន៍លើកឡើងថា តាមរយះសេចក្តីប្រកាសរួមរវាងស្ថាប័ន ទាំងបី នឹងរៀបចំគោលការណ៏ និងស្តង់ដា ដើម្បីធ្វើយ៉ាងណាកុំឱ្យមានការឆ្លងរំខានេះ កើតមានឡើង ពិសេសក្នុងតំបន់ហោះហើរ ដែនអាកាសប្រទេសកម្ពុជា ព្រោះការឆ្លងរំខាន គឺមានការគ្រោះថ្នាក់ និងបញ្ហាធំដល់ប្រទេសកម្ពុជា។ សម្រាប់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺធានាថា ធ្វើយ៉ាងដូចម្តេចឱ្យផ្លូវហោះហើរ មានសុវត្ថិភាព ។ តាមរយះនេះក្រសួងក៏នឹងធ្វើការពង្រឹងអង្គភាពគ្រប់គ្រងហ្វ្រេកង់វិទ្យុ ដើម្បីអាចឱ្យក្រុមការងារចុះទៅពិនិត្យ លក្ខណះបច្ចេកទេស ដែលមានការខ្វះខាត ដើម្បីជាការកែសម្រួលឡើងវិញកុំឱ្យមានការ ឆ្លងរំខានទៀត ព្រោះវានាំឱ្យមានគ្រោះថ្នាក់ ដល់ប្រព័ន្ធបញ្ជាយន្តហោះ ដ៏មានសារសំខាន់នេះ៕
ការប្តេជ្ញាចិត្តបែបនេះ របស់លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានធ្វើឡើងក្រោយមានការឆ្លងរំខានសំឡេងមួយចំនួនចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស និងការមិនគោរច្បាប់ និងតាមការណែនាំរបស់ម្ចាស់ស្ថានីយ៍វិទ្យុផ្សព្វផ្សាយមួយចំនួនផងដែរ។
លោក ជា វ៉ាន់ដេត បានប្តេជ្ញាចិត្តយ៉ាងដូច្នេះថា៖ «កន្លងមកក្រសួង ស្ថាប័នទាំង៣ បានសហការគ្នាបានល្អ ប៉ុន្តែ យើងសហការគ្នាជាលក្ខណៈទៅតាមករណីនីមួយៗ ប៉ុន្តែ បន្ទាប់ពីសេចក្តីប្រកាសរួមនេះ ក្រសួង ស្ថាប័នយើងទាំង៣នឹងរៀបចំនូវគោលការណ៍ ស្តងដារ ដើម្បីធ្វើយ៉ាងម៉េចឱ្យការឆ្លងរំខាននេះ (ការឆ្លងរំខានចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស) មិនមានកើតឡើងជាពិសេសនៅក្នុងតំបន់ហោះហើរនៅក្នុងដែនអាកាសរបស់ព្រះរាជាណាចក្រកម្ពុជា»។
លោក ជា វណ្ណដេត បានឱ្យដឹងថា ការឆ្លងរំខានចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស មានគ្រោះថ្នាក់ និងមានបញ្ហាធំសម្រាប់ប្រទេសជាតិ ដូច្នេះហើយ បានជាក្រសួងព័ត៌មាន, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានឯកភាពគ្នារៀបចំការចុះហត្ថលេខា ស្ដីពី «វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស នៅក្នុងដែនអាកាសនៃកម្ពុជា» នាពេលនេះតែម្តង។
លោក ជា វណ្ណដេត បានបន្តថា ក្នុងនាមជាក្រសួងដែលគ្រប់គ្រងហ្វ្រេកង់ស៍វិទ្យុ នឹងធ្វើយ៉ាងណា ដើម្បីធានាឱ្យនៅតំបន់ហោះហើររបស់អាកាសយានដ្ឋានរបស់កម្ពុជា មានសុវត្ថិភាព។ ក្នុងន័យនេះដែរ ក្រសួងប្រៃសណីយ៍ ក៏បានពិចារណាពង្រឹងអង្គភាពគ្រប់គ្រង ហ្វ្រេកង់ស៍វិទ្យុ ដើម្បីអាចស្កេន ធ្វើតេស្តពិនិត្យមើលនូវរាល់ចំណុចខ្វះខាតដែលអាចកើតមានឡើងជាដើម។
លោក ខៀវ កាញារីទ្ធ បានឱ្យដឹងថា បច្ចុប្បននេះ នៅប្រទេសកម្ពុជា មានរលកសញ្ញាមួយទៀត ដែលសំខាន់មែនទៀត គឺការភ្នាល់ទឹកភ្លៀង ដែលពួកនេះបានប្រើប្រាស់អាយកូមជាប់ ហើយចំណុចនេះជាការលំបាកផងដែរ។ ដូច្នេះ សូមឱ្យក្រសួង ស្ថាប័ន ទាំងអស់ត្រូវខិតខំធ្វើការងារនេះបន្ថែមទៀត។
លោក ខៀវ កាញារីទ្ធ បានឱ្យដឹងថា ករណីមួយទៀត ជាគោលការណ៍ប្រសិនបើរកឃើញថាមានវិទ្យុណាមួយប៉ពាល់ដល់ការរំខាន ឆ្លងចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស ក្រសួងនឹងបញ្ជាឱ្យបិទជាបន្ទាន់ ព្រមទាំងចាត់តាំងក្រុមការងារជំនាញចុះទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស ហើយបច្ចុប្បន្ននេះ ក្រសួងបានដាក់នូវឧបករណ៍ដើម្បីការពារកុំឱ្យលោតឆ្លងចូលជាដើម។
រដ្ឋមន្ត្រីក្រសួព័ត៌មាន បានបញ្ជាក់ថា ករណីឆ្លងរលកសំឡេងរំខានចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស នេះអាចបណ្តាលមកពីការប្រើដាក់អង់តែន នៅជិតគ្នាពេកជាដើម។
លោក ម៉ៅ ហាវណ្ណាល់ បានឱ្យដឹងថា ក្នុងនាមជាថ្នាក់ដឹកនាំលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល លោកបានខិតខំណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ធ្វើការទំនាក់ទំនងគ្នាជាមួយក្រសួងព័ត៌មាន ទៅលើការដោះស្រាយបញ្ហាការចម្លងជ្រៀតជ្រែករវាងរលកធាតុអាកាសរបស់អាកាសចរណ៍ស៊ីវិល និងរលកធាតុអាកាសរបស់វិទ្យុផ្សាយសំលេងក្រសួងព័ត៌មាន ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យអាកាសចរណ៍ស៊ីវិលជាដើម។
លោក ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា ដូច្នេះ ក្រោយពីបានចុះហត្ថលេខាព្រមព្រៀងទាំង៣ ក្រសួង ស្ថាប័ន របស់យើងនេះ ខ្ញុំជឿជាក់ថា យើងអនុវត្ត ឱ្យមានប្រសិទ្ធភាព ហើយក្តីបារម្ភរបស់អាកាសចរណ៍ស៊ីវិលនឹងអាចកាត់បន្ថយ យើងនឹងខិតខំកែច្នៃចៀសវាងការជ្រៀតជ្រែកចូលរលកធាតុអាកាសរវាងអាកាសចរណ៍ស៊ីវិល, ក្រសួងព័ត៌មាន ក៏ដូចជាក្រសួងប្រៃសណីយ៍ហ្នឹង យើងនឹងខិតខំបំបាត់ឱ្យដល់កម្រិតណាមួយដែលយើងអាចទទួលយកបានទាំងអស់គ្នា»។
លោកបានបន្ថែមថា អាកាសចរណ៍ស៊ីវិល មិនចង់ឃើញបញ្ហាគ្រោះថ្នាក់កើតឡើងលើវិស័យអាកាសចរណ៍ពាក់ព័ន្ធទៅនឹងវិទ្យុផ្សាយសំលេងផ្ទៃដី ទៅលើអាកាសយានដែលកំពុងធ្វើប្រតិបត្តិការលើដែនអាកាសនោះទេ។ ដូច្នេះ កាលណាមានបញ្ហានេះកើតឡើងលោកជឿជាក់ថាកិត្តិយសមិនមែនបាត់បង់តែលើវិស័យអាកាសចរណ៍ស៊ីវិលនោះទេ គឺអាចពាក់នឹងក្រសួងព័ត៌មាន ជាពិសេសពាក់ព័ន្ធនឹងកិត្តិយសរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនអាចបម្រើសេវាកម្មវិទ្យុទាក់ទងនេះជាដើម៕
ដោយ៖បញ្ញាស័ក្តិ