ប្រទេសវៀតណាម បានធ្វើការផ្អាកជើងហោះហើរទាំងអស់ធ្វើដំណើរពី និងទៅកាន់ទីក្រុងដាណាង (Danang) រយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃអង្គារនេះតទៅ ក្រោយពេលមានការរកឃើញករណីឆ្លង COVID-19 ចំនួន ១៤ករណីនៅក្នុងទីក្រុងនេះ។
អាជ្ញាធរក៏បានធ្វើការផ្អាកសេវាកម្មរថយន្តក្រុង និងរថភ្លើងទាំងអស់ផងដែរ ដែលធ្វើដំណើរពី និងទៅទីក្រុងខាងលើ។ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលនៅក្នុងសេចក្តីប្រកាស។
វៀតណាមបានធ្វើការគ្រប់គ្រងការឆ្លងរាតត្បាតវីរុសបានយ៉ាងល្អប្រសើរ ហើយការបិទប្រទេសត្រូវបានដកចេញវិញចាប់តាំងពីខែមេសា ហើយមានអ្នកទេសចរក្នុងស្រុកជាច្រើនបានធ្វើដំណើរទៅទីក្រុងឆ្នេរ ដាណាង។
ប៉ុន្តែអាជ្ញាធរបានដាក់វិធានការរឹតត្បិតការដើរហើរវិញ រួមមានការបញ្ឈប់សេវាកម្មរថយន្ត និងតាក់ស៊ីទាំងអស់នៅក្នុងទីក្រុង បន្ទាប់ពីមានការប្រកាសរកឃើញករណីឆ្លងវីរុសលើកដំបូង ក្នុងរយៈពេល ១០០ចុងក្រោយ។
សេវាកម្មរថភ្លើង ទូក រថយន្តក្រុង តាក់ស៊ី និងមធ្យោបាយទេសចរណ៍ទាំងអស់ក៏នឹងត្រូវផ្អាករយៈពេល ១៥ថ្ងៃផងដែរ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ វៀតណាម ដែលមានប្រជាជន ៩៧លាននាក់ មានការឆ្លងវីរុសកូរ៉ូណាសរុបទាំងអស់ចំនួន ៤៣១ករណី និងគ្មានអ្នកស្លាប់ឡើយ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ AFP