ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្រេចដាក់វិន័យកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង៧នាក់ ដែលបានប្រព្រឹត្តខុសពីវិន័យ និងវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ ដោយផ្អាកការងារបណ្តោះអាសន្ន តាមសេចក្តីសម្រេចលេខ ៤៩០សសរ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បញ្ជាឲ្យស្នងការនគរបាលខេត្តព្រៃវែង ចុះទៅធ្វើការសូមទោស ប្រជាពលរដ្ឋពលរដ្ឋ៦គ្រួសារ ចំពោះទង្វើមន្ត្រីរបស់ខ្លួនដែលបានប្រព្រឹត្តខុសវិជ្ជាជីវៈ ក្នុងប្រតិបត្តិការបង្ក្រាប អ្នកប្រើប្រាស់គ្រឿងញៀន នៅស្រុកពារាំង ខេត្តព្រៃវែង ព្រមទាំងប្រគល់ថវិកាសងដល់ក្រុមគ្រួសារវិញ។
ពាក់ព័ន្ធនឹងការសម្រេចដល់វិន័យចំពោះមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងដោយសារតែ ៖ ១.នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ ព្រុំ សន្ធរ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចុះផ្ទាល់ដើម្បីធ្វើការសុំអភ័យទោស និងនាំយកថវិកាទៅប្រគល់ជូនក្រុមគ្រួសារទាំង៦ ស្ថិតនៅភូមិអណ្តូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដែលពាក់ព័ន្ធនឹងករណីនគរបាលខេត្តព្រៃវែងបង្ក្រាបអ្នកប្រើប្រាស់គ្រឿងញៀន រួចដោះលែងត្រឡប់ទៅផ្ទះវិញជាថ្នូរនិងការទទួលប្រាក់។
២.កាលពីថ្ងៃទី២០ ខែកក្កដា វេលាម៉ោង ២០ និង ៣០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចមុខខ្លោងទ្វាវត្តរោងដំរី ស្ថិតនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុង-ខេត្តព្រៃវែង បានឃាត់ខ្លួនមុខសញ្ញាសង្ស័យប្រើប្រាស់គ្រឿងញៀន ចំនួន២នាក់ ដោយអំពើហិង្សាកើតឡើងបង្កឲ្យមានរបួសស្នាម។ ហើយក្រោយមកបានប្រគល់ជនទាំង២នាក់នោះឲ្យឱពុក-ម្តាយដើម្បីយកទៅគ្រប់គ្រង និងអប់រំបន្ត។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានដាក់បទបញ្ជាឲ្យថ្នាក់ដឹកនាំនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ត្រូវពង្រឹងការអនុវត្តន៍វិន័យរបស់កងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស និងមិនលើកលែងដាច់ខាតចំពោះមន្ត្រីនគរបាលណាម្នាក់ដែលប្រព្រឹត្តខុសពីវិន័យ និងវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ និងអាចឈានដល់ការអនុវត្តនីតិវិធីច្បាប់ទៀតផង។
នាយឧត្តមសេនីយ៍នេត សាវឿន បានសម្រេចផ្អាកការងារបណ្តោះអាសន្ន ចំពោះមន្ត្រីនគរបាលជាតិចំនួន៧រូបនៃស្នងការដ្ឋានគរបាលខេត្តព្រៃវែង ដូចជា ១) ឧត្តមសេនីត្រីយ៍ ថោង វណ្ណឌី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ២)វរសេនីយ៍ឯក ពៅ ជីវ័ន នាយការិយាល័យប្រឆាំងគ្រឿងញៀន ៣) អនុសេនីយ៍ឯក ទូច ធារ៉ា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ៤) អនុសេនីយ៍ឯក ស៊ី បូ នាយផ្នែកនៃការិយាល័យប្រឆាំងគ្រឿងញៀន ៥) អនុសេនីយ៍ឯក ហេង ចាន់រតនា មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន ៦)អនុសេនីយ៍ឯក សៀក ចាន់ធឿន មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន និង៧) អនុសេនីយ៍ទោ យុន តារាភ័ស្ត មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន ។
សាមីខ្លួន ដែលមានឈ្មោះក្នុងប្រកា១ ត្រូវមកបង្ហាញខ្លួនរៀងរាល់ម៉ោងធ្វើការងារ នៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីរង់ចាំការសម្រេចជាថ្មី។
បើតាមលោកផែង វណ្ណៈ បានសរសេរសារលើហ្វេសប៊ុកថា នៅព្រឹកថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២០ ខ្ញុំបានចុះមកខេត្តព្រៃវែងជួបយុវជន ២នាក់ ជាកម្មករផ្សារដែក ដែលរងគ្រោះដោយសារ លោកអនុសេនីយ៍ឯក ទូច ធារ៉ា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចាប់ធ្វើទារុណកម្ម និង ជំរិតយកលុយ ៤ លានរៀល កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ទាំងប្អូនទាំងពីរគ្មានកំហុសអ្វីសោះ ។ ពេលលោកទៅដល់ ទើបដឹងថា គ្រួសារយុវជនទាំងពីរជាប្រជាពលរដ្ឋក្រីក្រ រកមួយថ្ងៃរស់មួយថ្ងៃ ហើយឪពុកម្ដាយយុវជនទាំងពីរ បាននាំគ្នាទៅខ្ចីលុយចងការប្រាក់គេម្នាក់ ២លានរៀល សរុប ៤ លានរៀល ដោយគិតការប្រាក់ក្នុងមួយខែ ១២ ម៉ឺនរៀល ដើម្បីយកទៅឲ្យលោកអនុសេនីយ៍ឯក ទូច ធារ៉ា ទើបឈ្មោះ ទូច ធារ៉ា ដោះលែង យុវជនទាំងពីរ ។ ដោយក្ដីអាណិតអាសូរខ្ញុំបានរៃលុយជាមួយមិត្តភក្តិ បានចំនួន ៤ លានរៀល និង ១៣ ម៉ឺនរៀលថែមទៀត ឲ្យពួកគាត់យកទៅសងគេវិញ ។ សង្ឃឹមថាយុវជនទាំងពីរនេះ នឹងទទួលបានយុត្តិធម៌ឆាប់ៗ ហើយមន្ត្រីពាក់ព័ន្ធនឹងត្រូវទទួលទោសតាមច្បាប់ ។
លោកស័ក្ដិ៣ ទូច ធារ៉ា ពីមន្ត្រី ផ្លោះឡើង អនុប្រធានការិយាល័យ ប្រឆាំងគ្រឿងញៀន នៃ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កំពុងរងការចោទប្រកាន់ពី យុវជន ២ នាក់ ថាបានចាប់ពួកគាត់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ធ្វើទារុណកម្ម វាយនឹងស្នាប់កាំភ្លើងផង ឆក់នឹងដំបងឆក់ផង និងជំរិតយកលុយ ៤ លានរៀល កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ទើបដោះលែង ។
ឥឡូវពេលព័ត៌មានបែកធ្លាយ ភ័យស្លន់ស្លោ ក៏យកលុយ ៤លានរៀល សងយុវជនរងគ្រោះវិញ តែយុវជនរងគ្រោះមិនទទួល ហើយសំណូមពរឲ្យចាត់វិធានការច្បាប់ចំពោះ លោកស័ក្តិ៣ ទូច ធារ៉ា ។ សង្ឃឹមថាមិនរួចខ្លួនទេ អាក្អូន ក្រដាស់មិនអាចខ្ចប់ភ្លើងបានទេ ។ សាងល្អបានល្អ សាងអាក្រក់បានលុយ ឥឡូវបានលុយហើយចាយមិនកើត ព្រោះជាលុយក្ដៅក្រហាយ ។
នាយនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំនួន ៧ នាក់ ទទួលការដាក់វិន័យពីអគ្គស្នងការនគរបាលជាតិ ដោយផ្អាកការងារបណ្ដោះអាសន្នរង់ចាំការសម្រេចជាថ្មីពីថ្នាក់ដឹកនាំ ដោយសារតែពួកគេមានការជាប់ពាក់ព័ន្ធនឹងការចាប់ប្រជាពលរដ្ឋជំរិតយកលុយ ៕
ដោយ៖កូឡាប