ព្រះសីហនុ៖យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តព្រះសីហនុ ចេញផ្សាយនៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចុះអនុវត្តវិធានការរដ្ឋបាល រុះរើខ្ទមចំនួន ៤៣ខ្ទម និងផ្លាញកូនស្វាយដាំថ្មីៗជាច្រើនដើម ដែលក្រុមអនាធិតេយ្យ នៅព្រែកទឹកសាបក្បាលឆាយ។
យោងតាមសេចក្តីប្រកាសព័ត៌មាននេះ គណៈបញ្ជាការឯកភាពខេត្ត បានឃើញថាប្រជាពលរដ្ឋមួយក្រុម បានសាងសង់ទីជម្រកអនាធិបតេយ្តនៅលើដីដែលជាកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋមួយកន្លែង ហើយត្រូវបានម្ចាស់ដីឯកជននោះបណ្តេញចេញ ក្រោយពីបណ្តេញចេញពីដីឯកជននោះមក ប្រជាពលរដ្ឋទាំងនោះ បានមកតាំងនៅតំបន់អូរត្រាវ ភូមិ១សង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុតែម្តង។
រហូតដល់ថ្ងៃទី១៤ ខែកក្កដាថ្មីៗនេះ កម្លាំងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាមនខេត្ត បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានចុះអប់រំ ណែនាំ និងរុះរើ ទីកម្រកអនាធិបតេយ្យនៅទីតាំងចំណុចខាងលើម្តងរួចមកហើយ ប៉ុន្តែប្រជាពលរដ្ឋបានស្នើសុំធ្វើការរុះរើដោយខ្លួនឯង។
បន្ថែមពីនេះនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្ស បានចុះពិនិត្យមើលទីតាំងជាក់ស្តែងនោះម្តងទៀត បានឃើញថាមិនមានការរុះរើនោះឡើយ លើសពីនេះពួកគាត់បានសាងសង់ផ្ទះ និងខ្ទមបន្ថែមទៀត។ បន្ទាប់មក នៅថ្ងៃចន្ទទី២៧ ខែកក្កដា ឆ្នាំ២០២០ កន្លងមកនេះ គណៈបញ្ជាការឯកភាពខេត្តសហការមន្ត្រីជំនាញ បានចុះអនុវត្តវិធានការរដ្ឋបាល រុះរើខ្ទមចំនួន ៤៣ខ្ទម និងផ្លាញកូនស្វាយដាំថ្មីៗជាច្រើនដើម ដែលក្រុមអនាធិតេយ្យ នៅព្រែកទឹកសាបក្បាលឆាយនេះតែម្តង។
លោកអ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានលើកឡើងថា នៅព្រឹក ថ្ងៃ២៧ កក្កដា២០២០ ខ្ញុំបានដឹកនាំក្រុមការងារចម្រុះទៅរុះរើខ្ទមអនាធិបតេយ្យសង់ និងរស់នៅក្នុងដីអនុក្រឹត្យ ១១៦ ស្ថិតនៅក្រុមទី១៧ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ និងមានសមាសភាពចូលរួមដូចខាងក្រោម៖ ១/ មន្ត្រីសាលាខេត្ត ចំនួន ០៥នាក់ ។ ២/ កំលាំងក្រុង ចំនួន ១៨៥នាក់ ( មន្ត្រីសុីវិលក្រុងចំនួន ០៦នាក់ ប្រជាការពារប្រចាំសាលាក្រុងចំនួន ២៨នាក់ នគរបាលក្រុងចំនួន ០៥នាក់ អាវុធហត្ថក្រុងចំនួន ០៨នាក់ និងសង្កាត់១ ចំនួន ១៣៨នាក់ )។ ៣/ នគរបាលខេត្តចំនួន ០៦នាក់។ ៤/ កងរាជអាវុធហត្ថខេត្តចំនួន ១០នាក់។ ៥/ មន្ទីរបរិស្ថានចំនួន ២៣នាក់។ ៦/ ក្រុមហ៊ុនសេងទិត្យចំនួន ០៧នាក់។ ៧/ ក្រុមហ៊ុនkswmចំនួន ០២នាក់។ សរុបរួមចំនួន ២៣៥នាក់ ។ ប្រើគ្រឿងចក្រចំនួន០៧គ្រឿង ដូចខាងក្រោម៖ ១/ ក្រុមហ៊ុនសេងទិត្យ ជួយឡានដឹកចំនួន ០៣គ្រឿង និងឡានសាសឺ ចំនួន ០២គ្រឿង។ ២/ ក្រុមហ៊ុនសំរាមជួយឡានដឹកចំនួន០២គ្រឿង។
លោកបន្តថា លទ្ធផល ក្រុមការងារបានរុះរើខ្ទមប្រក់តង់សង់លើខ្នងទំនប់ដីអនុក្រឹត្យ១១៦ ជាប់របងដីឧកញ៉ា លឹម ហ៊ុយឡេង ចំនួន ៣៨។ ក្រុមការងារបានរុះរើខ្ទមប្រក់ស័ង្កសីចំនួន ៥ទីតាំង ដែលសង់ចូលជ្រៅក្នុងដីអនុក្រឹត្យ១១៦ ក្រុមការងារបានកាប់ដើមស្វាយដាំថ្មីជាច្រើនដើម ឈួស និងដកបង្គោលចោលជាច្រើន បង្គោល។ ចាប់រុះរើ រហូតរុះរើចប់ គឺមិនមានហឹង្សា និងបង្ករបួសដល់ភាគីណាមួយនោះទេ៕ ដោយ៖កូឡាប