ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរមីន បានប្រកាសថា នៅថ្ងៃទី២៨ ខែកក្កដា ២០២០ វេលាម៉ោង១៦និង៤៥នាទី ល្ងាច ប្រជាពលរដ្ឋបានទៅរកជីកទំពាំង នៅមាត់អូរព្រំដែនជួរភ្នំដងរែក បានជាន់មីនផ្ទុះរបួសជាទម្ងន់។
ជនរងគ្រោះមានឈ្មោះ ឈុំ ខេន ប្រុស អាយុ ១៤ ឆ្នាំ មានទីលំនៅ ភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ ក្មេងប្រុសរងគ្រោះ ឈ្មោះ ឈុំ ខេន អាយុ១៤ឆ្នាំ មានទីលំនៅភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះ បានដើរចូលទៅក្នុងទឹកដីថៃតាមបន្ទាត់ព្រំដែន ត្រង់ចន្លោះបង្គោលសីម៉ាលេខ២៨-២៩ នៅចំណុចខាងលិចភូមិដងរែក ឃុំបន្ទាយឆ្មារ ដើម្បីដាក់អន្ទាក់សត្វនិងដើររកជីកទំពាំង បានជាន់មីនបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ជើងទាំង២និងខ្លួនប្រាណ ។ ក្រោយពីកើតហេតុក្មេងរងគ្រោះត្រូវបានសមត្ថកិច្ចប្រចាំការនៅទីនោះ ជួយដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ។
ជាមួយគ្នានោះដែរ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុថ្មពួក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ពិសេសកុំទៅជិតព្រំដែនដើម្បីរុករកអនុផលព្រៃឈើឬក៏ដាក់អន្ទាក់សត្វ ព្រោះជាតំបន់គ្រោះថ្នាក់សំបូរទៅដោយគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលអាចបង្ក គ្រោះថ្នាក់ជាយថាហេតុ ហើយឃើញមានស្លាកសញ្ញាគ្រោះថ្នាក់មីន កុំទៅចូលព្រៃដែលមានស្លាកសញ្ញា ហាមឃាត់ឲ្យសោះ ៕ដោយ៖កូឡាប