ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បដិសេធទាំងស្រុងចំពោះគណនី Tik Tok ឈ្មោះ Ounlin888899 ដែលបានបង្ហោះវីដេអូ ដែលមានខ្លឹមសារប្រមាថមើលងាយមកលើសមត្ថកិច្ចកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្វែងរក និងកោះហៅបុគ្គលឈ្មោះ យុន សុខលីន មកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើការវាយតម្លៃខ្វះការពិចារណា ពុំមានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់។
បន្ទាប់ពីការពន្យល់ និងធ្វើការអប់រំណែនាំ សាមីខ្លួនបានយល់អំពីកំហុសដោយទទួលស្គាល់ព័ត៌មានវីដេអូ ដែលខ្លួនបានបង្ហោះនោះជាព័ត៌មានបំភ្លើសការពិត បានយល់ព្រមទទួលកំហុស និងយល់ព្រមថតជាវីដេអូសូមទោសកងកម្លាំងអនុវត្តច្បាប់ជាសារធារណៈ ។
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះកិច្ចសហការល្អរបស់សាធារណជន ជាពិសេសបណ្ដាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម រិះគន់ក្នុងន័យស្ថាបនា និងទទួលយកជាមូលដ្ឋានធ្វើការកែលម្អ ហើយក៏សូមអំពាវនាវដល់សាធារណជន និងបណ្ដាញសង្គមចៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឲយមានភាពវឹកវរ បំពុលបរិយាកាសសង្គម បង្កចលាចលនាំឲ្យមានភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ជាធរមានផងដែរ ៕ ដោយ៖កូឡាប