រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab បានប្រាប់អ្នកការទូតជាន់ខ្ពស់របស់ចិនឈ្មោះ Wang Yi ថាអង់គ្លេសនឹងធ្វើការឃ្លាំមើលការបោះឆ្នោតនៅហុងកុង យ៉ាងយកចិត្តទុកដាក់ និងបានធ្វើការបញ្ជាក់ថា ចិនត្រូវតែកសាងទំនុកចិត្តឡើងវិញ ចំពោះសហគមន៍អន្តរជាតិ។
អ្នកនាំពាក្យការិយាល័យបរទេសអង់គ្លេស បាននិយាយបន្ទាប់ពីការតេសន្ទនាគ្នារវាងមន្ត្រីទាំងពីរថា “រដ្ឋមន្ត្រីការបរទេសបាននិយាយថា ចក្រភពអង់គ្លេសនឹងឃ្លាំមើលការបោះឆ្នោតហុងកុង នៅខែកញ្ញាយ៉ាងយកចិត្តទុកដាក់ និងបានជំរុញឲ្យចិនប្រកាន់ភ្ជាប់នូវកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិនៅក្នុងតំបន់ Xinjiang”។
“លោកបានសង្កត់ធ្ងន់ពីសារសំខាន់របស់ចិន ក្នុងការកសាងឡើងវិញនូវទំនុកចិត្តជាមួយ នឹងសហគមន៍អន្តរជាតិ តាមរយៈការបំពេញទំនួសខុសត្រូវអន្តរជាតិរបស់ខ្លួន”។
សូមបញ្ជាក់ថា បច្ចុប្បន្ន ចិនកំពុងរងសម្ពាធអន្តរជាតិយ៉ាងខ្លាំង ជុំវិញបញ្ហាជាច្រើន ដូចជាបញ្ហាផ្ទុះវីរុសកូរ៉ូណា សង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិច ការចង់ក្តោបក្តាប់សមុទ្រចិនខាងត្បូងតែម្នាក់ឯង និងការដាក់ច្បាប់សន្តិសុខជាតិលើទីក្រុងហុងកុង។
ច្បាប់សន្តិសុខជាតិដែលទីក្រុងប៉េកាំង បានអនុម័តកាលពីដើមខែនេះ ត្រូវបានគេមើលឃើញថា នឹងធ្វើឲ្យបាត់បង់ស្វ័យភាពកម្រិតខ្ពស់ របស់ទីក្រុងហុងកុង។
ជុំវិញបញ្ហាច្បាប់នោះ ប្រទេសធំៗជាច្រើនដូចជា អូស្ត្រាលី កាណាដា ញូវហ្សឺឡែន និងអង់គ្លេសសុទ្ធតែបានផ្អាកកិច្ចព្រមព្រៀង ជាមួយនឹងទីក្រុងហុងកុង ដោយពួកគេលែងទុកចិត្តប្រព័ន្ធយុត្តិធម៌ហុងកុងថា លែងមានឯករាជ្យពីចិនទៀតហើយ។
សូមរំលឹកថា ទីក្រុងហុងកុង ត្រូវបានអង់គ្លេសប្រគល់ទៅឲ្យចិនវិញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀងមួយ ដែលផ្តល់សេរីភាព និងស្វ័យភាពកម្រិតខ្ពស់ដល់ទីក្រុងហុងកុងរយៈពេល ៥០ឆ្នាំ។ ហុងកុងជាផ្នែកមួយរបស់ចិន ប៉ុន្តែហុងកុងមានប្រព័ន្ធដឹកនាំដោយឡែកពីចិន៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters