ភ្នំពេញ ៖ អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ Wildlife បានចេញផ្សាយព័ត៌មានផ្លូវការរបស់ខ្លួន នៅយប់ថ្ងៃអង្គារទី២៨ ខែកក្កដា ឆ្នាំ២០២០ថា កាលពីថ្មីៗនេះមន្ត្រីឧទ្យានុរក្ស ក្រសួងបរិស្ថាន និង អង្គការសម្ព័ន្ធមិត្តសត្វព្រៃប្រចាំស្នាក់ការល្បាត ចំបក់ បានធ្វើការឆ្មក់ចូលភោជនីយដ្ឋានមួយកន្លែង ដោយដកហូតបានសាច់សត្វខ្ទីងទម្ងន់ ៧២គីឡូក្រាម។
អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ Wildlife ឱ្យដឹងថា នេះគឺជាករណីទី២ហើយ ដែលសត្វខ្ទីងមួយក្បាលទៀតត្រូវបានប្រទះឃើញងាប់ បន្ទាប់ពីការឃើញមួយទៀតនោះគឺនៅក្នុងខែមិថុនា ឆ្នាំ២០២០ ដោយមន្ត្រីឧទ្យានុរក្សស្នាក់ការ អូរសោម ដែលពួកគាត់បានប្រទះឃើញសត្វខ្ទីងមួយក្បាលត្រូវបានជាប់អន្ទាក់ ហើយស្នែងរបស់វាត្រូវបានគេកាត់យកទៅបាត់។
សត្វខ្ទីងត្រូវបានគេសន្និដ្ឋានថា វានៅសេសសល់ចំនួន ២.១០០០ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងព្រៃលើពិភពលោក ។ យើងត្រូវតែធ្វើការរួមគ្នាដើម្បីធានាឱ្យបាននូវការរស់រានមានជីវិតគ្រប់ប្រភេទសត្វព្រៃទាំងអស់ ដោយត្រូវនិយាយពាក្យថា ទេចំពោះការបរិភោគសាច់សត្វព្រៃ និង អំពាវនាវឱ្យបញ្ចប់វិបត្តិអន្ទាក់នៅក្នុងប្រទេសកម្ពុជា ៕
ដោយ៖កូឡាប