កោះកុង៖ ក្រុមហ៊ុន Royal Group បានសម្រេចដាក់ទុនវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុភាព៧០០មេហ្គាវ៉ាត់ ដែលមានផ្ទៃដីទំហំ ១៦៨ហិកតា ស្ថិតនៅចំណុចដីក្នុងភូមិចំលងគោមួយផ្នែក និងភូមិថ្មសមួយផ្នែកនៃឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។
ការអភិវឌ្ឍរោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុភាព៧០០មេហ្គាវ៉ាត់នេះ ទទួលបានសិទ្ធពីរាជរដ្ឋាភិបាល ហើយការអភិវឌ្ឍជៀសមិនផុតពីផលប៉ះពាល់ផ្នែកខ្លះ ប៉ុន្តែទន្ទឹមនិងនេះ រាជរដ្ឋាភិបាលក៏បានបង្កើត អនុគណៈកម្មការបច្ចេកទេស ដើម្បីដោះស្រាយ ផលប៉ះពាល់ពាក់ព័ន្ធ នៅនឹងទីតាំង សម្រាប់គម្រោង អភិវឌ្ឍរោងចក្រ អគ្គិសនី ដុតធ្យូងថ្មនេះ ដោយមានប្រជាពលរដ្ឋទទួលសំណងពីការអភិវឌ្ឍនេះ ចំនួន ៥៨គ្រួសារ។
ការដោះស្រាយសំណងនេះ ធ្វើឡើងនៅថ្ងៃទី ២៨ និងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងបរិវេណវត្ត ថ្មស ស្ថិតក្នុងឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមពី រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ស្រ៊ុន ដារិទ្ធ អភិបាលរងខេត្តកោះកុង អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អាជ្ញាធរដែនដីគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋរងផលប៉ះពាល់ទាំង ៥៨គ្រួសារ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានថ្លែងអំណរ ដល់ប្រជាពលរដ្ឋទាំង ៥៨គ្រួសារ ដែលបានចូលរួមសហការ និងព្រមទទួលយកប្រាក់គោលនយោបាយនេះ។ អ្នកឧកញ៉ា បានមានប្រសាន៍បន្ថែមថា ក្រុមហ៊ុន នឹងខិតខំអនុវត្តគម្រោងនេះ តាមផែនការកំណត់ ដើម្បីជាប្រយោជន៍ ដល់ប្រទេសជាតិ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ជាពិសេសអភិវឌ្ឍឃុំថ្មសនេះ ឱ្យក្លាយជាតំបន់ទាក់ទាញទេសចរណ៍ទៅថ្ងៃអនាគត់។
ក្នុងឱកាសទទួលយកសំណងនេះ ប្រជាពលរដ្ឋ បានលើកឡើងថា ពួកគាត់យល់ព្រម ទៅតាមអ្វីដែលក្រុមហ៊ុន ចង់បាន ដើម្បីសាងសង់រោងចក្រអគ្គិសនី ដែលជាការអភិវឌ្ឍមួយនិងជួយឱ្យតំបន់របស់គាត់ប្រែមុខមាត់ថ្មី។
ពួកគាត់ចង់ឃើញរោងចក្រអគ្គិសនីនេះ សាងសង់ឲ្យបានចប់ឆាប់ៗនា ដើម្បីបានប្រើប្រាស់អគ្គិសនីគ្រប់គ្រាន់។ ជាងនេះទៀត ពួកគាត់ក៏ថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ដែលបានដោះស្រាយជូនពួកគាត់ ដែលអាចទទួលយកបានទាំងសងខាង។
ប្រជាពលរដ្ឋ បានបន្ថែមទៀតថា ពួកគាត់ព្រមទទួលសំណងនាពេលនេះ មិនមានការគំរាមកំហែងពី ក្រុមហ៊ុន និងអាជ្ញាធរឡើយ។ ហើយពួកគាត់ បានសាទរយ៉ាងខ្លាំង ចំពោះរាជរដ្ឋាភិបាល ដែលបានបង្កើតគ្រោង រោងចក្រអគ្គិសនី ដើរដោយដុតធ្យូងថ្មនៅតំបន់ពួកគាត់។ ពួកគាត់ បានទទួលយកសំណងថវិកានេះ នឹងយកទៅបង្កើនមុខរបបបន្ថែមទៀត ដើម្បីជីវភាពប្រចាំថ្ងៃ។
សូមជម្រាបថា ប្រជាពលរដ្ឋ ដែលព្រមទទួលយកសំណងប្រាក់គោលនយោបាយនេះ ធ្វើឡើងតាមរយៈការបើកសាច់ប្រាក់ ដោយធនាគារ J Trust Royal Bank។
គួរបញ្ជាក់ថា រោងចក្រនេះ មានអនុភាព ៧០០មេហ្គាវ៉ាត់ ហើយអគ្គិសនីកម្ពុជា ធានាទិញថាមពលពីគម្រោងនេះ ៨០% ក្នុងមួយឆ្នាំ។ ទុនវិនិយោគសរុបជាង ១ពាន់លានដុល្លារអាមេរិក។ ការដាកឲ្យដំណើរការរោងចក្រអគ្គិសនី នេះ ស្របតាមផែនការមេ អភិវឌ្ឍវិស័យអគ្គិសនី ដោយម៉ាស៊ីនទី១ អនុភាព ៣៥០មេហ្គាវ៉ាត់ ត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣ និងម៉ាស៊ីនទី២ អនុភាព៣៥០មេហ្គាវ៉ាត់ ត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ២០២៤ ដែលមានរយៈពេលសម្បទាន ៣៨ឆ្នាំ ក្នុងនោះ រយៈពេលសាងសង់ ៣ឆ្នាំ និងរយៈពេល ធ្វើអាជីវកម្ម៣៥ឆ្នាំ៕
ដោយ៖CEN