គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានទួលការស្នើសុំខ្ចីឥណទានពីក្នុងកម្មវិធីពិសេសនេះបានចំនួនប្រមាណ៤០០សំណើរ ក្នុងទំហំទឹកប្រាក់ប្រមាណ ៤៥លានដុល្លារអាមេរិក។
ឯកឧត្តម កៅ ថាច បានថ្លែងបែបនេះនៅពេលលោកចុះផ្សព្វផ្សាយលទ្ធភាពឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន៥០លានដុល្លារអាមេរិកនៅខេត្តបៃលិន។ លោកថារហូតមកដល់ពេលនេះការផ្សព្វផ្សាយឥណទានហិរញ្ញប្បទានពិសេសរបស់រដ្ឋាភិបាលបានចំនួន១៩ ខេត្ត។
ថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយនៅសាលាខេត្តប៉ៃលិន ឯកឧត្តម កៅ ថាច បានធ្វើការពន្យល់ដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមចំនួន ជិត២០០នាក់ អំពីគោលការណ៍ និងនិតីវិធីស្នើសុំឥណទានពីក្នុងកម្មវិធីហិរញ្ញប្បទានពិសេសនេះ។
ជាមួយគ្នានេះ ឯកឧត្តម កៅ ថាច បានបន្តលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរកសិកម្មនៅក្នុងខេត្តប៉ៃលិនដែលមានគោលដៅចង់ពង្រីកអាជីវកម្ម រួសរាន់រៀបចំឯកសារដើម្បីធ្វើការស្នើសុំឥណទានមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
សូមបញ្ជាក់ថា វត្តមានអញ្ជើញចូលរួមក្នុងឱកាសនោះក៏មានវត្តមាន ឯកឧត្តម ឃ្លក នួយ អភិបាលរងខេត្តតំណាងអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន តំណាងរដ្ឋបាលជលផល លោកប្រធានមន្ទីកសិកម្ម ប្រធានមន្ទីពាណិជ្ជកម្ម និងមន្ទីពាក់ព័ន្ធ និងអាជ្ញាធរស្រុកជុំវិញខេត្តផងដែរ៕ ដោយ ៖ CEN