សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា ថ្ងៃនេះគឺគម្រប់ខួប ១ឆ្នាំ នៃសេចក្តីថ្លែងការរួម ទីក្រុងកូឡាឡាំពួរ រវាងកម្ពុជានិងថៃ (ឬហៅថា កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួរ) ២៦ តុលា ២០២៥ – ២៦ តុលា ២០២៦។
កម្ពុជានៅតែគោរពស្មារតី នៃសេចក្តីថ្លែងការរួម ទីក្រុងកូឡាឡាំពួរ និងសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ ដោយចៀសវាងការគំរាមកំហែងប្រើប្រាស់ ឬការប្រើប្រាស់កម្លាំង ហើយទទួលស្គាល់ថា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ គណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គឺជាយន្តការទ្វេភាគីដែលមានអាណត្តិការងាររៀងៗខ្លួនសម្រាប់ធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែនតាមសន្តិវិធី។
សម្តេចមហាបវរធិបតី បានបញ្ជាក់បន្ថែមទៀតថា ខ្ញុំក៏យកឱកាសនេះដើម្បីធ្វើការថ្លែងនូវអំណរគុណសារជាថ្មី ចំពោះឯកឧត្តមប្រធានាធិបតី Donald Trump និងឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានចូលរួមយ៉ាងសកម្ម និងលើកទឹកចិត្តជំរុញឱ្យមានកិច្ចព្រមព្រៀងនេះឡើង ក៏ដូចជាបន្តគាំទ្រដល់ដំណើរការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ ដោយសន្តិវិធី ដើម្បីឈានទៅរកសន្តិភាពមួយដែលមានចីរភាព។
សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយភាគីកម្ពុជា និងថៃ ដើម្បីគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ និងជួយធ្វើឱ្យការសន្យាអំពីសន្តិភាពដ៏យូរអង្វែងក្លាយជាការពិត សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ។
នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ក្នុងឱកាសនៃខួបមួយឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អនុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ ដោយឡែកឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចុះហត្ថលេខាជាសាក្សី។
ឯកឧត្តមរដ្ឋមន្រ្តីការបរទេសអាម៉េរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ “កាលពីមួយឆ្នាំមុននៅថ្ងៃនេះ ប្រធានាធិបតី ដូណាល់ ត្រាំ បាននាំកម្ពុជា និងថៃមកជួបគ្នាដើម្បីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ» ដែលជាសមិទ្ធផលការទូតដ៏សំខាន់មួយ កើតចេញពីភាពជាអ្នកដឹកនាំប្រកបដោយការសម្រេចចិត្តច្បាស់លាស់ និងការប្តេជ្ញាចិត្តចំពោះសន្តិភាពរបស់លោកប្រធានាធិបតី” ។
ឯកឧត្តម បានបន្ថែមផងដែរថា កិច្ចព្រមព្រៀងសន្តិភាពនេះបានបង្ហាញឱ្យឃើញពីឥទ្ធិពលនៃកិច្ចការការទូតអាម៉េរិកក្នុងការដោះស្រាយជម្លោះ និងបានកសាងគ្រឹះសម្រាប់សន្តិភាពរវាងកម្ពុជា និងថៃ ។
សូមរម្លឹកថា កិច្ចព្រមព្រៀងសន្តិភាពនេះបានកើតឡើង បន្ទាប់ពីមានការប៉ះទង្គិចដោយអាវុធរវាងកម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលបានបណ្តាលឱ្យមានការបាត់បង់ជីវិតទាំងយោធិន និងជនស៊ីវិលនៃប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងសន្តិភាពនេះគឺជាការចាប់ផ្តើមដ៏សំខាន់មួយ ដើម្បីកាត់បន្ថយភាពតានតឹង និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការបញ្ចប់ជម្លោះ ព្រមទាំងការស្តារទំនាក់ទំនងឡើងវិញរវាងប្រទេសជិតខាងទាំងពីរឯ។
សូមបញ្ជាក់ផងដែរថា បើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ការប៉ះទង្គិចបានផ្ទុះឡើងសារជាថ្មី ដោយអូសបន្លាយអស់រយៈពេល២០ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ នេះជាសង្រ្គាមឈ្លានពានសុទ្ធសាធរបស់ប្រទេសថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា។ វាមានលក្ខណៈធ្ងន់ធ្ងរខ្លាំង និងបានបណ្តាលឱ្យមានជនស៊ីវិល និងវីរយោធិនកម្ពុជា កាន់តែច្រើនបានបាត់បង់ជីវិត ព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាច្រើនកន្លែង ។
មិនតែប៉ុណ្ណោះ ថៃនៅតែបន្តអំពើរំលោភបំពានដ៏កម្រោល ដោយមិនខ្លាចច្បាប់អន្តរជាតិ មកលើកដែនអធិបតេយ្យភាពកម្ពុជា តាមរយៈសកម្មភាពដ៏គឃ្លើន ដូចជា ការរាយបន្លាលួស ដាក់លូជ្រុង ដាក់ទូកុងតឺន័រ ជីកលេណដ្ឋាន កំទេចផ្ទះប្រជាជន សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ។ល។ នៅក្នុងតំបន់ដែលខ្លួនបានកាន់កាប់ដោយខុសច្បាប់ បើទោះជាសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ។
ថៃបាននិងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) ដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត ។
រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរដាច់ខាត គឺមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនដោយកម្លាំងនោះឡើយ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








