ចាប់ពីសប្តាហ៍ក្រោយ ប្រទេសជប៉ុននឹងលុបចោលការហាមប្រាម នៃការចូលស្រុករបស់ជនបរទេសមួយចំនួន ដែលបម្រាមនោះជប៉ុនបានដាក់ ដើម្បីកម្រិតការឆ្លងរាតត្បាតរបស់វីរុសកូរ៉ូណា។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។
ជនបរទេសរហូតដល់ ៩០.០០០នាក់ ដែលទទួលបានការអនុញ្ញាតឲ្យស្នាក់នៅក្នុងប្រទេសជប៉ុន រួមមាននិស្សិត អ្នកជំនួញ និងសិក្ខាកាមជាដើម បច្ចុប្បន្នកំពុងជាប់គាំងនៅក្រៅប្រទេស ក្រោយពេលអាជ្ញាធរបានដាក់បម្រាមការនៃចូលរបស់ប្រជាជនមកពី ១០០ប្រទេស ដើម្បីឆ្លើយតបទៅនឹងការផ្ទុះវីរុសកូរ៉ូណា។
ក្រសួងការបរទេសជប៉ុននិយាយក្នុងសេចក្តីប្រកាសថា ចាប់ពីថ្ងៃទី ៥ ខែសីហា ជនបរទេសទាំងអស់ ដែលបានចាកចេញពីជប៉ុន មុនពេលប្រទេសរបស់ពួកគេត្រូវបានដាក់ចូលក្នុងបញ្ជីបម្រាម នឹងអាចដាក់ពាក្យស្នើសុំត្រឡប់មកវិញបាន។
អ្នកដែលមានសិទ្ធិ ត្រូវទទួលបានលិខិត្តបញ្ជាក់ពីការចូលក្នុងប្រទេសវិញ ពីបេសកកម្មការទូតរបស់ជប៉ុន និងត្រូវដាក់ឯកសារដែលបញ្ជាក់ថា ខ្លួនបានធ្វើតេស្តអវិជ្ជមានវីរុសកូរ៉ូណា ក្នុងរយៈពេល ៧២ម៉ោង។
ជប៉ុនបានដាក់បំរាមចូលប្រទេសខ្លួន ទៅលើអ្នកដំណើរមកពីប្រទេស និងតំបន់ចំនួន ១៤០ ប៉ុន្តែរដ្ឋាភិបាលបញ្ជាក់ថា ខ្លួននឹងធ្វើការបន្ធូរបន្ថយបម្រាមនោះជាបន្តបន្ទាប់។
សូមរំលឹកថា ជប៉ុនគឺជាប្រទេសទី ២ ដែលមានការផ្ទុះវីរុសកូរ៉ូណាខ្លាំង បន្ទាប់ពីប្រទេសចិន ប៉ុន្តែជប៉ុនបានចាត់វិធានការយ៉ាងមានប្រសិទ្ធភាព ដើម្បីគ្រប់គ្រងការរាតត្បាត។
តួលេខចុងក្រោយបានបង្ហាញថា ជប៉ុនមានអ្នកឆ្លងសរុបចំនួន ៣៣.៣៦២នាក់ និងស្លាប់ ១.០០១នាក់ ខណៈដែលអ្នកជាសះស្បើយមានសរុប ២៣.៥០៧នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ AFP