ភ្នំពេញ៖ រដ្ឋសភាបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ជាបន្ទាន់មួយនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដើម្បីពិភាក្សាអំពីវិសោធនកម្មច្បាប់បោះឆ្នោតចំនួន៤ ដែលស្នើដោយក្រុមតំណាងរាស្ត្រ៤៣រូប មកពីគណបក្សកាន់អំណាច។ ក្នុងកិច្ចប្រជុំនេះ ក្រោមវត្តមានសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចពញាចក្រី ហេង សំរិន រួមនឹងតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាចំនួន៦៧រូប ប៉ុន្តែក្នុងអវត្តមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង៥៥រូប។
តាមការប្រកាសរបស់រដ្ឋសភា បានឱ្យដឹងថា សេចក្តីស្នើសុំវិសោធនកម្មច្បាប់ទាំងបួន ដែលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យនៅថ្ងៃនេះ រួមមាន៖១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។ ២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ៤៖ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ក្នុងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក៏បានកែប្រែនូវ មាត្រា១៣៨-ស្ទួន ដោយកំណត់យ៉ាងច្បាស់ថា៖ ក្នុងនីតិកាលនៃរដ្ឋសភា ប្រសិនបើមានគណបក្សនយោបាយណាមួយប្រកាសបោះបង់ចោលអសនៈ ឬត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ បញ្ជីបេក្ខជន និងតំណាងរាស្ត្រទាំងអស់ នៃគណបក្សនយោបាយនោះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀតហើយ។
ក្នុងករណីខាងលើនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធ្វើការបែងចែកអាសនៈដែលនៅទំនេរនោះ ក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ ទៅឱ្យគណបក្សនានា ដែលបានចូលរួមក្នុងការបោះឆ្នោតក្នុងរាជធានី-ខេត្តជាមួយ ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬដែលត្រូវរំលាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ និងគណបក្សនយោបាយ មានអាសនៈក្នុងរដ្ឋសភា ដែលដឹកនាំដោយរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា នៅព្រឹកនេះរដ្ឋសភា ក៏នឹងបើកសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៥ របស់រដ្ឋសភាផងដែរ។ របៀបវារៈចំនួន ៦នឹងលើកយកមកជជែកពិភាក្សា និងអនុម័តនៅក្នុងកិច្ចប្រជុំនាព្រឹកនេះ។ របៀវារៈទាំង៦នោះរួមមាន៖ ១៖ ព្រះរាជសារព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥។ ២៖ របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៨ និងលើកទី៩ នីតិកាលទី៥ ។ ៣៖ ការពិភាក្សា និងអនុម័តសេចក្តីព្រៀងច្បាប់ស្តីពី ឧបាស្រ័យពាណិជ្ជកម្ម ។ ៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រៀងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោយកិច្ចព្រមព្រៀងក្របខណ្ឌនេះ រវាងអាស៊ាន និងចិន។ ៥៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ សេចក្តីព្រៀង ស្តីពីការទទួលស្គាល់សុពលភាព នៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាល នៃកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប។ ៦៖ ការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និងមាត្រា១៣៦ នៃច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣។
ក្នុងសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៥ ក្នុងនោះក៏មានព្រះរាជសារព្រះមហាក្សត្រ សម្រាប់ការបើកសម័យប្រជុំ ដោយ ព្រះអង្គបានកោតសរសើរដល់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានរួមគ្នាបម្រើប្រជាពលរដ្ឋ និងរក្សាស្ថិរភាពនយោបាយ សន្តិសុខ និងការអភិវឌ្ឍសម្រាប់កម្ពុជា។
នៅក្នុងព្រះរាជសារ ព្រះមហាក្សត្រ បានព្រះសម្តែងការកោតសរសើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំរាជរដ្ឋាភិបាលក្នុងដំណើរការដោយជោគជ័យ ក្នុងការស្តារ និងអភិវឌ្ឍប្រទេសឡើងវិញ។ ព្រះករុណា ក៏បានព្រះសម្តែងការកោតសរសើរនិងថ្លែងអំណរគុណដល់សមាជិកសភាទាំងអស់ ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងទទួលយកបញ្ហារបស់ប្រជាពលរដ្ឋមកជម្រាបជូនរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាទាំងនោះ។
ព្រះរាជសារព្រះមហាក្សត្រ ព្រះកុរណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានមានព្រះបន្ទូលថា៖ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ គឺជាសកម្មភាពបម្រើជាតិមាតុភូមិដ៏ឧត្តុងឧត្តម ដែលញ៉ាំងឱ្យប្រទេសជាតិយើង រក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបប្រាថ្នា ចង់បាន និងត្រូវការជាចាំបាច់ ដើម្បីរស់នៅដោយភាពសុខសាន្ត។ រដ្ឋសភា នឹងបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាចំពោះមុខបន្តទៀត ដើម្បីសម្រេចដល់ដំណោះស្រាយ ភាពសុខដុមរមនា។ កិច្ចខិតខំប្រឹងប្រែងរួមគ្នាជាសកម្មភាពបម្រើជាតិមាតុភូមិដ៏ឧត្តុងឧត្តមញ៉ាំងឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍដែលជាតម្រូវការដ៏ចាំបាច់របស់ប្រជាពលរដ្ឋកម្ពុជា។
ព្រះករុណា មានព្រះរាជបន្ទូលបន្ថែមថា កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងសភានិងរាជរដ្ឋាភិបាល បានធានាឲ្យមានស្ថិរភាពនយោបាយ និងសង្គម ជាមួយនឹងការគ្រប់គ្រង់សេដ្ឋកិច្ចប្រកបដោយភាពត្រឹមត្រូវ និងជឿនលឿនទាំងនេះ បាននាំឲ្យកម្ពុជា អាចសម្រេចបាននូវអត្រាខ្ពស់ នៃកំណើនសេដ្ឋកិច្ចខ្ពស់ជាបន្តបន្ទាប់។
ព្រះអង្គ មានព្រះរាជបន្ទូលកោតសរសើរនិងថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុប្រធានទី២ ប្រធានគណៈកម្មការទាំង១០ នៃរដ្ឋសភា និងសមាជិក សមាជិកា នៃរដ្ឋសភាទាំងអស់ ដែលបានបំពេញការងារអស់ពីកម្លាំងកាយចិត្ត ពុំគិតពីការនឿយហត់ ខិតខំយកចិត្តដាក់ក្នុងការបម្រើដក់ប្រយោជន៍ និងសង្គមជាតិ ក្នុងវិស្សមកាលកន្លងមកនេះ។ ការខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកានៃរដ្ឋសភាគ្រប់រូប គឺជាសកម្មភាពបម្រើប្រជាពលរដ្ឋ ដោយបានអញ្ជើញយ៉ាងសកម្មចុះសួរសុខទុក្ខ និងជួយដោះស្រាយបញ្ហាដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងទទួលយកបញ្ហាកង្វល់ និងការលំបាកទាំងឡាយរបស់ប្រជាពលរដ្ឋ មកជម្រាបជូនរាជរដ្ឋាភិបាល ដើម្បីរិះរកវិធានការ ដោះស្រាយរាល់បញ្ហាទាំងនោះ៕ ដោយ៖កូឡាប