ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានធ្វើការព្រមានថា នឹងចាត់វិធានការរដ្ឋបាល ចំពោះសំណង់ខុសប្លង់អនុញ្ញាត ដែលអាចបង្កហានិភ័យដល់មនុស្ស ហើយអាជ្ញាធរខណ្ឌ និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការគ្រប់ការដ្ឋានសំណង់ដែលបានសាងសង់ឡើងដោយគ្មានច្បាប់ និងមានច្បាប់ហើយ តែការសាងសង់ខុសពីច្បាប់ដែលបានអនុញ្ញាត។
ការព្រមានរបស់លោក ឃួង ស្រេង បានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំត្រួតពិនិត្យសំណង់នៅក្នុងរាជធានីភ្នំពេញ ដែលមានការចូលរួមពី អភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជំរុញឲ្យសំណង់នៅរាជធានីភ្នំពេញ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ជៀសវាងនូវហានិភ័យផ្សេងៗ។
លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ការសង់សំណង់ខុសច្បាប់អនុញ្ញាត ត្រូវហាមឃាត់ និងមានវិធានការរដ្ឋបាល ដោយ មិនត្រូវទុកឲ្យ មានការភ័យកើតឡើងបង្កហានិភ័យ ប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។
លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកគាំទ្រជានិច្ចចំពោះការបើកការដ្ឋានឲ្យសាងសង់សំណង់ផ្សេងៗ ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើន ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញ មិនគាំទ្រចំពោះសំណង់គ្មានច្បាប់និងសំណង់ដែលធ្វើខុសប្លង់អនុញ្ញាតនោះដែរ៕ដោយ៖កូឡាប