Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​កម្ពុជា​-​ចិន បាន​ប្តេជ្ញា​ខិតខំ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យដល់ ១០ ពាន់​លាន​ដុល្លារ នា​ឆ្នាំ​២០២៣ ខាងមុខ​

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី ពិព័រណ៍​នាំចូល​អន្តរ​ជាតិចិន លើក​ទី​៣ ឆ្នាំ​២០២០ (The 3rd China International Expo 2020) រវាង​កម្ពុជា​-​ចិន ដែល​បាន​ប្រព្រឹត្តទៅ​តាមរយៈ​ប្រព័ន្ធ​វីដេអូ ដោយមាន​ការសម្របសម្រួល​ពី​ធនាគារ​ចិន (Bank of China) លីមីត​ធី​ត និង​ដឹកនាំ​ដោយ លោក ស៊ុន ចិន​ហៃ (SUN Chenhai) អគ្គនាយករង នៃ​ការិយាល័យ​ពិព័រណ៍​នាំចូល​អន្តរ​ជាតិចិន និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សាលសន្និសីទ​ជាតិ ទីក្រុង​សៀង​ហៃ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​កិច្ចប្រជុំ​នេះ មាន​គោលបំណង​ផ្សព្វផ្សាយ​អំពី​ព័ត៌មាន​សំខាន់ៗ នៃ​ព្រឹត្តិការណ៍​ពិព័រណ៍​នាំចូល​អន្តរ​ជាតិចិន លើក​ទី​៣ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៥-១០ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីក្រុង​សៀង​ហៃ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ក្នុងនោះ ក៏មាន​ការបង្ហាញ​និង​បកស្រាយ​ពី​គោលនយោបាយ​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍ ការបើកចំហរ​ទីផ្សារ ការពង្រីក​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​អត្ថប្រយោជន៍​ជាច្រើន​ដែល​ទទួលបាន​ពី​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ​ផងដែរ​។​

​ថ្លែង​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បានលើកឡើង​អំពី​ទំនាក់ទំនង​ការទូត​ដ៏​យូរអង្វែង​រវាង​កម្ពុជា​-​ចិន ដែល​បាន​បង្កើន​ចំណងមិត្តភាព​ទ្វេភាគី​កាន់តែ​រឹងមាំ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ និង​បាន​ក្លាយទៅជា​មិត្តភាព​ដែកថែប មិនអាច​កាត់ផ្តាច់​បាន​ក្នុងការ​រួមគ្នា​កសាង​វឌ្ឍនភាព វិបុលភាព និង​ការយល់​ចិត្ត​យល់​ថ្លើម​គ្នា​ទៅវិញទៅមក​។ កម្ពុជា​-​ចិន បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​នៅ​ឆ្នាំ​២០១៣ និង​ឈានដល់​បង្កើត សហគមន៍​វាសនា​រួម កម្ពុជា ចិន នៅ​ឆ្នាំ​២០១៩​។ ចំណងមិត្តភាព​នៃ​ប្រទេស​ទាំងពីរ ចាប់ផ្តើម​មាន​អានុភាព​ខ្លាំង​ឡើងៗ និង​ទទួលបាន​ផលប្រយោជន៍​ទាំងសងខាង​។ ជា​សក្ខីកម្ម ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន មាន​កំណើន​ជាប្រចាំ គឺ​សម្រេចបាន​ជាង ៦ ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៨ និង​ហក់​ឡើងដល់​ប្រមាណ ៨ ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៩​។ ដើម្បី​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​ប្តេជ្ញា​ខិតខំ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យដល់ ១០ ពាន់​លាន​ដុល្លារ នា​ឆ្នាំ​២០២៣ ខាងមុខ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរៀបចំ​ពិព័រណ៍​នាំចូល​អន្តរ​ជាតិចិន ហើយ​បាន​គូសបញ្ជាក់ថា ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​ដ៏​មហិមា​នេះ ពិតជា​មាន​សារសំខាន់​សម្រាប់​បណ្តា​ប្រទេស​ចូលរួម​ទាំងអស់ ទាំង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ដោយ មានឱកាស​បាន​ចូលរួម​ផ្សព្វផ្សាយ​ផលិតផល សេវាកម្ម និង​គម្រោង​វិនិយោគ និង​បាន​ជួបចរចារ​ពាណិជ្ជកម្ម​ដោយផ្ទាល់​ជាមួយ​ដៃគូ​ថ្មីៗ​របស់ខ្លួន​។ ក្នុង​ការចូល​រួមទាំង​ពីរលើក​កន្លងទៅ កម្ពុជា​បាន​បញ្ជូន​ក្រុមហ៊ុន​ធំៗ​ពាក់ព័ន្ធ​វិស័យ​ស្រូវ​អង្ករ វិស័យ​សំណង់ និង​អចលនទ្រព្យ​ទៅ​ចូលរួម ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍ និង​ស្វែងរក​ដៃគូ​សហការ ឬ​វិនិយោគ​រួមគ្នា​។ ក្នុងអំឡុងពេល​ពិព័រណ៍​នោះ ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ​កម្ពុជា ក៏បាន​ចុះ​អនុស្សរណៈ​យោគយល់​ទិញ​-​លក់​អង្ករ​ជាមួយ​ដៃគូ COFCO ចិន ផងដែរ​។ ចំពោះ​វិស័យ​សាធារណៈ​វិញ ប្រតិភូ​កម្ពុជា បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ដូចជា​៖ ជំនួប​ចរចារ​ទ្វេភាគី​ស្តីពី​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​វប្បធម៌​កម្ពុជា​-​ចិន​, សន្និសីទ​កំពូល ស្តីពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​, និង​វេទិកា​ធុរកិច្ច និង​វិនិយោគ​ជាដើម​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រី បានស្នើ​សុំ​ភាគី​ចិន​ជួយ​ព​ន្លឿ​ន​ការចរចា​ពិធីសារ​អនាម័យ និង​ភូតគាម​អនាម័យ លើ​ផលិតផល​កសិកម្ម​មួយចំនួនទៀត ដើម្បី​ឈានទៅ​ចុះហត្ថលេខា​សម្រាប់​នាំចេញ ផ្លែ​មៀន ស្រកានាគ ម្នាស់ ទុរេន ម្រេច គ្រាប់ស្វាយចន្ទី ស្កសរ ដូង និង​សំបុក​ទឹកមាត់​ត្រចៀកកាំ​។​ល​។ កន្លងទៅ កម្ពុជា និង​ចិន បាន​ចុះ​ពិធីសារ​អនាម័យ និង​ភូតគាម​អនាម័យ​ជា​បន្តបន្ទាប់ ក្នុងការ​នាំចេញ​កសិផល​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន រួមមាន​៖ អង្ករ ដំឡូង​មី ពោត ចេក និង​ផ្លែស្វាយ​។

​លើសពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ភាគី​ចិន​ឱ្យជួយ​គាំទ្រ​អភិវឌ្ឍន៍​ធុរកិច្ច​ដែល​កំពុង​ងើបឡើង ដូចជា សេដ្ឋកិច្ច​ឌីជីថល ធុរកិច្ច​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ជាដើម ។​ល​។ និង​ជួយ​កម្ពុជា​រៀបចំ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​ឱ្យ​ប្រសើរឡើង និង​លើក​កម្រិត​ឧស្សាហូបនីយកម្ម​ស្របតាម​ការវិវឌ្ឍ​នៃ​សេដ្ឋកិច្ច​សកល​ផងដែរ​។​

​ឆ្លើយតប​ចំពោះ​ការអញ្ជើញ​ពី​ភាគី​ចិន​វិញ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ភាគី​ចិន​ថា កម្ពុជា បាន​ត្រៀមលក្ខណៈ​ចូលរួម​ពិព័រណ៍​ទំនិញ​នាំចូល​អន្តរ​ជាតិចិន លើក​ទី​៣ ពីថ្ងៃ​ទី​០៥-១០ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីក្រុង​សៀង​ហៃ ជាមួយនឹង​ក្ដី​រំពឹងថា ស្ថានភាព​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ លើ​ពិភពលោក នឹង​ត្រូវបាន​គ្រប់គ្រង​បាន និង​មាន​ជើងហោះហើរ​ជា​ប្រក្រតី​ឡើងវិញ​។ ឯកឧត្តម​រដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថា ក្រសួងពាណិជ្ជកម្ម បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​រៀបចំ​ពន្លា​ជាតិ​កម្ពុ​ជាមួយ និង​សម្របសម្រួល​ដឹកនាំ​វិស័យ​ឯកជន​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដូច​ការចូលរួម​ពីរលើក​កន្លងទៅ​ផងដែរ​។​

​សូម​ជម្រាបជូន​ថា គណៈប្រតិភូ​កម្ពុជា ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលរួម​អបអរសាទរ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សេចក្តីសម្រេច​របស់ ឯកឧត្តម ស៊ី ជិន​ពីង ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បានប្រកាស​ជា​ផ្លូវការ​ក្នុងអំឡុងពេល​អញ្ជើញ​បើក​សន្និសីទ​កំពូល​ខ្សែក្រវ៉ាត់ និង​ផ្លូវ (Belt and Road Forum) ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​ប្រទេស​ចិន កាលពី​ខែឧសភា ឆ្នាំ​២០១៧ ដែល​បានប្រកាស​ឱ្យ​ក្រសួងពាណិជ្ជកម្ម នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សហការ​ជាមួយ​រដ្ឋបាល​ទីក្រុង​សៀង​ហៃ រៀបចំ​ពិព័រណ៍​នាំចូល​អន្តរ​ជាតិចិន កម្រិត​ពិភពលោក ដោយ​ចាប់ផ្តើម​កាលពី​ឆ្នាំ​២០១៨​។ ព្រឹត្តិការណ៍​ដ៏​ធំ​កម្រិត​ពិភពលោក​នេះ បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​បណ្តា​ប្រទេស​ជាច្រើន​លើ​ពិភពលោក ឱ្យ​សកម្ម​ចូលរួម ដើម្បី​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម វិនិយោគ និង​ចែករំលែក​ព័ត៌មាន និង​បទពិសោធន៍​ទៅវិញទៅមក​។ កម្ពុជា ធ្លាប់បាន​ចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ ចំនួន ២ លើក​មកហើយ ដែល​ដឹកនាំ​ដោយ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​រៀបចំ និង​ចូលរួម​ពិព័រណ៍​អន្តរជាតិ និង​ពិព័រណ៍​ពិភពលោក គឺ​លើក​ទី​១ នៅ​ឆ្នាំ​២០១៨ និង​លើក​ទី​២ នៅ​ឆ្នាំ​២០១៩​។ កាលពី​ឆ្នាំ​២០១៩ កន្លងទៅ កម្ពុជា​បានទទួល​ភារៈ​ជា​ប្រទេស​កិត្តិយស​ក្នុង​ពិព័រណ៍​ដ៏​មាន​សារប្រយោជន៍​នេះ​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

×