និស្សិតហុងកុងចំនួន ៤នាក់ដែលទាក់ទងនឹងក្រុមគាំទ្រឯករាជ្យ ត្រូវបានប៉ូលិសចាប់ខ្លួននៅថ្ងៃពុធម្សិលមិញ ក្រោមច្បាប់សន្តិសុខជាតិដ៏ចម្រូងចម្រាស់។ នេះបើតាមការបញ្ជាក់របស់មន្ត្រី និងសមាជិកនៃក្រុមពួកគេ។
នេះជាការចាប់ខ្លួនលើកដំបូង ដែលមានគោលដៅមកលើបុគ្គលនយោបាយសាធារណៈ ចាប់តាំងពីច្បាប់សន្តិសុខជាតិ ត្រូវបានអនុម័តដោយទីក្រុងប៉េកាំង កាលពីដើមខែនេះ។
ប៉ូលិសនិយាយថា បុរស ៣នាក់ និងស្ត្រីម្នាក់អាយុចន្លោះពី ១៦ ទៅ ២១ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទសង្ស័យ រៀបចាំ និងញុះញង់ឲ្យមានការផ្តាច់ខ្លួន។
លោក Li Kwan-wah មន្ត្រីមកពីស្ថានប័នសន្តិសុខជាតិ បានប្រាប់អ្នកសារព័ត៌មានដូច្នេះថា “ប្រភព និងការស៊ើបអង្កេតរបស់ពួកយើងបានបង្ហាញថា ក្រុមនោះបានប្រកាសកាលពីពេលថ្មីនៅលើបណ្តាញសង្គម ដើម្បីបង្កើតអង្គការ ដែលជួយគាំទ្រដល់ឯករាជ្យរបស់ហុងកុង”។
លោកបន្ថែមថា កុំព្យូទ័រ ទូរស័ព្ទ និងឯកសារជាច្រើន ត្រូវបានរឹបអូសដោយមន្ត្រីប៉ូលិស និងអ្នកដែលត្រូវចាប់ខ្លួនទាំងនោះជាសិស្ស។
នៅក្នុងសេចក្តីប្រកាស ក្រុមមូលដ្ឋានីយកម្មនិស្សិត (Student Localism) ដែលជាក្រុមធ្លាប់គាំទ្រដល់ឯករាជ្យ បាននិយាយថា អតីតមេដឹកនាំរបស់ខ្លួនឈ្មោះ Tony Chung វ័យ ១៩ឆ្នាំ ស្ថិតក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួន។
កាលពីខែមុន ក្រុម Student Localism បានប្រកាសថា ខ្លួនបានបែកខ្ញែកក្រុម ខណៈដែលទីក្រុងប៉េកាំងបានអនុម័តច្បាប់សន្តិសុខជាតិ ដែលច្បាប់នេះប្រឆាំងនឹងការបំបែកខ្លួនវិទ្ធង្សនា និងការឃុបឃិតជាមួយនឹងបរទេស។
កាលពីឆ្នាំមុន ទីក្រុងហុងកុងត្រូវបានញាំញីដោយបាតុកម្មទ្រាយទ្រាយធំរយៈពេលជាង ៧ខែ ក្រោយពេលមេដឹកនាំហុងកុងស្នើច្បាប់ធ្វើបត្យាប័ន ដែលច្បាប់នោះអនុញ្ញាតឲ្យមានការបញ្ជូនជនសង្ស័យ ពីទីក្រុងហុងកុងទៅកាត់ទោសនៅប្រទេសចិនបាន ប៉ុន្តែមេដឹកនាំហុងកុងបានប្រកាសរំសាយសំណើរនោះវិញ។
កាលពីដើមខែនេះ ចិនអនុម័តច្បាប់សន្តិសុខជាតិ ដើម្បីគ្រប់គ្រងហុងកុង ដែលច្បាប់នោះត្រូវបានគេមើលឃើញថា នឹងបំផ្លាញសេរីភាព និងស្វ័យភាពកម្រិតខ្ពស់របស់ទីក្រុងហុងកុង។
អាមេរិចប្រកាសថា ហុងកុងលែងមានស្វ័យភាពកម្រិតខ្ពស់ទៀតហើយ និងបានដកហូតការអនុគ្រោះសេដ្ឋកិច្ចពីក្រុងនោះ។
អង់គ្លេស កាណាដា អូស្ត្រាលី និងញូវហ្សឺឡែន បានប្រកាសផ្អាកកិច្ចព្រមព្រៀងធ្វើបត្យាប័នជាមួយនឹងហុងកុង ដោយលើកឡើងពីការគ្មានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ហុងកុងទៀត ក្រោយប៉េកាំង ចេញច្បាប់សន្តិសុខជាតិ៕
ទីក្រុងហុងកុង ត្រូវបានអង់គ្លេសប្រគល់ទៅឲ្យចិនវិញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀងមួយ ដែលផ្តល់សេរីភាព និងស្វ័យភាពកម្រិតខ្ពស់ដល់ទីក្រុងហុងកុងរយៈពេល ៥០ឆ្នាំ។ ហុងកុងជាផ្នែកមួយរបស់ចិន ប៉ុន្តែហុងកុងមានប្រព័ន្ធដឹកនាំដោយឡែកពីចិន៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ AFP