ពោធិ៍សាត់៖ លោកអធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា ជនមុខសញ្ញាជាកូនទំនើងម្នាក់នោះ បានប្រើហឹង្សាក្នុងគ្រួសារដោយឥទ្ធិពលស្រវឹងស្រា ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួននៅ តាមសំណូមពរឪពុកម្តាយ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២៣ និង១៥នាទី មានយុវជនម្នាក់ផឹកស៊ីស្រវឹងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ជេរប្រមាថឪពុក និងបងប្អូនបង្កើតរបស់ខ្លួន នៅចំណុចផ្ទះរបស់ឈ្មោះ អៀន អ៊ីន ត្រូវជាឪពុកបង្កើតជនមុខសញ្ញា អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំបក់ធំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកក្រគរ ឃាត់ខ្លួនពីបទប្រើអំពើហិង្សាក្នុងគ្រួសារ តាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ តាមរយៈទូរស័ព្ទលេខ012678293 ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៧ និង១៣នាទី ។
លោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា យោងតាមបណ្តឹងរបស់បុរសឈ្មោះ អៀន អ៊ីន កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២៣ និង១៥នាទី ខ្លួនកំពុងដេកនៅរោងគោខាងកើតផ្ទះ ស្រាប់តែកូនប្រុសរបស់ខ្លួនឈ្មោះ អ៊ូ សម្បត្តិ មកពីកន្លែងផឹកស៊ី បានមកដល់ផ្ទះបើកទ្វារផ្ទះបាយ រកបាយហូប ក៏បានបើកគម្របឆ្នាំងបាយបោះចោល ឮសូរប្រាវ ពេលនោះសត្វឆ្មាក៏ចូលមកផ្ទះបាយដែរ វាក៏បានយកដំបងវាយឆ្មាងាប់ បោះចោលក្រោមគ្រែ ខ្លួនក៏បានស្ទុះមើលកូនប្រុសរបស់ខ្លួន ពេលនោះវាបាននិយាយថា កុំចេះតែហ៊ាន ប្រយ័ត្នអញវាយងាប់ដូចឆ្មា ជាន់ជើងគ្នាពេញផ្ទះឥឡូវ អញដុតផ្ទះចោលឥឡូវ ធ្វើក្តអីអញ ពេលនោះខ្លួនក៏ចូលដេកវិញទៅ ហើយកូនប្រុសរបស់ខ្លួន បានដើរទៅកន្លែងទ្រុងមាន់ បានចាប់មាន់១យកទៅស៊ីផឹកបន្តទៀត។
សូមបញ្ជាក់ រយៈកាលកន្លងមក កូនប្រុសរបស់ខ្លួន ពេលមកពីផឹកស៊ីស្រវឹង បានប្រមាថមើលងាយខ្លួន និងបងប្អូនបង្កើត និងបានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះមានដូចជា៖ ទូរទស្សន៍ ពាងទឹក ទូរស័ព្ទដៃ គាស់ទ្វារផ្ទះ វាយបំបែកកញ្ចក់បង្អួច កាប់សត្វគោ នឹងគំរាមរកដុះផ្ទះចោល។
លោកអធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា ជនមុខសញ្ញាឈ្មោះ អ៊ូ សម្បត្តិ ភេទ ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចំបក់ធំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានប្រើហឹង្សាក្នុងគ្រួសារដោយឥទ្ធិពលស្រវឹងស្រា ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួននៅ អធិការដ្ឋានគរបាលស្រុកក្រគរ ដើម្បីរៀបចំនីតិវិធីនិងបញ្ជូនទៅផែនការងារព្រហ្មទណ្ឌនៃ ស្នងការដ្ឋាននគរបាលខេត្ត តាមសំណូមពរឪពុកម្តាយ៕ដោយ៖បញ្ញាស័ក្តិ