ភ្នំពេញ៖ បន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ចែទូច លក់ស្វាយ បានប្រមាថមើលងាយមកលើសមត្ថកិច្ចទាក់ទងទៅនឹងការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកមកនោះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សបានធ្វើការសហការជាមួយការរិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្វែងរកនិងកោះហៅបុគ្គលឈ្មោះ ស្វាយ សារី ឲ្យចូលខ្លួនមកទទួលកំហុសចំពោះមុខច្បាប់និងធ្វើការសុំទោសជាសារណៈ។
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បដិសេធទាំងស្រុងចំពោះគណនីគណនី Facebook ឈ្មោះ ចែទូច លក់ស្វាយ ដែលបាន Live វីដេអូ ដែលមានខ្លឹមសារប្រមាថមើលងាយ មកលើសមត្ថកិច្ចក្រោយពេលខ្លួនបានជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ហើយត្រូវសមត្ថកិច្ចផាកពិន័យ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សបានធ្វើការសហការជាមួយការរិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្វែងរកនិងកោះហៅបុគ្គលឈ្មោះ ស្វាយ សារី ឲ្យចូលខ្លួនមកទទួលកំហុសចំពោះមុខច្បាប់និងធ្វើការសុំទោសជាសាធារណៈ។
ដោយទទួលស្គាល់ព័ត៌មានវីដេអូដែលខ្លួនបានបង្ហោះនោះជាព័ត៌មានមិនពិតបុគ្គលរូបនេះបានយល់ព្រមទទួលកំហុសហើយចូលខ្លួនមកសារភាពកំហុសតាមការកោះហៅរបស់សមត្ថកិច្ចដោយបានធ្វើកិច្ចសន្យា និងថតជាវីដេអូសុំទោសជាសាធារណៈដើម្បីសុំទោសសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ចំពោះទង្វើដែលសង្គមស្អប់ខ្ពើមនេះផងដែរ ។
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះកិច្ចសហការល្អរបស់សាធារណជន ជាពិសេសបណ្ដាញទំនាក់ទំនងសង្គមដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម រិះគន់ក្នុងន័យស្ថាបនា និងទទួលយកជាមូលដ្ឋានធ្វើការកែលម្អ ហើយក៏សូមអំពាវនាវដល់សាធារណជន និងបណ្ដាញសង្គមចៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឲយមានភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ជាធរមានផងដែរ ៕ ដោយ៖កូឡាប