ភ្នំពេញ÷បុរសម្នាក់ដែលគេស្គាល់ថាសតិមិនគ្រប់បានទៅដេកលើផ្លូវរថភ្លើងក៏ត្រូវរថភ្លើងកិនដាច់ជើងសង ខាង ស្លាប់បាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១ និង ៤០ នាទីទៀបភ្លឺរំលងអធ្រាត្រឈានចូលថ្ងៃសុក្រទី ៣១ ខែកក្កដាឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវរថភ្លើងក្នុងភូមិប៉ប្រកសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អ្នកស្លាប់ មានឈ្មោះ អ៊ុនរ៉ាវី អាយុ២៥ ឆ្នាំមុខរបរនៅផ្ទះ រស់នៅភូមិប៉ប្រក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញជនរងគ្រោះតែងតែដេកក្រៅផ្ទះរាល់ថ្ងៃមិនសូវដេកក្នុងផ្ទះទេ ហើយឪពុកម្តាយហៅចូលដេកក៏មិនទៅដែរ ស្រាប់តែនៅយប់ម៉ោងប្រមាណ ជាម៉ោង ១ រំលងអធ្រាត្របានដេកនៅលើនិងផ្លូវរថភ្លើងតែឪពុកម្តាយអត់ដឹងថាកូនដេកក្រៅទេ ស្រាប់តែមួយសន្ទុះក្រោយមកស្រាប់តែបងប្អូនអ្នកភូមិឃើញជនរងគ្រោះត្រូវរថភ្លើងបុកខ្ទាតប្រហែល៣០ ម៉ែត្រ រួចក៏ប្រាប់ទៅម្តាយនិងឪពុកជនរងគ្រោះ ហើយគាត់ក៏រត់មកស្លន់ស្លោហៅរថយន្តសាម៉ុយដឹកទៅសង្គ្រោះបន្ទាន់តែអកុសល្យគាត់បានស្លាប់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចធ្វើកំណត់ហេតុដើម្បីប្រគល់សពជូនទៅក្រុមគ្រួសារយកទៅតម្កល់ទុកនៅវត្តពោធិ៍ចិនតុងរង់ចាំធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ សាមេត