Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គយ បង្ហាញលទ្ធផល​នៃ​ការសិក្សា​រយៈពេល​បំពេញបែបបទ​បញ្ចេញ​ទំនិញ ឆ្នាំ​២០១៩ បាន​រកឃើញ​ចំណុច​កកស្ទះ ធ្វើឱ្យ​ការបំពេញ​បែបបទ នៅតាម​ដំណាក់កាល​ខ្លះ ត្រូវ​ចំណាយ​ពេលវេលា​យូរ

​ភ្នំពេញ​៖ បណ្ឌិត គុណ ញឹម​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​អះអាងថា លទ្ធផល​នៃ​ការសិក្សា​រយៈពេល​បំពេញបែបបទ​បញ្ចេញ​ទំនិញ ឆ្នាំ​២០១៩ បាន​រកឃើញ​ចំណុច​កកស្ទះ (Bottleneck) ធ្វើឱ្យ​ការបំពេញ​បែបបទ នៅតាម​ដំណាក់កាល​ខ្លះ ត្រូវ​ចំណាយ​ពេលវេលា​យូរ ដោយ​មូលហេតុ​កំណើន​ខ្ពស់ នៃ​ចរាចរ​ទំនិញ​នាំចេញ​-​នាំចូល​។​

​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សហការ​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) និង​អង្គការ​គយ​ពិភពលោក (WCO) បាន​ប្រារព្ធ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី លទ្ធផល​នៃ​ការសិក្សា​រយៈពេល​បំពេញបែបបទ​បញ្ចេញ​ទំនិញ ឆ្នាំ​២០១៩ (Time Release Study-2019) នា​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ Raffles Le Royal ។​

​សិក្ខាសាលា​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្ដម​បណ្ឌិត គុណ ញឹម​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មានការ​ចូលរួម​ពី​ចម្ងាយ​តាមរយៈ Video Conference ពី​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី​, ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​, អង្គការ​គយ​ពិភពលោក និង​ចូលរួម​ដោយផ្ទាល់​ពី​តំណាង​ក្រសួង​-​ស្ថាប័ន ពាក់ព័ន្ធ​រួមមាន​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ក្រសួងពាណិជ្ជកម្ម​, ក្រសួងសុខាភិបាល​, ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​, កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​, កំពង់ផែ​ស្វយ័ត​ភ្នំពេញ​, សភាពាណិជ្ជកម្ម​កម្ពុជា​, សមាគម​ធុរកិច្ច​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​, សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​, សមាគម​ភស្តុភារ​កម្ម​កម្ពុជា រួមទាំង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​ផងដែរ​។​

​ថ្លែង​ក្នុង​ពិធី​បើក​អង្គសិក្ខាសាលា ឯកឧត្ដម​ប្រតិភូ​រាជរដ្ឋាភិបាល បណ្ឌិត គុណ ញឹម បាន​គូសបញ្ជាក់ថា ការសិក្សា​រយៈពេល​បំពេញបែបបទ​បញ្ចេញ​ទំនិញ​នៅ​ឆ្នាំ ២០១៩ នេះ ត្រូវបាន​រៀបចំឡើង​ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង​ស្តីពី កិច្ច​សម្រួល​ពាណិជ្ជកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO-TFA) និង​កាព​ត្វ​កិច្ច​របស់​កម្ពុជា​ដែល​ត្រូវបំពេញ​ស្របតាម​ការតម្រូវ​រប​ស់អា​ស៊ាន ក្នុងការ​សិក្សាការ​កាត់បន្ថយ​ចំណាយ​ចម្លងការ​ពាណិជ្ជកម្ម (Trade Transaction Cost-TTC)​។ នីតិវិធី​នៃ​ការសិក្សា​ត្រូវអនុវត្ត​ស្របតាម​ឯកសារ​ណែនាំ​ស្តីពី​ការសិក្សា​រយៈពេល​បញ្ចេញ​ទំនិញ របស់​អង្គការ​គយ​ពិភពលោក (WCO TRS Guide)​។ ការសិក្សា​រយៈពេល​នៃ​ការបំពេញ​បែបបទ​បញ្ចេញ​ទំនិញ ឆ្នាំ​២០១៩ នេះ ជា​ឧបករណ៍​មួយ​សម្រាប់ធ្វើ​ការវាស់វែង​រយៈពេល​នៃ​ការអនុវត្ត​នីតិវិធី​បំពេញបែបបទ​, កិច្ចប្រតិបត្តិការ​រប​ស់​ស្ថាប័នគយ និង​ភាគី​ពាក់ព័ន្ធ​ក្នុង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៃ​ការនាំចេញ​-​នាំចូល​ទំនិញ និង​មាន​វិសាលភាព​គ្របដណ្តប់​តាម​មាត់ច្រក​ព្រំដែន​ផ្លូវទឹក ផ្លូវអាកាស និង​ផ្លូវគោក ចំនួន ០៧ ទីតាំង​។

​ទន្ទឹមនេះ ឯកឧត្ដម​ប្រតិភូ​រាជរដ្ឋាភិបាល បានបញ្ជាក់​បន្ថែមទៀត​ថា ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើក​ទី​១៨ កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​កំណែទម្រង់​ស៊ីជម្រៅ​និង​មុត​ស្រួច​ពាក់ព័ន្ធ​នឹង​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ដើម្បី​លើកកម្ពស់​ភាព​ប្រកួតប្រជែង​កម្ពុជា ក្នុងនោះ​រួមមាន​ការកែសម្រួល​សម​ត្ថ​កិច្ច​ត្រួតពិនិត្យ​នៅ​ព្រំដែន​, ការកែសម្រួល​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ទំនិញ​ហាមឃាត់ និង​ទំនិញ​ជាប់​កម្រិត​កំណត់​, ការកែសម្រួល​កម្រៃ​ស្កែ​ន​, ការកាត់បន្ថយ​ថ្លៃ​លើកដាក់​នៅ​កំពង់ផែ និង​ការអនុវត្ត​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ ជាដើម​។​

​នៅក្នុង​អង្គសិក្ខាសាលា អ្នកជំនាញការ​ធនាគា​រ​អភិវឌ្ឍន៍អាស៊ី និង​អ្នកជំនាញការ​របស់​អង្គការ​គយ​ពិភពលោក បានធ្វើ​បង្ហាញ​ផ្សព្វផ្សាយ​ពី​និន្នាការ​ថ្មីៗ នៃ​ការសិក្សា​រយៈពេល​បំពេញបែបបទ​បញ្ចេញ​ទំនិញ​, សកម្មភាព​ការងារ​របស់​អង្គការ​គយ​ពិភពលោក​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ជំនួយ​គាំទ្រ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​សម្រាប់​ឆ្នាំ​បន្តបន្ទាប់​។​

​ជារួម លទ្ធផល​នៃ​ការសិក្សា​រយៈពេល​បំពេញបែបបទ​បញ្ចេញ​ទំនិញ ឆ្នាំ​២០១៩ បាន​ឆ្លុះបញ្ចាំង​នូវ​ភាពប្រសើរឡើង នៃ​ការ​បំពេញបែបបទ​បញ្ចេញ​ទំនិញ តាមរយៈ​ការអនុវត្ត​អនុសាសន៍​ដែល​បានលើកឡើង ក្នុង​របាយការណ៍​លទ្ធ​ផល​នៃ​ការសិក្សា រយៈពេល​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ ឆ្នាំ​២០១៣ រួមទាំង​ការអនុវត្ត​តាម​វិធានការ​និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការប្រកួតប្រជែង​នៅ​កម្ពុជា​។ ការបំពេញ​បែបបទ​នៅតាម​ដំណាក់កាល​នីមួយៗ ត្រូវបាន​កាត់បន្ថយ​ពេលវេលា តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​, ការកែសម្រួល​នីតិវិធី​, និង​ការបង្កើន​ប្រសិទ្ធភាព នៃ​ការអនុវត្ត​ការងារ​និង​ធនធានមនុស្ស​។

​ទោះជា​បែបនេះ​ក៏ដោយ លទ្ធផល​នៃ​ការសិក្សា​ក្នុង​ឆ្នាំ​២០១៩ ក៏បាន​រកឃើញ​ចំណុច​កកស្ទះ (Bottleneck) ធ្វើឱ្យ​ការបំពេញ​បែបបទ​នៅតាម​ដំណាក់កាល​ខ្លះ​ត្រូវ​ចំណាយ​ពេលវេលា​យូរ ដោយ​មូលហេតុ​កំណើន​ខ្ពស់​នៃ​ចរាចរ​ទំនិញ​នាំចេញ​-​នាំចូល​, នីតិវិធី​ការងារ​មួយចំនួន​នៅមាន​ច្រើន​ដំណាក់កាល​, ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ពុំទាន់​ពេញលេញ និង​ភាព​អសកម្ម​ខ្លះ​របស់​តួអង្គ​ពាក់ព័ន្ធ ដែលជា​មូលដ្ឋាន​សម្រាប់​ពិនិត្យ និង​កែសម្រួល​ដោះស្រាយ​ការ​ប្រឈម​តាម​សមត្ថកិច្ច​រៀងៗ​ខ្លួន​។

ឯកឧត្ដម​បណ្ឌិត គុណ ញឹម បាន​ថ្លែងអំណរគុណ​ដល់​អង្គសិក្ខាសាលា​ទាំងមូល​ដែល​បាន​ចូលរួម​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​ឱ្យបាន​ផុសផុល​ជាមួយ​អ្នកជំនាញការ និង​ក្រុមការងារ​បច្ចេកទេស លើ​របាយការណ៍​លទ្ធផល​ដែល​បានរៀបចំ និង​បានផ្តល់​ធាតុ​ចូល​បន្ថែម ជាពិសេស​លើ​វិធានការ និង​ផែនការ​សកម្មភាព សម្រាប់​តួអង្គ​ពាក់ព័ន្ធ​យកទៅអនុវត្ត​ដើម្បី​បន្ត​កែលម្អ​នីតិវិធី​ការងារ និង​ធ្វើឱ្យ​ប្រសើរឡើង​បន្ថែមទៀត​នូវ​មុខងារ​ស្ថាប័ន ដើម្បី​ជំរុញ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ក្នុង​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការលើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​៕​ដោយ កូ​ឡាប​

×