ភ្នំពេញ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀន ឆ្លងដែន ពីប្រទេសឡាវ មកកម្ពុជា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ សារធាតុញៀនប្រភេទមេតំហ្វេតាមីន ២០១កញ្ចប់ធំ ទម្ងន់២០០គីឡូក្រាម ដោយចាប់ខ្លួនជនសង្ស័យ២នាក់។
ដោយអនុវត្តន៍តាមការដឹកនាំបញ្ជារផ្ទាល់របស់ឯកឧត្ដម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្ដម ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោក សួស សុខដារា ស្នងការនគរបាលខេត្តព្រះវិហារ បានចាត់តាំង ដឹកនាំស្រាវជ្រាវ និងបង្ក្រាប ។
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងជំនាញ(ក១) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង នាយកដ្ឋានស៊ើបការនិងបច្ចេកទេស ដោយមានការសម្របសម្រួលដឹកនាំ ពីឯកឧត្ដមព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូង ខេត្តព្រះវិហារ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ បានដំណើរការស្រាវជ្រាវ បង្ក្រាបករណីដឹកជញ្ជូន ជួញដូរ គ្រឿងញៀនឆ្លងដែន តាមផ្លូវទឹក លទ្ធផល ១-ចាប់ខ្លួនជនសង្ស័យ ២នាក់ ភេទប្រុស និងចាប់យកវត្ថុតាង សារធាតុញៀនប្រភេទមេតំហ្វេតាមីន ២០១កញ្ចប់ធំ ទម្ងន់២០០គីឡូក្រាម និងម៉ូតូកង់៣ (ឥណ្ឌា) ១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖បញ្ញាស័ក្តិ