Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំងឺ​គ្រុន​ឈី​ក កំពុង​រាតត្បាត​លើ ១២ ខេត្ត និង​បានកើត​ចំនួន ១.០២០ ករណី​

​ភ្នំពេញ​៖ តាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី ១ ខែសីហា ឆ្នាំ​២០២០ នេះ ជំងឺ​គ្រុន​ឈី​ក បាន​កំពុង​រាតត្បាត​លើ ១២ ខេត្តហើយ​នៅ​ប្រទេស​កម្ពុជា ។ ដោយយោង​ទៅតាម​របាយ​ការណ៍​ដដែល គិត​មកដល់​ត្រឹម​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ជំងឺ​គ្រុន​ឈី​ក​បានកើត​ចំនួន ១,០២០ ករណី ក្នុងនោះ ស្ត្រី​មាន​ចំនួន ៥៦២ នាក់ ស្មើនឹង ៥៥​ភាគរយ ។ អ្នកជំងឺ​ភាគច្រើន​សុទ្ធតែ​ព្យាបាល​ជាសះស្បើយ ។​

​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ការផ្ទុះ​ឡើង​នៃ​ជំងឺ​គ្រុន​ឈី​កនៅ​កម្ពុជា ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​គោរព​ជម្រាបជូន​សាធារណជន និង​អាជ្ញាធរ​គ្រប់ លំដាប់ថ្នាក់​ទាំង​អស់ពី ស្ថានភាព​ជំងឺ​គ្រុន​ឈី​កនៅ​កម្ពុជា ដែល​បាន និង​កំពុង​កើតមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​ចាប់ តាំងពី​ខែកក្កដា ឆ្នាំ​២០២០ ។​

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់ថា ស្ថានភាព​ជំងឺ​គ្រុន​ឈឺ​ក (​ជំងឺ​ឈី​ក​គន់​ហ្គ​ន់​យ៉ា​) ៖ យោងតាម​ប្រព័ន្ធ​អង្កេត​តាមដាន​ជំងឺគ្រុនឈាម​ថ្នាក់ជាតិ នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ​របស់​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ជំងឺ​គ្រុន​ឈី​ក បានចាប់ផ្តើម​កើត មាន​ឡើង​នៅក្នុង​ខែកក្កដា ឆ្នាំ​២០២០ ដែល​គិត​ត្រឹម​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ករណី​ឈឺ​ជំងឺ​នេះ​មាន​ចំនួន សរុប ១.០២០ ករណី ក្នុងនោះ ស្ត្រី​មាន​ចំនួន ៥៦២​នាក់ (៥៥%)​។ ចំនួន​ករណី​ជាង ៨០% គឺ​កើតមាន​ក្នុង​ខេត្ត​ចំនួន ៤៖ ខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ និង​កំពង់ចាម​។ ខេត្ត​ដែលមាន​ករណី​គ្រុន​ឈី​ក​ផ្សេងទៀត រួមមាន ឧ​ត្ត​រ​មានជ័យ ត្បូងឃ្មុំ តាកែវ កំពត កំពង់សោម ពោធិ៍សាត់ ស្ទឹងត្រែង និង​ប៉ៃលិន ដែល​សរុបមក​ដល់ពេលនេះ មាន ខេត្ត​ចំនួន ១២ ខេត្តហើយ​ដែលមាន​កើត​ជំងឺ​គ្រុន​ឈី​ក​នេះ​។

​លោកជំទាវ បានលើកឡើង​បន្ថែមទៀតថា វិធានការ​ការពារ​ជំងឺ​គ្រុន​ឈើ​ក (​ជំងឺ​ឈី​ក​គន់​ហ្គ​ន់​យ៉ា​) គឺ​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មានប្រសាសន៍ថា ៖ “ ការទប់ស្កាត់ និង ការការពារ​ជំងឺ​គ្រុន​ឈី​ក (CHIK) នេះ គឺ​វា​ដូច​និង​ជំងឺគ្រុនឈាម​ដែរ ដោយ​ផ្អែកទៅលើ​ការការពារ​កុំឱ្យ​មូស​ខ្លា​ញី​ខាំ តាមរយៈ​ការ លុបបំបាត់​វត្ថុ​ដក់​ទឹក ដែលជា​ជម្រក​នៃ​ការកកើត​សត្វ​មូស​នេះ​។ ដើម្បី​ការពារ​សុខភាព​ជៀសផុត​ពី​ការឆ្លង​ជំងឺ​គ្រុន​ឈី​ក ដោយសារ​សត្វ​មូស​ខ្លា​ញី​ខាំ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​នោះ ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ផ្តល់​អនុសាសន៍ និង​ធ្វើ​ការណែនាំ​ជូន​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ត្រូវ​បង្កើន​ការចូលរួម និង​ចលនា​កាត់បន្ថយ និង​ទប់ស្កាត់​ការកកើត​សត្វ​មូស តាមរយៈ​ការអនុវត្តន៍​នូវ​វិធានការ ដូចខាងក្រោម​៖

​វិធានការ​ទី​១ ៖ អាណាព្យាបាល មាតាបិតា កុមារា​កុមារី គ្រប់រូប​រួមទាំង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​សកម្ម ចូលរួម​កម្ចាត់​ដង្កូវទឹក​នៅតាម​ទីកន្លែង​ដែលមាន​ទឹក​ដក់ ដែល​ទុកចោល​មិន​ប្រើប្រាស់ ដូចជា​សម្បក​កង់ឡាន ម៉ូតូ សម្បក​ដប កំប៉ុង ត្រឡោក​ដូង ចានបាយ​សម្ល​ជ័រ កំប៉ុង​កាហ្វេ ត្រូវ​កប់ ឬ ដុត ឬ កម្ទេចចោល ឬ ទុកដាក់​ឲ្យ​មាន របៀប ដើម្បី​កុំ​ឲ្យ​មានទឹក​ដក់​។
​វិធានការ​ទី​២ ៖ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​រស់នៅ​ស្អាត ធ្វើ​អនាម័យ​ផ្ទះសម្បែង ផ្ទះ​មាន​ពន្លឺ​ចេញចូល ទុកដាក់​របស់របរ សម្លៀកបំពាក់​ក្នុង​ក្រៅ​ផ្ទះ​ឲ្យ​មាន​សណ្តាប់ធ្នាប់ លុបបំបាត់​ព្រៃ​ស៊ុបទ្រុប​ជុំវិញ​ផ្ទះ ដើម្បី​កាត់បន្ថយ​ជម្រក​សត្វ​មូស​មក​តោង​ជ្រក​ទុំ​ជិត​ខ្លួន​យើង ហើយ​ដែល​អាច​ងាយ​នឹង​ខាំ​យើង​។ អំឡុងពេល​ថ្ងៃ គឺ​ចាំបាច់​ត្រូវ​ស្លៀក​សម្លៀកបំពាក់​មាន​ដៃ​វែង​ជើងវែង សម្រាន្ត​ក្នុង​មុង​ជាប្រចាំ ទាំងថ្ងៃទាំងយប់ និង​មិនត្រូវ​អង្គុយលេង​នៅ​ជិត​ទីកន្លែង​ងងឹតៗ​នោះទេ​។​

​វិធានការ​ទី​៣ ៖ ករណី​មាន​រោគសញ្ញា​ក្តៅខ្លួន​ខ្លាំង​ភ្លាមៗ ត្រូវ​ប្រញាប់​នាំ​អ្នកជំងឺ​ទៅរក​សេវា​ពិនិត្យ និង ព្យាបាល​របស់​រដ្ឋ (​សេវាសាធារណៈ​) ដូចជា​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ ដែល​នៅ​ជិត​បំផុត ហើយ​សូមកុំ សាកល្បង​ព្យាបាល​អ្នកជំងឺ​គ្រុនក្តៅ​ខ្លាំង​ភ្លាមៗ​នេះ ដោយ​ខ្លួនឯង ឬ​ពន្យារពេល​តាមដាន​ព្យាបាល​ជំងឺ​កុង​សេវា​ឯក ជន​ដែល​គ្មាន​សមត្ថភាព​ផ្នែក​ជំងឺគ្រុនឈាម​នេះ​ឲ្យ​សោះ​។

​វិធានការ ទី​៤ ៖ គ្រប់​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំង​២៥ ត្រូវ​ចាត់ចែង​ការផ្តល់សេវា និង​កន្លែង​សម្រាក​ព្យាបាល​ជំងឺ​គ្រុន​ឈី​ក នៅក្នុង​មន្ទីរពេទ្យ​ឲ្យ​បានល្អ និង​ត្រូវបញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​ផ្សេងទៀត ក្នុងករណី ដែលមាន​អ្នកជំងឺ​ច្រើន​ហួស​សមត្ថភាព នៅក្នុង​មន្ទីរពេទ្យ​ណាមួយ ដោយ​មិន​ទុក​ឲ្យ​មានការ​យឺតយ៉ាវ​ក្នុងការ​ទទួលបាន​នូវ​សេវា​ពិនិត្យ និង​ព្យាបាល​ឡើយ​។​

​វិធានការ​ទី​៥ ៖ គ្រប់​មន្ទីរ​សុខាភិបាល​រា​ធានី -​ខេត្ត​ទាំង​២៥ ជំរុញ​ដោយមាន​កិច្ចសហការ ជាមួយ​ផ្នែក ពាក់ព័ន្ធ​ទាំងអស់ និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នៅក្នុង​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​ពិនិត្យ និង​ដាក់ចេញ​នូវ​វិធានការ​នានា ព្រមទាំង​ជំរុញ​ធ្វើការ​ផ្សព្វផ្សាយ សារ​អប់រំ​សុខភាព​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​គ្រុន​ឈី​ក និង​ចលនា​ឲ្យ​មានការ​គាំទ្រ ចូលរួម​យ៉ាងសកម្ម និង​ទូលំទូលាយ​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​នេះ​នៅក្នុង​សហគមន៍ ។

​ទន្ទឹមនឹងនោះ ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សូម​ធ្វើការ​អំពាវនាវ​ដល់​ស្ថាប័ន ក្រសួង មន្ទីរ ឬ​អង្គភាព​ពាក់ព័ន្ធ អង្គការ​សុខភាព​ពិភពលោក អង្គការ​មិនមែន​រដ្ឋាភិបាល សហគមន៍ជាតិ និង​អន្តរ ជាតិ​ទាំងអស់ ចូលរួម​ជួយ​អន្តរាគមន៍ និង​សហការ​ពេញលេញ ព្រមទាំង​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ ក្នុងការ​ចូលរួម​ជាតិ​ទាំងអស់ ចូលរួម​ជួយ​អន្តរាគមន៍ និង​សហការ​ពេញលេញ ព្រមទាំង​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ ក្នុងការ​ចូលរួម​ជាមួយ​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ របស់​ក្រសួងសុខាភិបាល ក៏ដូចជា​ជួយ​ដល់​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​គ្រុន​ឈី​ក​នៅតាម​សហគមន៍​ដែល​កំពុង​ផ្ទុះឡើង​នេះ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ចៀស​ផុតពី​ការរីក​រាតត្បាត​ពី​ការ​រាតត្បាត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​។​

ក្រសួងសុខាភិបាល សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ និង​អាជ្ញាធរ មូលដ្ឋាន ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុងការ​យកចិត្តទុកដាក់ អនុវត្តតាម​វិធានការ​ណែនាំ​ខាងលើ និង​សូម ប្រសិទ្ធិ​ពរជ័យ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​ទទួលបាន​នូវ​សុខ​ភាពល្អ​ទាំងអស់គ្នា ចៀស​ផុតពី​ការចម្លង​ជំងឺ​គ្រុន​ឈើ​ក​៕
​ដោយ​៖​កូ​ឡាប​

×