កោះរ៉ុង៖ ពលរដ្ឋប្រាប់ថា ទូកមួយគ្រឿង បានប៉ះរលកវាយបែកទូកលិចចូលក្នុងសមុទ្រនៅចំណុចឃ្លងឡទឹកត្រី ក្រុងកោះរ៉ុង វេលាម៉ោងជិត៤ល្ងាច ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។ សេចក្តីរាយការណ៍ថា មានមនុស្សនៅលើទូកនេះប្រមាណជាង១០នាក់ មានក្មេងមានចាស់ ត្រឡប់មកពីកម្មវិធីជប់លៀងមួយនៅ កោះរ៉ុង ។ សូមបញ្ជាក់ថា ទូករងគ្រោះបានលិចចូលក្នុងសមុទ្របាត់ហើយ។
បើតាមសេចក្តីជូនដំណឹងបឋម ដែលផ្សាយលើផេកហ្វេប៊ុកប្រជាជន ខេត្តព្រះសីហនុ បានបញ្ជាក់ថា ករណីទូកមួយគ្រឿង បានប៉ះរលកបែកទូកលិចចូលក្នុងសមុទ្រនៅចំណុចឃ្លងឡទឹកត្រី ក្រុងកោះរ៉ុង វេលាម៉ោងជិត៤ល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក្រោយទូកនោះលិច មនុស្សនៅលើទូកត្រូវបានជួយសង្គ្រោះបានទាំងអស់ហើយ មិនមានអ្នករងគ្រោះដល់ជីវិតទេ។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចថា មានមនុស្សនៅលើទូកនេះ ប្រមាណជាង១០នាក់ មានក្មេងមានចាស់ ដែលបានទៅចូលរួមកម្មវិធីជប់លៀងខួបកំណើតមួយនៅ កោះរ៉ុង ។ ក្រោយកើតហេតុ មានការជួយសង្គ្រោះដោយកម្លាំងនគរបាល និងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងអូប៊័រល្បឿនលឿនក្រុមហ៊ុន GTVC របស់លោកឧកញ៉ាទៀ វិចិត្រ និងទូកនេសាទ ស្ម័គ្រចិត្តមួយចំនួនទៀត។
រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរ និងបងប្អូនប្រជានេសាទទាំងអស់មេត្តាជ្រាបថា៖ ចាប់ពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០ សម្ពាធទាបសកម្មមួយបានកើតឡើងនៅលើសមុទ្រចិនខាងត្បូង ហើយបានវិវត្ត ទៅជាវិសម្ពាធទាប (Tropical Depression)។ វិសម្ពាធទាបនេះបានបង្កើនឥទ្ធិពលជាបន្តបន្ទាប់ទៅជាព្យុះទី ៣ ឈ្មោះ ស៊ីនឡាគូ (SINLAKU) ហើយបានបោកបក់មកកាន់តំបន់ភ្នំ និងឆ្នេរសមុទ្រកម្ពុជា បណ្តាលឱ្យ មានភ្លៀងធ្លាក់ច្រើន និងខ្យល់បក់បោកខ្លាំង។ ចំពោះស្ថានភាពអាកាសធាតុនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០មានភ្លៀងធ្លាក់ច្រើនប្រឈមនឹងជំនន់ទឹកភ្លៀង (Flash Flood) រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
ដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ រដ្ឋបាលខេត្តសូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន ដឹកជញ្ជូនដោយជលយាន ភ្ញៀវទេសចរ ប្រជាពលរដ្ឋ និងប្រជានេសាទទាំងអស់ សូមមានការប្រុងប្រយ័ត្ន ខ្ពស់ ហើយសូមផ្អាកការធ្វើដំណើរតាមផ្លូវទឹកក្នុងអំឡុងពេលនេះបើមិនមានការចាំបាច់ណាមួយ។ ដោយឡែកចំពោះអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្ត ទុកដាក់តាមដានស្ថានភាពទូទៅ ជួយផ្សព្វផ្សាយ អប់រំណែនាំដល់ប្រជាពលរដ្ឋ និងត្រៀមអន្តរាគមន៍ជួយដោះ ស្រាយបញ្ហានានាចំពោះមុខជាក់ស្តែង។
អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវទេសចរ បងប្អូនប្រជាពលរដ្ឋ និងប្រជានេសាទទាំងអស់មេត្តាជ្រាប ជាព័ត៌មាន៕ ដោយ៖កូឡាប