ភ្នំពេញ៖ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានបញ្ជាក់ថា ក្នុងកក្កដា ឆ្នាំ២០២០ បានត្រួតពិនិត្យរថយន្តសរុបចំនួន ១៥៧.២៦៩គ្រឿង និងប្រមូលថវិកាពិន័យបានចំនួន ៥៨៦.៦៩៥.០០០ រៀល នៃរថយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៤៦.៧៥២ គ្រឿង ស្មើនឹង ២៩,៧២%។
នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ បានដឹកនាំការប្រជុំបូកសរុបរបាយការណ៍ ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ប្រចាំខែកក្កដា ឆ្នាំ២០២០។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក អនុប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ សមាជិក សមាជិកាលេខាធិការដ្ឋាន និងប្រធាន អនុប្រធានស្ថានីយជញ្ជីងទាំង ២៨។
តាមរបាយការណ៍នៃការអនុវត្តការងារក្នុងខែកក្កដា ឆ្នាំ២០២០ មានរថយន្តត្រួតពិនិត្យសរុបចំនួន ១៥៧ ២៦៩គ្រឿង និងប្រមូលថវិការពិន័យបានចំនួន ៥៨៦ ៦៩៥ ០០០ រៀល នៃរថយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៤៦ ៧៥២ គ្រឿង ស្មើនឹង ២៩.៧២% ដែលក្នុងនោះ៖ – រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥% ចំនួន ៤៦ ៤៣២គ្រឿង – រថយន្តផ្ទុកលើសទម្ងន់ពី ៥% – ១០% ចំនួន ១៧គ្រឿង – រថយន្តផ្ទុកលើសទម្ងន់ពី ១០% – ២០% ចំនួន ២១១គ្រឿង – រថយន្តផ្ទុកលើសទម្ងន់លើសពី ២០% ៩២គ្រឿង។
ក្នុងកិច្ចប្រជុំនោះឯកឧត្តមរដ្ឋលេខាធិការ ជាប្រធានអង្គប្រជុំបានកោតសរសើរដល់មន្ត្រីតាមស្ថានីយដែលបាន ខិតខំអនុវត្តការងារ និងបានណែនាំដល់មន្ត្រីឱ្យពង្រឹងការអនុវត្តការងារឱ្យបានកាន់តែប្រសើរឡើងមួយកម្រិតទៀត ដោយប្រកាន់ភ្ជាប់នូវក្រមសីលធម៌ការងារ និងសហការល្អជាមួយដៃគូពាក់ព័ន្ធ។ ក្នុងទិសដៅការងារបន្ទាប់ ដើម្បីទប់ស្កាត់រថយន្តដែលគេចវេសមិនចូលស្ថានីយ និងបើកបរតាមផ្លូវវាងផ្សេងៗដែលមិនមានស្ថានីយជញ្ជីង ឯកឧត្តមបានអនុញ្ញាតឲ្យគ្រប់ស្ថានីយទាំងអស់ អាចចាប់អូសរថយន្តណាដែលបើកគេចស្ថានីយក្នុងរង្វង់ចម្ងាយ ៣ គីឡូម៉ែតមកថ្លឹងក្នុងស្ថានីយបាន និងជំរុញឲ្យក្រុមចល័តក្រសួងចេញប្រតិបត្តិការឲ្យបានឆាប់រហ័ស។
ទន្ទឹមនឹងនេះឯកឧត្តម ក៏បានឱ្យសិក្សា និងបង្កើតក្រុមប្រតិកម្មរហ័សសម្រាប់ឆ្លើយតប និងបន្សាបព័ត៌មានមិនពិតដែលប៉ះពាល់ ដល់ការអនុវត្តការងាររបស់មន្ត្រីជំនាញ ៕ដោយ៖កូឡាប