ភ្នំពេញ៖ តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន វៀតណាម VNA បានចេញផ្សាយថា តុលាការប្រជាជនខេត្តតៃនិញ ប្រទេស វៀតណាម បានសម្រេចកាត់ទោសប្រហារជីវិត ស្ត្រីខ្មែរម្នាក់ពីបទជួញដូរគ្រឿងញៀន ឆ្លងកាត់ព្រំដែនកម្ពុជា – វៀតណាម នា សវនាការ កាលពីថ្ងៃទី ៣១ ខែកក្កដា ។
ស្ត្រីរូបនេះមានឈ្មោះ មៀច ស្រីនាង កើតនៅឆ្នាំ១៩៩៣ រស់នៅរាជធានីភ្នំពេញ ត្រូវបានប៉ូលិសវៀតណាមចាប់ខ្លួននៅព្រំដែនអន្តរជាតិ បាវិត – ម៉ុកបៃ នាច្រកខាងខេត្តតៃនិញ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ។ ក្រោយឃាត់ខ្លួន ប៉ូលិសវៀតណាម បានរកឃើញថា បាន ជួញដូរថ្នាំញៀនប្រភេទមេតំហ្វេតាមីន៥កញ្ចប់ ទម្ងន់ជិត ៥.០០០ ក្រាម ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងប្រាប់កាសែតក្នុងស្រុកថា នៅក្នុងសំណុំរឿងស្ត្រីខ្មែរដែលត្រូវតុលាការវៀតណាម កាត់ទោសប្រហារជីវិត លើរូបនាងពីបទជួញដូរគ្រឿងញៀនឆ្លងដែន មិនទាន់បញ្ចប់ត្រឹមនេះនៅឡើយទេ ពោលគឺនៅសល់ដំណាក់កាលជម្រះក្ដីនៅថ្នាក់ឧទ្ធរណ៍បន្តទៀត។
ដំណាក់កាលឧទ្ធរណ៍ គឺមានជំនួយផ្នែកច្បាប់ពីក្រសួងយុត្តិធម៌កម្ពុជា ដើម្បីប្ដឹងជំទាស់សេចក្ដីសម្រេចរបស់តុលាការថ្នាក់ដំបូងរបស់វៀតណាម ដែលកាត់ទោសប្រហារជីវិតពីបទជួញដូរគ្រឿងញៀន។ មួយផ្នែកនៃសំណុំរឿងស្ត្រីខ្មែរនេះ អាចប្រើយន្តការផ្នែកច្បាប់ដែលមានស្រាប់រវាងកម្ពុជា និងវៀតណាម គឺកិច្ចព្រមព្រៀងធ្វើបត្យាប័ន និងផ្ទេរទណ្ឌិត។ ចំពោះការធ្វើបត្យាប័ន នោះកម្ពុជានឹងស្នើសុំយកមកផ្ដន្ទាទោស និងដំណើរការក្ដីនៅកម្ពុជា។ ចំណែកការផ្ទេរទណ្ឌិតវិញ សំដៅដល់ការប្រព្រឹត្តបទល្មើសនៅវៀតណាម ហើយទទួលបានការកាត់ទោសរួចរាល់ កម្ពុជាអាចស្នើសុំផ្ទេរទណ្ឌិត មកអនុវត្តទោសនៅកម្ពុជា។ ដូច្នេះសំណុំរឿងស្ត្រីខ្មែរដែលត្រូវតុលាការវៀតណាម កាត់ទោសប្រហារជីវិត លើរូបនាងពីបទជួញដូរគ្រឿងញៀនឆ្លងដែន អាចស្ថិតនៅក្នុងកិច្ចព្រមព្រៀងស្តីពីការផ្ទេរទណ្ឌិត។
ចំណែកលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងក្នុងផេកហ្វេសប៊ុកថា ខ្ញុំគាំទ្រឲ្យក្រសួងយុត្តិធម៌ខ្មែរ ស្នើសុំភាគីវៀតណាម យកស្ត្រីខ្មែរជាប់ចោទនៅវៀតណាមមកកាត់ទោសនៅខ្មែរវិញ ដោយសារតែប្រទេសខ្មែរយើងក៏ធ្លាប់បញ្ជូនអ្នកទោសបរទេសទៅប្រទេសដើមកំណើតគេវិញផងដែរ។ ក្នុងន័យនេះ ខ្ញុំមិនគាំទ្រមនុស្សធ្វើអំពើអាក្រក់នោះទេ ប៉ុន្តែខ្ញុំគាំទ្រការអនុវត្តន៍ច្បាប់កម្ពុជាលើពលរដ្ឋខ្មែរនៅលើទឹកដីកំណើតរបស់ខ្លួន ប៉ុន្តែបើពលរដ្ឋខ្មែរណាមានសញ្ជាតិគេហើយនោះគឺជារឿងដោយឡែក៕ដោយ៖បញ្ញាស័ក្តិ