ប្រទេសភីលីពីន នឹងធ្វើការដាក់ការរឹតបន្តឹងឡើងវិញនៅក្នុង និងជុំវិញរដ្ឋធានីម៉ានីលរយៈពេល ២សប្តាហ៍ចាប់ពីថ្ងៃអង្គារស្អែកដោយ ខណៈដែលប្រទេសកំពុងព្យាយាមទប់ស្កាត់ ការរីករាលដាលរបស់វីរុសកូរ៉ូណា ដែលបានហក់ឡើងលើស ១០០.០០០ករណីមកដល់ពេលនេះ។
Harry Roque អ្នកនាំពាក្យរបស់ប្រធានាធិបតី Rodrigo Duterte បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ប្រធានាធិបតី បានយល់ព្រមដាក់ទីក្រុងម៉ានីល និងខេត្តជិតដូចជា Laguna, Cavite, Rizal and Bulacan ក្រោមការរឹតបន្តឹងរហូតដល់ថ្ងៃទី ១៨ ខែសីហា។
អាជីវកម្ម និងការដឹកជញ្ជូនសាធារណៈមួយចំនួនក៏នឹងត្រូវបិទផងដែរ នៅក្នុងរដ្ឋធានី។
ការចាត់វិធានការរបស់ប្រធានាធិបតី Duterte បានកើតឡើង ក្រោយពេលមនុស្សមួយក្រុមមានគ្នា ៨០នាក់តំណាងឲ្យវេជ្ជបណ្ឌិត ៨០.០០០នាក់ និងគិលានុបដ្ឋាយិការរាប់លាននាក់បានស្នើឲ្យមានការគ្រប់គ្រងឲ្យបានតឹងរឹង ដោយពួកគេនិយាយថា ប្រទេសភីលីពីនកំពុងចាញ់ការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាហើយ។
លោក Duterte ថ្លែងទៅកាន់ក្រុមវេជ្ជបណ្ឌិតជួរមុខដូច្នេះថា “ខ្ញុំបានលឺពីអ្នក។ កុំអស់សង្ឃឹម។ ពួកយើងដឹងថាអ្នកហត់ខ្លាំងណាស់”។
សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ភីលីពីនបានរកឃើញការឆ្លងថ្មីចំនួន ៥.០៣២ករណី ដែលជាការឆ្លងថ្មីប្រចាំថ្ងៃខ្ពស់បំផុតនៅក្នុងប្រទេស។ តួលេខឆ្លងសរុបនៅក្នុងប្រទេសកើនឡើងដល់ ១០៣.១៨៥នាក់ និងអ្នកស្លាប់មាន ២.០៥៩នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters