គណៈមេធាវីហុងកុង បាននិយាយថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលហុងកុង ក្នុងការពន្យារពេលបោះឆ្នោតរយៈពេល ១ឆ្នាំដោយសារតែបញ្ហាវីរុសកូរ៉ូណា អាចជារឿងខុសច្បាប់។
មេដឹកនាំហុងកុង អ្នកស្រី Carrie Lam កាលពីថ្ងៃសុក្រ បានធ្វើការពន្យារពេលបោះឆ្នោតក្រុមប្រឹក្សានិតិបញ្ញតិ ដោយលើកឡើងហេតុផលគ្រោះថ្នាក់ដល់សុខភាពសាធារណៈ។
ច្បាប់បោះឆ្នោតនៅហុងកុងអនុញ្ញាត ឲ្យមានការពន្យារពេលបោះឆ្នោត រយៈពេលត្រឹម ១៤ថ្ងៃប៉ុណ្ណោះ ប៉ុន្តែច្បាប់នៅសម័យអាណានិគមន៍ បានផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាលទូលំទូលាយ ក្នុងករណីមានការគំរាមកំហែងដល់សុវត្ថិភាពសាធារណៈ។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃអាទិត្យម្សិលមិញនេះ គណៈមេធាវីហុងកុងនិយាយថា ច្បាប់បោះឆ្នោតមានលក្ខណៈកាន់តែថ្មី និងកាន់តែច្បាស់ នៅពេលនិយាយអំពីគ្រោះថ្នាក់សុខភាពសាធារណៈ នៅពេលបោះឆ្នោត ហើយជាទូទៅ គួរមានអាទិភាពលើច្បាប់ចាស់។
សេចក្តីប្រកាសនិយាយទៀតថា ការប្រើប្រាស់ច្បាប់គ្រោះអាសន្ន ដើម្បីយកមកពន្យារពេលបោះឆ្នោតអាចជាការខុសច្បាប់។
សូមបញ្ជាក់ថា ហុងកុងគ្រោងរៀបចំការបោះឆ្នោតក្រុមប្រឹក្សានីតិប្បញ្ញតិ្តនៅថ្ងៃទី ៥ ខែកញ្ញា ខាងមុខ ប៉ុន្តែត្រូវរដ្ឋាភិបាលប្រកាសពន្យារពេល ដែលធ្វើឲ្យអ្នកគាំទ្រប្រជាធិបតេយ្យខឹងយ៉ាងខ្លាំង។
ការិយាល័យកិច្ចការហុងកុង និងម៉ាកាវ របស់ក្រុមប្រឹក្សារដ្ឋចិនបាននិយាយក្នុងសេចក្តីប្រកាសថា “ការពន្យារពេលជាការចាំបាច់ សមហេតុផល និងស្របច្បាប់”។
អ្នកស្រី Carrie Lamនិយាយថា ការសម្រេចចិត្តនោះជាជម្រើសដ៏លំបាកបំផុត ដែលគាត់បានធ្វើក្នុងរយៈពេល ៧ខែចុងក្រោយ ប៉ុន្តែគាត់ថា វាមានគោលបំណងការពារសុខភាពរបស់ប្រជាពលរដ្ឋ។
ទីក្រុងហុងកុង ត្រូវបានអង់គ្លេសប្រគល់ទៅឲ្យចិនវិញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀងមួយ ដែលផ្តល់សេរីភាព និងស្វ័យភាពកម្រិតខ្ពស់ដល់ទីក្រុងហុងកុងរយៈពេល ៥០ឆ្នាំ។ ហុងកុងជាផ្នែកមួយរបស់ចិន ប៉ុន្តែហុងកុងមានប្រព័ន្ធដឹកនាំដោយឡែកពីចិន៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters