ភ្នំពេញ៖ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យអំពីលទ្ធភាពរបស់ប្រទេសយើងក្នុងការផលិតចំណីសត្វ តម្លៃអគ្គិសនី បញ្ហាប្រឈមពាក់ព័ន្ធ SME ដើម្បីបង្កើនភាពម្ចាស់ការ ការវិនិយោគក្នុងស្រុក កាត់បន្ថយការនាំចូលនិងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំកិច្ចប្រជុំតុមូល ស្តីពី ផលិតកម្មចំណីសត្វសម្រាប់ឧស្សាហកម្មក្នុងស្រុក និងកសិដ្ឋាន។
ក្នុងកិច្ចប្រជុំតុមូលស្តីពី ផលិតកម្មចំណីសត្វសម្រាប់ឧស្សាហកម្មក្នុងស្រុក និងកសិដ្ឋាននេះ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅព្រឹកថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២០ ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។
ការរៀបចំកិច្ចប្រជុំតុមូលជាមួយអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់រួមទាំងវិស័យឯកជនផងដែរ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យអំពីលទ្ធភាពរបស់ប្រទេសយើងក្នុងការផលិតចំណីសត្វ តម្លៃអគ្គិសនី បញ្ហាប្រឈមពាក់ព័ន្ធ SME ដើម្បីបង្កើនភាពម្ចាស់ការ ការវិនិយោគក្នុងស្រុក កាត់បន្ថយការនាំចូល និងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋជាដើម ដែលទទួលអនុវត្តន៍ស្របទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានលើកឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកសិករ វារីវប្បករនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីទឹកសាបបាទី កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅស្រុកពាមរក៍ ខេត្តព្រៃវែង ។
កិច្ចប្រជុំតុមូលនាពេលនេះ បានធ្វើការពិភាក្សាលើបញ្ហាប្រឈមទាំងឡាយរបស់កសិករនៅក្នុងខ្សែច្រវ៉ាក់នៃការចិញ្ចឹមសត្វ និងការធ្វើវារីវប្បកម្ម ដើម្បីឈានទៅដល់ការធ្វើផលិតកម្មរបស់ខ្លួន ប្រកបដោយការប្រគួតប្រជែងបាន ជាមួយប្រទេសជិតខាង ដោយបានជាសំខាន់ លើប្រធានបទដូចខាងក្រោម៖ ១. លើកកម្ពស់ផលិតភាពផលិតកម្មចំណីសត្វ ក្នុងស្រុក ប្រកបដោយគុណភាព ឲ្យបានគ្រប់គ្រាន់ និងមានភាពប្រគួតប្រជែង។ ២. ធានាបរិមាណផ្គត់ផ្គង់សាច់សត្វ និងត្រី ឱ្យដល់ទីផ្សារក្នុងស្រុកគ្រប់គ្រាន់ ប្រកបដោយគុណភាព និងសុវត្ថិភាព។ ៣. ចូលរួមលើកកម្ពស់កម្រិតជីវភាព របស់អ្នកចិញ្ចឹមរបស់កសិករ ។ ៤. ពង្រីកសក្តានុពល វិនិយោគ លើការបង្កើតកសិដ្ឋានចិញ្ចឹមសត្វ រោងចក្រផលិតចំណីសត្វ ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងបង្កើតការងារនៅមូលដ្ឋានផ្ទាល់៕
ដោយ៖កូឡាប