ភ្នំពេញ៖ លោកឧកញ៉ា សង ថន ត្រូវបាននាំខ្លួនចេញពីពន្ធនាគារ មកតុលាការ ដើម្បីសាកសួរ លើសំណុំរឿងចំនួន៤បន្ថែមទៀត។ លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ខែសីហាឆ្នាំ២០២០ ជាអ្នកសាកសួរ លោកឧកញ៉ា សង ថន មុននឹងឈានទៅដល់ជំនុំជម្រះលើកអង្គសេចក្តី ដើម្បីផ្តន្ទាទោសទៅតាមច្បាប់។
បន្ទាប់ពីចាប់ខ្លួនជនជាប់ចោទដែលមានអាយុ៧០ឆ្នាំរូបនេះ ត្រូវបានលោកចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទចំនួន៤បទល្មើស រួមមានគឺទី១. បទ ប្រើប្រាស់ឯកសារសាធារណៈក្លែង។ ទី២.បទ ផ្តើមគំនិតក្នងបទបំផ្លិចបំផ្លាញដោយចេតនា ។ ទី៣.បទ គៃបំបាត់ដោយទុចរិត និងទី៤.បទសូកប៉ាន់តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
តាមក្រមព្រហ្មទណ្ឌឆ្នាំ២០០៩, មាត្រា៥៩៤បទស៊ីសំណូក ត្រូវដាក់ពន្ធនាគារពី៧ឆ្នាំដល់១០ឆ្នាំ។ មាត្រា៦០១ បទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុចរិត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ។ មាត្រា ៦០៥ បទសូកប៉ាន់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ។ មាត្រា៦៣០ បទប្រើប្រាស់ឯកសារសាធារណៈក្លែង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យពី៤លានរៀ់លទៅ១០លានរៀល ប្រសិនបើតុលាការរកឃើញកំហុសដូចបទចោទខាងលើពិតមែន។
សូមជម្រាបថា ជនត្រូវចោទឈ្មោះ សង ថង ត្រូវបានចៅក្រមស៊ើបសួរសម្រេចចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ រួមជាមួយជនត្រូវចោទម្នាក់ទៀត ឈ្មោះ ស៊ូ អារ៉ាហ្វាត់ ជាអតីតអភិបាលរងខេត្តបាត់ដំបង ដោយជាប់ចោទពីបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត បទស៊ីសំណូក។
បើតាមអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលើកឡើងថា ការឃាត់ខ្លួនជនទាំងពីរនាក់នេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ។ ឧកញ៉ារូបនោះ មានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
គួររំលឹកថា កាលពីព្រលប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះថា លោក ស៊ូ អារ៉ាហ្វាត់ អតីតអភិបាលរងខេត្តបាត់ដំបង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាំមកកាន់ស្នាក់ការនៅភ្នំពេញ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធនឹងអំពើពុក រលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ។ អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានឃាត់ខ្លួនលោក ស៊ូ អារ៉ាហ្វាត់ អតីតអភិបាលរងខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការថ្នាក់ខេត្តដោះស្រាយវិវាទដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបងនេះ និងលោកឧកញ៉ា សង ថន ត្រូវអង្គភាព ACU ឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នេះដែរ ៕ ដោយ៖ ស័ក្តិ