ភ្នំពេញ៖ ឯកឧត្តម ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាបានបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលី នឹងបន្តផ្តល់ហិរញ្ញប្បទានមកកម្ពុជា ក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជា និងដោះស្រាយ ផលប៉ះពាល់នៃជំងឺកូវី-១៩ តាមរយៈផែនការអភិវឌ្ឍន៍របស់អូស្ត្រាលីសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ កម្ពុជា ដែលនឹងចាប់អនុវត្តក្នុងឆ្នាំ២០២០-២០២១ និង ឆ្នាំ២០២១-២០២២ ។
បើតាមសេចក្តីប្រកាសព័ត៌មាន នារសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួលជួបពិភាក្សាការងារ និងសំដែងការគួរសមជាមួយឯកឧត្ដម Pablo KANG ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ។
ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូ ឈៀង យ៉ាណារ៉ា បានស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរដល់ ឯកឧត្ដម Pablo KANG ដែលទទួលបានការតែងតាំងជាឯកអគ្គរាជទូតអូស្ដ្រាលីថ្មីប្រចាំកម្ពុជា និងបានឆ្លៀតពេលវេលាដ៏មានតម្លៃមកកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
ឯកឧត្តម Pablo KANG បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលធ្វើ ឱ្យកម្ពុជាសម្រេចបានវឌ្ឍនភាពសង្គម សេដ្ឋកិច្ចពិសេសសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យម កម្រិតទាប និងបានដាក់ចេញនូវគោលនយោបាយ និងវិធានការដ៏ត្រឹមត្រូវក្នុងការគ្រប់គ្រងបាននូវការរីក រាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជារក្សាបានស្ថិរភាពសេដ្ឋកិច្ច ។
ឯកឧត្តម បានបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលី នឹងបន្តផ្តល់ហិរញ្ញប្បទានមកកម្ពុជាដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជា និងដោះស្រាយ ផលប៉ះពាល់នៃជំងឺកូវី-១៩ តាមរយៈផែនការអភិវឌ្ឍន៍របស់អូស្ត្រាលីសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ កម្ពុជា ដែលនឹងចាប់អនុវត្តក្នុងឆ្នាំ២០២០-២០២១ និង ឆ្នាំ២០២១-២០២២ ។
ឯកឧត្តមរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិង ប្រជាជនអូស្ត្រាលីដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម – សេដ្ឋកិច្ចកម្ពុជាតាមរយៈការ អនុវត្តផែនការហិរញ្ញប្បទានសម្រាប់វិនិយោគនៅកម្ពុជា និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីដែល បាននឹងកំពុងគាំទ្រកម្ពុជាយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ច ។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានបញ្ជាក់ថាការរៀបចំផែនការអភិវឌ្ឍន៍របស់អូស្ត្រាលីសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជា បានបញ្ជាក់អំពីការប្តេជ្ញាខ្ពស់របស់រដ្ឋាភិបាលអូស្ត្រាលីចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាព ជាដៃគូរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ ។
គួរបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២-២០១៩ រដ្ឋាភិបាលអូស្ត្រាលីបានបើកផ្តល់ហិរញ្ញប្បទានឥតសំណង ប្រមាណ ១.០៣៩ លានដុល្លារអាមេរិក ដោយផ្តោតលើវិស័យអាទិភាព ៤ គឺ កសិកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, អប់រំ និងសុខាភិបាល និងអភិបាលកិច្ច ។ ជាក់ស្តែង បច្ចុប្បន្នរដ្ឋាភិបាលអូស្ត្រាលី បាននឹងកំពុងអនុវត្ត គម្រោង / កម្មវិធីសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
១. កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មដំណាក់កាល ទី២ មានទំហិរញ្ញប្បទាន ៨៤ លានដុល្លារអូស្ត្រាលី ២. កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ មានទំហំហិរញ្ញប្បទាន ៤៩ លានដុល្លារអូស្ត្រាលី ៣. គម្រោងលើកកម្ពស់គុណភាពនិងសមភាពសុខាភិបាល មានទំហំហិរញ្ញប្បទាន ៥០ លានដុល្លារអូស្ត្រាលី ៤. គម្រោងកែលម្អផ្លូវជនបទ ដំណាក់កាលទី២ មានទំហំហិរញ្ញប្បទាន ២២,៦ លានដុល្លារអូស្ត្រាលី ៥. កម្មវិធីបោសសំអាតមីនដើម្បីលទ្ធផល ដំណាក់កាល ទី៣ មានទំហំហិរញ្ញប្បទាន ៩ លានដុល្លារអូស្ត្រាលី ៦. កម្មវិធីអត្តញ្ញណកម្មគ្រួសារក្រីក្រ មានទំហំហិរញ្ញប្បទាន ៧.៣៣ លានដុល្លារអូស្ត្រាលី ៧. គម្រោងអភិវឌ្ឍន៍ធនធានមនុស្សសិក្សានៅប្រទេសអូស្ត្រាលី ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិត ប្រមាណ ៥០នាក់ក្នុងមួយឆ្នាំ និងវគ្គសិក្សាខ្លី មានទំហំហិរញ្ញប្បទាន ១៨ លានដុល្លារអូស្ត្រាលី ៨. គម្រោងពន្លកចំណេះ មានទំហំហិរញ្ញប្បទាន ២,៩ លានដុល្លារអូស្ត្រាលី ៩. កម្មវិធីសេវាប្រកបដោយសមធម៌ និងនិរន្តភាព មានទំហំហិរញ្ញប្បទាន ១៥ លានដុល្លារអូស្ត្រាលី ។ សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតក្នុងបរិការណ៍នៃការរីករាលដាលជំងឺក្បឿង-១៩ ផែនការ អភិវឌ្ឍន៍របស់អូស្ត្រាលីសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩នៅកម្ពុជានឹងផ្តោតលើអាទិភាព ៣ គឺៈ ការធានា សន្តិសុខផ្នែកសុខាភិបាល (Health Security), miindimnags (Stability) និងការស្តារសេដ្ឋកិច្ច (Economic Recovery) ។ តាមរយៈការអនុវត្តផែនការអភិវឌ្ឍន៍នេះ រដ្ឋាភិបាលអូស្ត្រាលី នឹងចូលរួមគាំទ្ររាជរដ្ឋា ភិបាលបន្ថែមទៀតក្នុងការអនុវត្តវិធានការនានាដើម្បីឆ្លើយតបនឹងផលប៉ះពាល់នៃជំងឺកូវី-១៩ ពិសេសការ ពង្រឹងប្រព័ន្ធសុខាភិបាល , ការចូលរួមអនុវត្តគោលនយោបាយសន្តិសុខសង្គម និងការគាំទ្រផ្នែកសេដ្ឋកិច្ច ។
ដើម្បីធានាសង្គតិភាព និងអភិក្រមនៃការអនុវត្ត ភាគីទាំងពីរបានឯកភាពរៀបចំកិច្ចប្រជុំអន្តរក្រសួង នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ដើម្បីប្រមូលធាតុចូលបន្ថែមពីក្រសួង និងស្ថាប័នពាក់ព័ន្ធលើសេចក្តីព្រាងផែនការអភិវឌ្ឍន៍ របស់អូស្ត្រាលីសម្រាប់ឆ្លើយតបនឹងជំងឺកូវី-១៩ នៅកម្ពុជា ៕ ដោយ៖កូឡាប