លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ដំណាក់កាលទី១៖ “កម្ពុជាស្កេន ឃ្យូអរកូតនៅក្នុងប្រទេសសិង្ហបុរី” នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសនៃព្រឹត្តិការណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។
ការដាក់ឱ្យដំណើរការជាផ្លូវការនៃការទូទាត់ឆ្លងដែនតាមឃ្យូអរកូតនេះ នឹងផ្ដល់លទ្ធភាពឱ្យប្រជាជនកម្ពុជាដែលមានគណនីជាប្រាក់រៀល អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញនិងសេវា ងាយស្រួល រហ័ស និងសុវត្ថិភាព នៅពេលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដោយប្រើប្រាស់កម្មវិធីទូទាត់បាគង ឬ កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលជាសមាជិកបាគង ដើម្បីស្កេនទូទាត់តាម RoamQR របស់ពាណិជ្ជករ SGQR នៅទូទាំងប្រទេសសិង្ហបុរី។
បើតាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា នាព្រឹកថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃុំអរកូតរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសិង្ហបុរី (ដំណាក់កាលទី១៖ កម្ពុជាស្កេន ឃ្យូអរកូតនៅក្នុងប្រទេសសិង្ហបុរី) នៅក្នុងឱកាស នៃព្រឹត្តិការណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។
ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដំណាក់កាលទី១នេះ នឹង ផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជាដែលមានគណនីធនាគារជាប្រាក់រៀល អាចធ្វើប្រតិបត្តិការទូទាត់ ថ្លៃទំនិញនិងសេវា នៅពេលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដោយប្រើប្រាស់កម្មវិធីទូទាត់បាគង ឬ កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលជាសមាជិកបាគង ដើម្បីស្កេនទូទាត់ តាម RoamQR របស់ពាណិជ្ជករ SGQR នៅទូទាំងប្រទេសសិង្ហបុរី ប្រកបដោយភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព។
កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរីនេះនឹង រួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ និងការកាត់បន្ថយតម្រូវការក្នុងការប្តូររូបិយប័ណ្ណក៏ដូចជាការប្រើប្រាស់ប័ណ្ណទូទាត់ ដោយផ្តល់លទ្ធភាពក្នុងការធ្វើប្រតិបត្តិឡើងទូទាត់ភ្លាមៗ។ ការណ៍នេះពិតជាចាំបាច់ណាស់ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពរវាងប្រទេសទាំងពីរ។
គម្រោងទូទាត់ឆ្លងដែននេះ ផ្តួចផ្តើមឡើងដោយមានដៃគូសហការក្នុងវិស័យឯកជនរួមមាន ធនាគារ អេស៊ីលីដា ភីអិលស៊ី ធនាគារហ្វីលីព ភីអិលស៊ី និងក្រុមហ៊ុនបណ្តាញទូទាត់ Liquid Group ដែលការណ៍នេះបានសបញ្ជាក់ពីការចូលរួមយ៉ាងសំខាន់របស់វិស័យឯកជន ក្នុងការជំរុញការតភ្ជាប់ការទូទាត់ឆ្លងដែនជាឌីជីថល ព្រមទាំងបានរួមចំណែកគាំទ្រដល់ការសម្រេចបាននូវទស្សនវិស័យរួមក្នុងការអភិវឌ្ឍអន្តរប្រតិបត្តិការទូទាត់ក្នុងតំបន់អាស៊ានប្រកបដោយបរិយាបន្ន ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់ធនាគារជាតិនៃកម្ពុជាក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការធ្វើសមាហរណកម្មជាក្នុងតំបន់ប្រកបដោយនវានុវត្តន៍៕ រក្សាសិទ្ធដោយ៖សុទ្ធលី





